ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សម្រាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។ កម្មវិធីសម្ពោធ និងដាក់ដំណើរការ ជាផ្លូវការនៃកម្មវិធី GGEAR Dealer Portal នេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានដៃគូអាជីវកម្មចូលរួមអបអរសាទរ និងតេស្តសាល្បងប្រើប្រាស់ប្រមាណជាង ១០០ នាក់។
GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុប នឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាត់សាច់ប្រាក់បានត្រឹមត្រូវ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។
លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា៖ «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុប កំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។
លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្មតាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។
ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ស៊ឹង ប៉េងហួរ ម្ចាស់ហាងចែកចាយគ្រឿងអេឡិចត្រូនិច លឹម ងួន បានលើកឡើងថា GGEAR Dealer Portal បានជួយសម្រួលដល់ទំនាក់ទំនងបញ្ជាទិញគ្រឿងអេឡិចត្រូនិចច្រើន ព្រោះបានជួយកាត់បន្ថយពេលវេលា អាចមើលតម្លៃ និងមុខងាររបស់ផលិតផលបានយ៉ាងងាយស្រួល ហើយយើងអាចមើលឃើញរាល់ប្រតិបត្តិការចំណាយជាមួយក្រុមហ៊ុនយ៉ាងទូលំទូលាយ។
ជាមួយគ្នានេះ អ្នកស្រី ហេង ធានី អគ្គនាយការនៃក្រុមហ៊ុន Biz Solution មានប្រសាសន៍ថា មុននឹងបង្កើតកម្មវិធី GGEAR Dealer Portal នេះឡើង ក្រុមហ៊ុនបានសិក្សាយ៉ាងស៊ីជម្រៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប និងដៃគូអាជីវកម្មរបស់ពួកគេ ដើម្បីធានាថាការបង្កើតកម្មវិធីបញ្ជាទិញរបស់យើងផ្តល់ភាពងាយស្រួលពិតប្រាកដ មិនស្មុគស្មាញ និងទំនើបដើរទាន់បច្ចេកវិទ្យាថ្មីរបស់សាកលលោក។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កំពុងផ្តោតលើការចែកចាយផលិតផលរបស់ខ្លួនតាមរយៈ E-commerce ដូច្នេះ Biz Solution បានប្រឹងប្រែងធ្វើយ៉ាងបង្កើតបច្ចេកវិទ្យាមួយ ដែលផ្តល់ប្រយោជន៍ឱ្យម្ចាស់អាជីវកម្ម និងអតិថិជន ហើយសាមញ្ញ ងាយស្រួលប្រើ មិនចំណាយពេលវេលា និងថវិការច្រើន ហើយនេះជាគោលដៅដែលក្រុមហ៊ុនរបស់យើងចង់បាន និងជាតម្រូវការរបស់អតិថិជនយើងផងដែរ៕