កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាងបានធ្វើសន្និសីទស្តីពីយុទ្ធនាការតន្ត្រីអាហារូបករណ៍មហាសំណាងនៅការិយាល័យកណ្តាល ក្រុមហ៊ុន Davitra ក្នុងរាជធានីភ្នំពេញ។
ការសហការគ្នារៀបចំនូវព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះនឹងរៀបចំឡើងនៅទូទាំង ២៥ ខេត្តក្រុងក្នុងគោលបំណងបញ្ជ្រាបព័ត៌មានស្តីអំពីការប្រឹក្សាយោបល់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដោយមិនគិតថ្លៃជូនសិស្សានុសិស្សទូទាំងប្រទេស ក៏ដូចជាដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ថាក្រុមហ៊ុន Davitra (Cambodia) Co., Ltd គឺជាក្រុមហ៊ុនប្រឹក្សាយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេសតែ ១ គត់ដែលមានជំនាញប្រកបដោយវិជា្ជជីវៈ និងបទពិសោធពិតប្រាកដទៅសិក្សានៅក្រៅប្រទេស និងជាដៃគូរបស់សាកលវិទ្យាល័យជាង ៣០០ នៅលើពិភពលោក។
ចំណែកឯក្រុមហ៊ុនខ្មែរមហាសំណាងគឺជាក្រុមហ៊ុនប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាងស្របច្បាប់ដែលទទួលបាននូវអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៥ ខ្ទង់ជាមួយរង្វាន់លួងចិត្ត ២ ខ្ទង់ និង ៣ ខ្ទង់ ឆ្នោតកោសភ្លាមឈ្នះភ្លាម និងមានសេវាកម្មឆ្នោតផ្សងសំណាងតាមរយៈទូរស័ព្ទដៃ៕ រូបថត ហេង ជីវ័ន