ទីក្រុងហ្សឺណែវ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) បានបញ្ចប់សម័យប្រជុំលើកទី៥៨ របស់ខ្លួន (ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមេសា) បន្ទាប់ពីបានរៀបចំកិច្ចប្រជុំចំនួន ៥៨ លើក និងអនុម័តឯកសារចំនួន ៣២ ដែលលើកឡើងអំពីបញ្ហាតាមវិស័យ និងតាមប្រទេសជាក់លាក់។ សម័យប្រជុំនេះ មានការអញ្ជើញចូលរួមពីឥស្សរៈជនជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលចំនួន ៧៤រូប ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងសម័យប្រជុំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការប្រែក្លាយរបស់កម្ពុជាពីប្រទេសមានជម្លោះទៅជាប្រទេសដែលមានសន្តិភាព កំណើនសេដ្ឋកិច្ច និងការរួមចំណែក នៅក្នុងយន្តការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសិទ្ធមនុស្ស ដូចខាងក្រោម៖
-ការប្រែក្លាយរបស់កម្ពុជាពីមានជម្លោះទៅជាសន្តិភាព៖ បទពិសោធន៍របស់កម្ពុជាគឺជាសក្ខីភាពដ៏រឹងមាំមួយដែលបង្ហាញថា ជម្លោះអាចដោះស្រាយបាន យុត្តិធម៌អន្តរកាលអាចសម្រេចបាន ហើយអតីតតំបន់សង្រ្គាមអាចត្រូវបានផ្លាស់ប្តូរទៅជាទីនៃសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការប្រែក្លាយនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែស្ដែងចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
គោលនយោបាយ ´ឈ្នះ-ឈ្នះª របស់សម្ដេច មិនត្រឹមតែនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុងរាំរ៉ៃជាច្រើនទស្សវត្សរ៍ប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជាគ្រឹះសម្រាប់ការផ្សះផ្សាជាតិ ស្ថិរភាពរយៈពេលវែង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលគួរឱ្យស្ងើចសរសើរ៖ កម្ពុជាមានវឌ្ឍនភាពជាក់លាក់។អាយុសង្ឃឹមរស់បានកើនឡើងពី ៥៩ឆ្នាំក្នុងឆ្នាំ២០០០ ដល់ ៧៦ឆ្នាំក្នុងឆ្នាំ២០២១។ មុនពេលជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្ថេរជាង ៧% ជារៀងរាល់ឆ្នាំអស់រយៈពេលជាង ២ទសវត្សរ៍ ជាមួយនឹងអត្រាកំណើន ៦% នៅឆ្នាំ២០២៤។ ជាការគួរកត់សម្គាល់ ប្រទេសកម្ពុជា និងប្រទេសសេណេហ្កាល់ ត្រូវបានសម្រេចឱ្យចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។
-ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខសកល៖ ជោគជ័យរបស់កម្ពុជាលាតសន្ធឹងហួសព្រំដែនជាតិរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពជិត ១ ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ៨០០នាក់ ឱ្យទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ១១ប្រទេស។ ជំនាញក្នុងការបោសសម្អាតមីនរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបុព្វហេតុមនុស្សធម៌របស់សកលលោក។
ការធ្វើជាម្ចាស់ផ្ទះដ៏ជោគជ័យសម្រាប់សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រួមទាំងការជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការនៃគណៈកម្មការកសាងសសន្តិភាព (OPCBC) នាពេលថ្មីៗនេះ បានបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។
-កិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៖ កម្ពុជាបន្តចូលរួមយ៉ាងសកម្មជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងជុំទី៤ នៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារសិទ្ធិមនុស្ស ដោយទទួលយកអនុសាសន៍ជាង ៨៥% នៃអនុសាសន៍សរុបដែលបានទទួល។
លើសពីនេះ ការបន្តអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នាពេលថ្មីៗនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញការការពារសិទ្ធិមនុស្សឱ្យកាន់តែប្រសើរ និងការបើកចំហរបស់កម្ពុជាក្នុងការបន្តកិច្ចសន្ទនាប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិ។
ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃសម័យប្រជុំលើកទី៥៨ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្ស៊ឺណែវបានធ្វើសេចក្តីថ្លែងការណ៍ចំនួន ២២លើក ដែលបង្ហាញពីសមិទ្ធិផលក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ព្រមទាំងវឌ្ឍនភាពរបស់កម្ពុជាលើគ្រប់ផ្នែកនៃសិទ្ធិមនុស្ស ដូចជាផ្នែកស៊ីវិល នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍ។ គណៈប្រតិភូកម្ពុជាក៏បានចូលរួមនៅក្នុងវេទិកាជជែកដេញដោលទូទៅដែលពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តការងាររបស់ OHCHR និងក្រុមប្រឹក្សាសិទ្ធមនុស្ស និងការពិចារណាអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃទៀតផងដែរ។
ចំណុចសំខាន់មួយចំនួនដែលដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់កម្ពុជាក្នុងសម័យប្រជុំខាងលើរួមមាន៖
-សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៖ អស់រយៈពេលជាង ២៥ឆ្នាំកន្លងមក កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ដែលសមិទ្ធផលនេះភាគច្រើនបានមកពីគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។ ស្របតាមការប្តេជ្ញាចិត្តចំពោះគោលការណ៍ ´ការមិនទុកនរណាម្នាក់ចោលª កម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសំខាន់ៗ ដូចជាក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមសម្រាប់ឆ្នាំ ២០១៦-២០២៥ មូលនិធិសមធម៌សុខាភិបាល និងគោលនយោបាយជាតិស្តីពីមនុស្សចាស់សម្រាប់ឆ្នាំ ២០១៧-២០៣០ ដើម្បីគាំទ្រប្រជាជនដែលងាយរងគ្រោះ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។
-ការពង្រឹងផ្នែកច្បាប់ និងស្ថាប័ន៖ កម្ពុជាបានខិតខំប្រឹងប្រែងឥតងាករេ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ដើម្បីធានាថា បុគ្គលទាំងអស់ ជាពិសេសជនងាយរងគ្រោះបំផុត ទទួលបានសិទ្ធិ និងសេរីភាពពេញលេញ។ កម្ពុជាបានអនុវត្តវិធានការនានាក្នុងការលើកកម្ពស់នីតិរដ្ឋ ជម្រុញការទទួលបានយុត្តិធម៌ និងរួមបញ្ចូលសិទ្ធិមនុស្សទៅក្នុងគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ កម្ពុជាក៏បានផ្តល់សារៈសំខាន់ស្មើគ្នាទៅលើការលើកកម្ពស់សិទ្ធិក្នុងបរិបទសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយទទួលស្គាល់ថាសិទ្ធទាំងនេះដើរតួនាទីចំបងក្នុងការរួមចំណែកឱ្យមានការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងន័យធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
-យុត្តិធម៍សង្គម និងអភិបាលកិច្ចល្អ៖ កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារក្រុមងាយរងគ្រោះ។ កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់តម្លាភាព។ រាជរដ្ឋាភិបាលបានផ្តោតលើការកែលម្អការអប់រំ ការថែទាំសុខភាព និងការទទួលបានសេវាសាធារណៈសំខាន់ៗ ដោយធានាថា អត្ថប្រយោជន៍ទាំងនេះត្រូវបានចែករំលែកប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់។
-ការការពារសិទ្ធិកុមារ៖ កម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីការពារកុមារ រួមទាំងយុទ្ធនាការ ´ទំនាក់ទំនងគ្រួសាររឹងមាំª និងគម្រោង ´បញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀននៅកម្ពុជាª។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារឱ្យបានមុនឆ្នាំ២០៣០។
-ការលើកកម្ពស់សមភាពយេនឌ័រ៖ រាជរដ្ឋាភិបាលបានបោះជំហានយ៉ាងចាំបាច់មួយទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារក្រុមងាយរងគ្រោះ និងធានាថាមនុស្សគ្រប់រូបទទួលបានសិទ្ធិរបស់ពួកគេដោយគ្មានការរើសអើង។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាពយេនឌ័រត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលរួមចំណែកដល់ការកសាងសង្គមឱ្យកាន់តែមានភាពយុត្តិធម៌ និងសមធម៌ ហើយសិទ្ធិស្ត្រី និងកុមារីត្រូវបានគោរព និងការពារ។
-ការដោះស្រាយការប្រែប្រួលអាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសហគមន៍នៅលើសកលលោក។ កម្ពុជាអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអនុលោមតាមគោលការណ៍ទំនួលខុសត្រូវរួម ប៉ុន្តែទំហំនិងសកម្មភាពខុសគ្នា។ កម្ពុជាគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាសកល និងក្នុងតំបន់ស្តីពីការកាត់បន្ថយ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
