ធនាគារ អ៊ូរី កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCo) ដើម្បីចាប់ផ្តើមគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និង ការរេចរឹលនៃព្រៃឈើ (REDD+)។
គម្រោងនេះនឹងដំណើរការរយៈពេល ៣០ ឆ្នាំ មានគោលបំណងលើកកម្ពស់ REDD+ (គម្រោងកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលនៃព្រៃឈើ ) និងការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល។
គម្រោងនេះនឹងចូលរួមការអភិរក្សផ្ទៃដីព្រៃដ៏មានទំហំប្រមាណ ៣០,២១៣ ហិកតានៅភាគខាងជើងនៃប្រទេសកម្ពុជា តាមបណ្តោយដងទន្លេមេគង្គ។ តំបន់នេះជាជម្រកសត្វព្រៃប្រហែល ២២០ ប្រភេទ ហើយត្រូវបានទទួលរងការគំរាមកំហែងដោយការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីពីសកម្មភាពដូចជា ការកាប់បំផ្លាញព្រៃឈើ និងការឈូសឆាយដី។
តាមរយៈការថែរក្សាព្រៃឈើ ធនាគារ អ៊ូរី សង្ឃឹមថា នឹងបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខដុមរមនាសម្រាប់ទាំងធម្មជាតិ និងមនុស្ស ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ២,៦ លានតោន (ជាមធ្យម ៨,៨ ពាន់តោនក្នុង ១ ឆ្នាំ) និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ភ្នំ និងជនបទ។
ធនាគារ អ៊ូរី គឺជាធនាគារកូរ៉េដំបូងគេដែលអនុវត្តគម្រោង REDD+ ដែលជាគំនិតផ្តួចផ្តើមជាសកល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយការពារការបំប្លែងព្រៃឈើ និងការរេចរឹលនៃព្រៃឈើក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយទាំងនេះជាមូលហេតុចម្បងនៃការអភិរក្សព្រៃឈើ និងការលើកកម្ពស់ការប្រមូលផ្តុំកាបូន។
ធនាគារ អ៊ូរី គ្រោងនឹងវិនិយោគឡើងវិញនូវប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ «ឥណទានកាបូន» ពីក្នុងអំឡុងពេលអនុវត្តគម្រោងទៅក្នុងគម្រោងផ្ទាល់ ដើម្បីធានាដល់ការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងព្រៃឈើ។
លោក Cho Byung-kyu ប្រធានការិយាល័យកណ្តាល ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានមានប្រសាសន៍ថា ៖«យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគម្រោងនេះ ដែលនឹងក្លាយជាករណីគំរូមួយសម្រាប់ការថែរក្សាព្រៃឈើរបស់ប្រទេសកម្ពុជា និងសម្រាប់ការលើកកម្ពស់ការរួមរស់ជាមួយគ្នា រវាងប្រព័ន្ធអេកូឡូស៊ី និងប្រជាជនក្នុងតំបន់»។
លោកបានបន្ថែមថា៖ «នៅពេលអនាគត ធនាគារ អ៊ូរី នឹងបន្តអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រង ESG (ការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល)ជាច្រើនទៀតដូចជា ការបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការអភិរក្សជីវចម្រុះ»៕
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។
ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារ បានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ ២០២២។
ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទានសម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៥៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប ១,៤ ពាន់លាន សំពៀតឥណទាន ១,២១២ លានដុល្លារ និងសមតុល្យសន្សំប្រាក់ បញ្ញើរហូតដល់ ៤៣៤ លានដុល្លារ៕