ក្រុមហ៊ុន កូហ្សេតែល (អនឡាញ) មានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមជាអ្នកឧបត្ថម្ភធំ (កម្រិតមាស - Gold Sponsor) ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី៩។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ជាព្រឹត្តិការណ៍កីឡាម៉ារ៉ាតុង (Full Marathon) ដ៏វិសេសវិសាលបំផុត ដែលរៀបចំឡើងក្នុងគោលបំណង ពង្រឹងសុខភាព មិត្តភាព វឌ្ឍនភាពវិស័យទេសចរណ៍ សន្ដិភាព និងកិត្យានុភាព របស់កម្ពុជាលើឆាកអន្ដរជាតិ។
ជាពិសេស សម្រាប់អ្នកស្រឡាញ់វិស័យកីឡាទាំងជាតិ និងអន្តរជាតិ ចូលរួមរត់ប្រណាំងតាមដងវិថីនៃតំបន់បេតិកភណ្ឌពិភពលោក ឆ្លងកាត់ប្រាសាទបុរាណ អមដោយទេសភាពដ៏ស្រស់ត្រកាល និងបរិយាកាសដ៏សែនមនោរម្យនៃព្រៃព្រឹក្សា។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ដោយមានការចូលរួម កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិប្រមាណជាង ៣០០០នាក់ មកពីបណ្ដាប្រទេសផ្សេងគ្នា ដែលជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប។
គណៈកម្មាធិការរៀបចំបានដាក់ ៤វិញ្ញាសា ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ ក្នុងនោះមាន៖ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៣គីឡូម៉ែត្រ។
ការចូលរួមឧបត្ថម្ភធំក្នុងព្រឹត្តការណ៍ម៉ារ៉ាតុងអន្តរជាតិមួយនេះ ផ្នែកមួយនៃការរួមចំណែកក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន កូហ្សេតែល (អនឡាញ)។
ក្រៅពីជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយអុិនធឺណិត និងទំនាក់ទំនងប្រកបដោយគុណភាពខ្ពស់ ក្រុមហ៊ុន កូហ្សេតែល (អនឡាញ) តែងតែសហការជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការក្នុងការផ្ដល់ផលវិជ្ជមានដល់ប្រទេសជាតិដូចជា យុទ្ធនាការសម្អាតទីក្រុង និងការចូលរួមក្នុងវិស័យអប់រំបណ្ដុះបណ្ដាលលើជំនាញព័ត៌មានវិទ្យាផងដែរ៕