ក្រុមហ៊ុន Huawei បានឧបត្ថម្ភធំនៅក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក និងទូរគមនាគមន៍អន្តរជាតិ ឆ្នាំ២០១៤ (ITET 2014) ។ សហព័ន្ធបច្ចេកវិទ្យាកម្ពុជា (ICTF) បានរៀបចំព្រឹត្ដិការណ៍អន្ដរជាតិដ៏ធំមួយនេះឡើងកាលពីម្សិលមិញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍នេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យ ICT នៅកម្ពុជានិងផលិតផលបច្ចេកវិទ្យាទំនើបៗ ដែលនឹងជួយឱ្យប្រជាជនកម្ពុជាអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកបានកាន់តែងាយស្រួល។ លោក Cary Yang នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ការឧបត្ថម្ភចំពោះពិព័រណ៍ ITET 2014 នេះគឺជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីគាំទ្រដល់វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នេះ មានអ្នកជំនាញជាច្រើនទាំងវិស័យឯកជន និងសាធារណៈដោយមានរបៀបវារៈផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ICT ឧបករណ៍ប្រព័ន្ធឌីជីថល ការធ្វើអាជីវកម្មនៅតាមប្រព័ន្ធអុីនធឺណិត ការប្រើប្រាស់អុីនធឺណិតប្រកបដោយសុវត្ថិភាព និងការច្នៃប្រឌិត។ កម្មវិធីនេះចូលរួមបើកសម្ពោធដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ៕ រូបថត ឈឹម ស្រីនាង