កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមហ៊ុន Acteus Group បានបរិច្ចាគម៉ាស់ N95 ចំនួន ១០ ០០០ ម៉ាស់ដល់អង្គការ Pour Un Sourire D’Enfant ឬហៅថាអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដើម្បីជួយដល់កុមារក្រីក្រ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩ នៅកម្ពុជា។
Acteus Smile គឺជាកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន Acteus Group។ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូរ៉ូណានៅជុំវិញពិភពលោក អាជីវកម្ម និងសាលារៀនត្រូវបានរងផលប៉ះពាល់ដោយសារការបិទទ្វារជាបណ្តោះអាសន្ន ហើយកុមារមួយចំនួនមិនមានលទ្ធភាពទទួលបានសម្ភារការពារត្រឹមត្រូវនោះទេ។
ក្នុងគ្រាដ៏លំបាកនេះ អង្គការសប្បុរសធម៌បានសហការជាមួយសហគមន៍ពាណិជ្ជកម្មអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបរិច្ចាគសម្ភារការពារមួយចំនួនដូចជាម៉ាស់ជាដើម ដើម្បីធានាថាមានការផ្គត់ផ្គង់សម្ភារទាំងនោះគ្រប់គ្រាន់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ។
លោក Pierre Combedimanche អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Acteus បានថ្លែងថាកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្មវិធី Acteus Smile និងអង្គការ PSE គឺដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ការបរិច្ចាគនៅថ្ងៃនេះគឺជាផ្នែកមួយរបស់កម្មវិធី Acteus Smiles ក្នុងការចូលរួមចំណែករបស់ខ្លួន ដើម្បីជួយលើកកម្ពស់សុវត្ថិភាពកុមារកម្ពុជាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩»។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយលោកស្រី Marie-France និងលោក Christian des Pallières អង្គការ SPE គឺជាអង្គការ ក្រៅរដ្ឋាភិបាលមួយមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ ដែលផ្តោតលើតម្រូវការរបស់កុមារកម្ពុជា ដើម្បីផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ ដូច្នេះពួកគេអាចចូលរួមចំណែកដល់សង្គមជាតិបានយ៉ាងវិជ្ជមាន។
លោកស្រី Marie-France des Pallières មានប្រសាសន៍ថា៖ «គោលដៅរបស់យើងគឺផ្តល់ការថែទាំ និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគេទទួលបានការបណ្តុះបណ្តាលពេញលេញ ជាមួយជំនាញសម្រាប់ការងារដែលមានប្រាក់ខែល្អ និងមានគុណភាព។ បច្ចុប្បន្នមានអតីតសិស្សប្រហែល ៤ ៥០០ នាក់កំពុងបំពេញការងារបែបនេះ។ យើងផ្តល់អាហារ ៦ ០០០ កញ្ចប់ក្នុង ១ ថ្ងៃផ្តល់ការប្រឹក្សាសុខភាព ១ ៥០០ នាក់ក្នុង ១ សប្តាហ៍ និងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២០ វគ្គ»។
បេសកកម្មរបស់ពួកគេត្រូវបានសង្ខេបដោយពាក្យ «ចេញពីភាពក្រីក្រ..ទៅដល់ភាពរុងរឿង!» ដោយពាក្យស្លោកនេះបានជំរុញបុគ្គលិកចំនួន ៦០០ នាក់របស់ពួកគេឱ្យផ្តល់សេវាកម្មផ្សេងៗដល់ទុរគតជន អ្នកដែលត្រូវបានគេធ្វើបាប និងរំលោភបំពាន និងកុមារដែលមិនបានរៀនសូត្រ ដូច្នេះពួកគេអាចគេចផុតពីភាពក្រីក្រខ្លាំង។
អង្គការសប្បុរសធម៌នេះបានទទួលកុមារចំនួន ៦ ៥០០ និងទទួលកុមារបន្ថែមជារៀងរាល់ឆ្នាំ ដោយផ្តល់អាហារ ទីជម្រក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការឧបត្ថម្ភដល់ក្រុមគ្រួសារ ហើយជំនួយរបស់កម្មវិធី Acteus Smiles គឺជាផ្នែកមួយនៃការងារសប្បុរសធម៌នេះ៕ រូបថត សហការី