ភ្នំពេញៈ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសហគ្រិនស្ត្រីអាស៊ាន ជាលើកដំបូងបំផុត។ វេទិកា សហគ្រិនកំពូល និងពានរង្វាន់សហគ្រិនស្ដ្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ២០២៤ បានប្រកាសបើកនិងដំណើរការយ៉ាងរលូនរហូតដល់វគ្គចុងក្រោយនៃការប្រគល់រង្វាន់ដល់សហគ្រិនស្ដ្រីឆ្នើមកាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្ដមានប្រកាសបើកវេទិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាសហគ្រិនកំពូលនេះគឺជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងដោយប្រទេសកម្ពុជា ក្នុងការបង្កើតវេទិកាអាជីវកម្មអន្តរជាតិមួយដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅកម្ពុជា ដោយនាំយកអ្នកមានទេពកោសល្យខាងអាជីវកម្ម សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធមកពិភាក្សា សហការ និងផ្តួចផ្តើមអាជីវកម្មនានាក្នុងនិងពីប្រទេសកម្ពុជា។
វេទិកានៅឆ្នាំនេះមានគោលបំណងផ្តល់អំណាចដល់សហគ្រិនស្ត្រីអាស៊ានក្នុងគ្រប់វិស័យទាំងអស់។ គោលបំណងសំខាន់ៗរួមមានការបង្កើតវេទិកាថ្នាក់តំបន់ ការបង្កើនលទ្ធភាពទទួលបានសេវាពីស្ថាប័នហិរញ្ញវត្ថុ ការលើកកម្ពស់បណ្តាញសហគមន៍រឹងមាំ និងការផ្តល់មូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតថ្មីៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី ដោយបង្ហាញពីតួនាទីដ៏សំខាន់របស់ពួកគេទាំងក្នុងវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។
នៅក្នុងឱកាសនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសថា “ស្ត្រីជាបេះដូងនៃគ្រួសារ ស្មារតីសហគមន៍ និងមនសិការរបស់ប្រទេសជាតិ”។ លើសពីនេះទៅទៀត សម្ដេចក៏បានលើកយកនូវឧិ៍កាសនេះដើម្បីរំលេចនូវសក្ដានុពលស្ត្រី ដោយប្រជាជនប្រមាណ ៦០លាននាក់ដែលស្មើនឹង ៩.៨% នៃចំនួនប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូល គឺជាសហគ្រិនស្ត្រី និងជាម្ចាស់អាជីវកម្ម។
សម្តេចបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រស្ត្រី ដោយសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត និងសក្តានុពលរបស់ស្ត្រី។
បន្ទាប់ពីសុន្ទរកថាបើកកម្មវិធីរបស់នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំឈានមុខនៃវិស័យឯកជនបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗក្នុងគោលបំណងទាក់ទាញការវិនិយោគ។
ក្នុងជំនួបពិភាក្សានេះ សមាជិកក្រុមពិភាក្សាមកពីរាជរដ្ឋាភិបាល រួមមានឯកឧត្តមបណ្ឌិត ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឧស្សាហកម្ម និងឧត្តមសេនីយ៍ឯក ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចែករំលែកទស្សនៈយល់ឃើញស្តីពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ក្នុងអំឡុងពេលពិភាក្សានេះដែរ ឯកឧត្តមបណ្ឌិត ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាត្រូវតែប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគគ្រប់ដុល្លារ។ តួនាទីរបស់យើងជាការសម្របសម្រួលវិស័យឯកជន មិនមែនគ្រប់គ្រងវាទេ»។
លោកបានបន្តថា «កម្ពុជាផ្តល់នូវរបបវិនិយោគសេរី ដោយគ្មានការរឹតត្បិតលើកម្មសិទ្ធិបរទេស រួមទាំងមាននូវបរិយាកាសម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព»។
ក្នុងវេទិកានេះដែរ ទស្សនៈវិស័យឯកជនត្រូវបានចែករំលែកដោយអ្នកដឹកនាំវិស័យឧស្សាហកម្មលេចធ្លោនិងគួរឲកត់សម្គាល់មួយចំនួន។
អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge International Group បានមានប្រសាសន៍ថា «វិស័យឯកជនរបស់យើងគឺពឹងផ្អែកលើការនាំចូល ដោយសារផលិតកម្មក្នុងស្រុកមិនគ្រប់គ្រាន់ តែនេះហើយដែលជាឱកាសសម្រាប់អ្នកវិនិយោគទាំងអស់»។
រីឯពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ានវិញគឺមានជយលាភីរហូតទៅដល់ ១០០នាក់ដែលមកពីបណ្ដាលប្រទេសអាស៊ាន។ ក្នុងនោះដែរ កម្ពុជាបានឈ្នះពានរង្វាន់ច្រើនជាគឺ ២៣នាក់ បន្ទាប់មកថៃចំនួន ១១នាក់។ ប្រទេសឡាវ និងប្រ៊ុយណេមាន ១០នាក់ និង ៥នាក់ជាប់គ្នា។ ប្រទេសមីយ៉ាន់ម៉ាបានឈ្នះរង្វាន់ចំនួន ១២ គ្រឿង ខណៈម៉ាឡេស៊ីឈ្នះបាន ២ គ្រឿង ។ សិង្ហបុរី និងឥណ្ឌូនេស៊ីអ្នកឈ្នះចំនួន ៦ និង ១៨នាក់ហើយហ្វីលីពីនបានបង្គត់បញ្ជីដែលមានអ្នកទទួលរង្វាន់ចំនួន១៥៕