-ការចូលរួមជាមួយសង្គមស៊ីវិល៖ កម្ពុជាមានសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកជាង ៦០០០ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការពារសិទ្ធិមនុស្ស និងជំរុញការអភិវឌ្ឍជនបទ។ រាជរដ្ឋាភិបាលបានផ្តល់បរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិល ដោយធានាបាននូវសេរីភាពក្នុងការបង្កើតសមាគម និងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនានា។
-សិទ្ធិជនជាតិភាគតិច និងបរិយាប័ន្ន៖ កម្ពុជាផ្តល់តម្លៃដល់សាមគ្គីភាពក្នុងការរួមរស់ចម្រុះគ្នា លើកកម្ពស់អត្តសញ្ញាណជាតិរួមគ្នា ដែលចាក់ឫសគល់នៅក្នុងវប្បធម៌ ប្រវត្តិសាស្ត្រ និងភាសាខ្មែរ ស្របគ្នានឹងការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ក្រុមជនជាតិភាគតិចចំពោះគ្រឹះសង្គមជាតិ។
កម្ពុជាបានអនុវត្តគោលនយោបាយជាច្រើន ដើម្បីធានាបរិយាប័ន្ននៃជនជាតិភាគតិចពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលអត្តសញ្ញាណជនជាតិភាគតិច តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់បរិយាប័ន្ន ការគោរព និងការទទួលស្គាល់តួនាទីរបស់ពួកគេក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេស។
-ការលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម៖ ការរើសអើងជាតិសាសន៍ និងការរើសអើងក្នុងទម្រង់ដទៃដែលពាក់ព័ន្ធ នៅតែបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងជាប់លាប់ ដែលតម្រូវឱ្យមានការបន្តយកចិត្តទុកដាក់ជាសកល និងការខិតខំប្រឹងប្រែងរួមបន្ថែមទៀត។ កម្ពុជាបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសង្គម និងការការពារគោលការណ៍មិនរើសអើង ដែលជាផ្នែកសំខាន់នៃការអភិវឌ្ឍជាតិ។
ឈរលើតម្លៃសមភាព សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក កម្ពុជាខិតខំលើកកម្ពស់ឯកភាពជាតិក្នុងសង្គមពហុជាតិសាសន៍ និងវប្បធម៌ចម្រុះរបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការរួបរួមគ្នាក្នុងបរិបទពិពិធភាព ធានាឱ្យមានឱកាសស្មើគ្នាសម្រាប់គ្រប់រូប និងអភិវឌ្ឍសង្គមមួយដោយផ្អែកលើការអត់ឱន ការគោរព និងបរិយាប័ន្ន។
-កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពក្នុងការពង្រឹងស្ថាប័នជាតិ និងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។ ជំនួយបច្ចេកទេសអាចមានប្រសិទ្ធភាពបាន លុះត្រាតែជំនួយនោះផ្តល់ឱ្យដោយផ្អែកលើតម្រូវការជាក់ស្ដែង ដោយមានការឯកភាពពេញលេញពីរដ្ឋនីមួយៗ និងផ្អែកលើការសន្ទនាពិតប្រាកដ។
ជំនួយនោះក៏ត្រូវស្របតាមអាទិភាពជាតិ និងគាំទ្រដល់ការអនុវត្តអនុសាសន៍ នៃកិច្ចប្រជុំត្រួតពិនិត្យជាសាកលតាមកាលកំណត់ (UPR) ដោយគោរពតួនាទី និងអធិបតេយ្យភាពរបស់រដ្ឋ ក្នុងនាមជាអ្នកកាន់កាតព្វកិច្ចចម្បងក្នុងការការពារសិទ្ធិមនុស្ស។ កម្ពុជាកោតសរសើរចំពោះតួនាទីរបស់ OHCHR ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពដល់កម្ពុជា និងទូទាំងពិភពលោក។
ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ការផ្តល់មូលនិធិឱ្យបានគ្រប់គ្រាន់ពិតជាមានភាពចាំបាច់ណាស់។ កម្ពុជាលើកទឹកចិត្តឱ្យរដ្ឋនានាផ្ដោតលើមូលនិធិស្ម័គ្រចិត្តសម្រាប់ជំនួយបច្ចេកទេស និងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ជំនួយដែលផ្អែកលើតម្រូវការជាក់ស្តែងរបស់រដ្ឋ ក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សឱ្យបានពេញលេញ។
ការចូលរួមរបស់កម្ពុជានៅក្នុងសម័យប្រជុំ HRC លើកទី៥៨ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពង្រឹងសន្តិភាព និងស្ថិរភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។
វឌ្ឍនភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងសន្តិភាព និងសិទ្ធិមនុស្ស បានផ្ដល់ជាគំរូសម្រាប់ប្រទេសដទៃទៀត និងបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការចូលរួមក្នុងន័យស្ថាបនានៅក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សអន្តរជាតិ។
នៅពេលដែលប្រទេសកម្ពុជាបន្តដំណើរឆ្ពោះទៅរកការក្លាយជាសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌ សមធម៌ និងបរិយាប័ន្ននោះ បានបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងមាគ៌ាស្វែងរកសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស៕