Grab ដែលជាកម្មវិធីទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការរួមបញ្ចូលសេវាទូទាត់ឌីជីថលរបស់ពួកគេតាមរយៈការទូទាត់ប្រាក់ ABA PayWay។
តាមរយៈកិច្ចសហការនេះ អ្នកប្រើប្រាស់ Grab នឹងមានលទ្ធភាពប្រើប្រាស់វិធីទូទាត់ប្រាក់ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា PayWay ដែលអនុញ្ញាតឱ្យប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ កាន់តែមានភាពងាយស្រួល។
ភាពជាដៃគូនេះបានណែនាំមុខងារ Account-on-File (AoF) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Grab ភ្ជាប់គណនី ABA របស់ពួកគេដោយសុវត្ថិភាពនៅក្នុងកម្មវិធី Grab។ មុខងារនេះអនុញ្ញាតឱ្យមានការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធដោយស្វ័យប្រវត្តិ និងមានសុវត្ថិភាព ម៉្យាងទៀតអ្នកប្រើប្រាស់អាចទូទាត់ប្រាក់យ៉ាងរលូន សម្រាប់ការប្រើប្រាស់សេវាកម្មធ្វើដំណើរ សេវាកម្មបញ្ញើរហ័ស និងសេវាកម្មដឹកជញ្ជូនអាហារជាដើម កិច្ចការនេះ គឺជួយធ្វើឱ្យដំណើរការទូទាត់ប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះទៀត Grab បានជ្រើសរើសយក ABA PayWay Plus ដែលដំណើរការដោយ CyberSource របស់ក្រុមហ៊ុន Visa ធ្វើជាមធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកថ្មីរបស់ខ្លួន សម្រាប់ដំណើរការរាល់ការទូទាត់ តាមប័ណ្ណឥណទានទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ក្នុងស្រុកនេះ គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងប្រតិបត្តិការ និងបង្កើនភាពជឿជាក់របស់ Grab ខណៈដាក់បញ្ចូលនូវវិធីសាស្រ្តទូទាត់ប្រាក់ផ្សេងៗ រួមមាន ប័ណ្ណឥណទាន Visa, Mastercard និង UPI ។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖«តាមរយៈការចាប់ដៃគូជាមួយធនាគារ ABA យើងកំពុងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ជូនអ្នកប្រើប្រាស់របស់យើង នូវបទពិសោធន៍ទូទាត់ប្រាក់ឌីជីថលប្រកបដោយសុវត្ថិភាព និងរលូន។ ភាពជាដៃគូនេះគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំមកនូវគុណតម្លៃកាន់តែច្រើន ដល់អ្នកប្រើប្រាស់របស់យើង»។
ធនាគារ ABA ដែលស្គាល់ជាធនាគារនាំមុខក្នុងវិស័យធនាគារឌីជីថល បានបន្តនវានុវត្តន៍ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។
លោក Zokhir Rasulov នាយកសេវាធនាគារឌីជីថលមានប្រសាសន៍ថា ៖«យើងខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយ Grab ដើម្បីនាំយកដំណោះស្រាយការទូទាត់បែបឌីជីថលដ៏រលូន សុវត្ថិភាព និងងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ។ ភាពជាដៃគូនេះគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការពង្រឹងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់បង្កើនភាពងាយស្រួលដល់អតិថិជន និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស»។
លោកក៏បានបន្ថែមថា៖ «តាមការដាក់ដំណើរការមុខងារ Account-on-File របស់ ABA PayWay ទៅក្នុង អេប Grab យើងខ្ញុំកំពុងតែបង្កើនប្រតិបត្តិការប្រចាំថ្ងៃឱ្យកាន់តែរហ័ស និងងាយស្រួលដល់អ្នកប្រើប្រាស់រាប់លាននាក់។ យើងខ្ញុំនឹងបន្តបង្កើតនវានុវត្តន៍ជាមួយ Grab ក្នុងថ្ងៃអនាគតដើម្បីបំពេញតម្រូវការរបស់អតិថិជន និងគាំទ្រដល់ដំណើរការផ្លាស់ប្តូរផ្នែកឌីជីថលរបស់ប្រទេសកម្ពុជា»។
ABA PayWay អនុញ្ញាតឱ្យអាជីវកម្មក្នុងប្រទេសកម្ពុជាទទួលការទូទាត់តាមអនឡាញ ឬនៅក្នុងហាងផ្ទាល់ពីអេបធនាគារផ្សេងៗ និងកាតក្នុងស្រុក ឬកាតអន្តរជាតិ។ អតិថិជនអាចទូទាត់យ៉ាងងាយស្រួលជាប្រាក់រៀល និងប្រាក់ដុល្លារតាមរយៈ ABAPAY, KHQR, Visa, Mastercard, UPI, JCB, Alipay និង WeChat។ ជាមួយ ABA PayWay ក្រុមហ៊ុនអាចតាមដានប្រតិបត្តិការតាមពេលវេលាជាក់ស្តែង និងទទួលអត្ថប្រយោជន៍ពីការរួមបញ្ចូលដែលអនុលោម តាមស្តង់ដា PCI DSS យ៉ាងសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់គេហទំព័រ www.payway.com.kh។
អំពី Grab:
Grab គឺជាកម្មវិធីស្មាតហ្វូនឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយបម្រើការជាង ៧០០ ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជា ការខ្ចីប្រាក់ និងធានារ៉ាប់រងជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានបេសកកម្ម ដើម្បីជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ហើយប្រឹងប្រែងបម្រើគោលការណ៍ទាំងបី: ផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងបង្កើតឥទ្ធិពលវិជ្ជមានក្នុងសង្គម និងបរិស្ថាននៅអាស៊ីអាគ្នេយ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីផែនការ ពង្រីកអាជីវកម្មរបស់ Grab និងការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា សូមចូលទៅកាន់ www.grab.com/kh ឬ www.facebook.com/GrabKH ។
អំពីធនាគារ ABA:
ABAគឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុបប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។ធនាគារ ABA មាន ៩៩សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឱ្យធនាគារ ABA មានអតិថិជនជាង ៤លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយមានទ្រព្យសកម្មជាង ៣២១ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។