ក្រុមហ៊ុន PIC TIRE Co., Ltd បានសម្ពោធផលិតផលសំបកកង់រថយន្តម៉ាក Sailun Tire ដ៏អស្ទារ្យនៅ ដឹព្រីមៀរ សែន សុខ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក ភ្ញៀវជាតិ អន្តរជាតិ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
រោងចក្រផលិតកង់រថយន្តម៉ាក Sailun Tire មានអាសយដ្ឋាននៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ផ្លូវជាតិលេខ១, ស្វាយតឿ, ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលផលិតសំបកកង់រថយន្តគុណភាពខ្ពស់ជាច្រើនប្រភេទ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
លោក គឹន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់ទូទៅក្រុមហ៊ុន PIC TIRE Co., Ltd បានមានប្រសាសន៍ថា៖ «គ្រប់ផ្នែកទាំងអស់នៅក្នុងរោងចក្រនេះ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាពសុទ្ឋសឹង តែជាជនជាតិខ្មែរ ហើយរោងចក្រ មានសមត្ថភាពផលិតសំបកកង់ក្នុងដំណាក់កាលទី១ដល់ទៅ ៣៥,០០០ គ្រាប់ក្នុងមួយថ្ងៃ និងនាំចេញរហូតដល់ ២៥,០០០ គ្រាប់ក្នុងមួយថ្ងៃ»។
«រោងចក្រទី២ កំពុងតែចាប់ផ្តើមដំណើរការផលិត និងរោងចក្រទី៣ កំពុងតែសាងសង់គ្រោងបញ្ចប់និងសម្ពោធនៅថ្ងៃទី១៨ ខែ វិច្ឆិការ ឆ្នាំ២០២៤ ខាងមុខនេះ។ បើយើងសរុបទិន្នន័យនៃការផលិតទាំង ៣រោងចក្រ គឺស្មើនឹង៣៣ លានគ្រាប់ឯណោះ ក្នុងមួយឆ្នាំ»។ លោក ឧត្តមមុនីស៊ីណាត បន្ថែមក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយភាពច្នៃប្រឌិត និងការត្រួតពិនិត្យគុណភាពដ៏ហ្មត់ចត់ ដើម្បីផលិតសំបកកង់រថយន្តម៉ាក Sailun Tire បំពេញតម្រូវការអតិថិជនដែលស្វែងរកផលិតផលសំបកកង់រថយន្តគុណភាពខ្ពស់ និងតម្លៃសមរម្យ។
ចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១, សំបកកង់រថយន្ត Sailun Tire ត្រូវបាននាំចេញជាបន្តបន្ទាប់ជាមធ្យមប្រមាណ ២៥,០០០ គ្រាប់ក្នុងមួយថ្ងៃ ទៅកាន់ប្រទេសប្រមាណ ៣២ រួមទាំងសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ហ្វីលីពីន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងនូវែលសេឡង់។
SAILUN ត្រូវបានផលិតឡើងដំបូងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០២។ បច្ចុប្បន្ន SAILUN ត្រូវបានចែកចាយទូទាំងសកលលោករហូតដល់ជាង ១៨០ ប្រទេស ក្នុងនោះរួមមានរោងចក្រផលិតសំបកកង់ឡានចំនួន ៩ រោងចក្រ ក្នុងនោះនៅប្រទេសចិនមាន ៥ រោងចក្រ នៅប្រទេសវៀតណាមមាន ២រោងចក្រ និងនៅកម្ពុជា មាន១ រោងចក្រ និង៣ ដំណាក់កាល។
ក្រៅពីរោងចក្រ, SAILUN ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ចំនួន ៤ ដែលមាននៅប្រទេសចិន សហគមន៍អឺរ៉ុប ប្រទេសកាណាដា និងប្រទេសវៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ SAILUN ក៏មានមជ្ឈមណ្ឌលលក់ចំនួន ១០ កន្លែងទៀតនៅទូទាំងពិភពលោក។
ត្រឹមរយៈពេល ២២ ឆ្នាំ SAILUN បានវិវត្តខ្លួនយ៉ាងឆាប់រហ័សអាចដណ្តើមយកចំណាត់ថ្នាក់លេខ១នៅប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ១១ នៅទីផ្សារទូទាំងពិភពលោកគិតត្រឹមចុងឆ្នាំ២០២៣។
រោងចក្រមានទំហំផ្ទៃដីសរុប ១២០ ហិចតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣៥០០ កន្លែង នាំមកនូវចំណេះ ជំនាញ បច្ចេកទេស។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រមួយនេះ បានសហការគ្នាចុះ MOU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដើម្បីបង្កើតឱ្យមានដេប៉ាតេម៉ង់ជំនាញថ្នាក់វិស្វករផ្នែកជ័រកៅស៊ូជាតិ ដែលជាជំនាញមួយមិនធ្លាប់មាននៅកម្ពុជាកន្លងមកនោះទេ។
លោក ឧត្តមមុនីស៊ីណាត ថ្លែងបន្ថែមថា៖«ក្នុងមួយថ្ងៃរោងចក្រ ប្រើប្រាស់ជ័រកៅស៊ូអស់ជាង ៥០០ តោន សម្រាប់តែដំណាក់កាលទី១ និងទី២ ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើដំណាក់កាលទី៣ ត្រូវបានផលិតទាំងស្រុងនោះ ក្នុងមួយឆ្នាំៗ ការប្រើប្រាស់ជ័រកៅស៊ូខ្មែរនឹងមានតម្រូវការច្រើន។ រោងចក្រមួយនេះ នឹងប្រើប្រាស់ជ័រកៅស៊ូសរុប រហូតដល់ទៅ ៣០% នៃទិន្នផលដំណាំកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជា ទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ៣រោងចក្រ វានឹងអាចប្រើប្រាស់ជ័រកៅស៊ូរហូតដល់ ៩០% នៃទិន្និផលដំណាំកៅស៊ូសរុបទៅហើយ»។
លោក ឧត្តមមុនីស៊ីណាត អំពាវនាវឱ្យអតិថិជនចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការដាំដំណាំកៅស៊ូ និងផ្តល់ស្នាមញញឹមដល់ប្រជាកសិករដំណាំកៅស៊ូខ្មែរ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយលោកបានញ្ជាក់ថា ៖«កត្តាទាំងនេះហើយ ដែលក្រុមហ៊ុន PIC TIRE បានប្រើពាក្យស្លោកមួយជាផ្លូវការថា «កសិផលជាតិ ផលិតផលជាតិ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ»៕