
នារីចូលរួមដោះស្បៃអាពាហ៍ពិពាហ៍និមិត្តរូបស្ដែងពីការស្រឡាញ់ខ្លួនឯង។ រូបថត AFP
ក្រុងសៀងហៃ៖ ដល់ចំណុចកំពូលនៃជំងឺផ្លូវចិត្ដ បាយមិននឹកទឹកមិនស្រេក ហ្សាង គីនវេន មានទម្ងន់ប៉ុនក្មេងតូចម្នាក់ប៉ុណ្ណោះ។ សក់ជ្រុះស្ទើររលើងក្បាល កញ្ញាមិនអាចដើរ និងកម្របង្ហាញមុខឱ្យគេឃើញណាស់។
យុវតីវ័យ ២៣ ឆ្នាំ ដែលបច្ចុប្បន្នជាអ្នកដឹកនាំយុទ្ធនាការលាតត្រដាងបញ្ហានេះតាមរយៈការធ្វើពិព័រណ៍នៅក្រុងសៀងហៃ បាននិយាយថា៖ «ខ្ញុំបានដឹងថា ខ្ញុំពិតជាមិនស្រួលខ្លួននោះទេ តែកាលនោះខ្ញុំមិនហ៊ានទៅជួបវេជ្ជបណ្ឌិត»។
ខណៈជំងឺអត់ឃ្លានអាហារអាចប៉ះពាល់មនុស្សគ្រប់រូប ការសិក្សាបស្ចិមប្រទេសជាច្រើនបានបញ្ជាក់ថា ភាគច្រើនវាកើតលើក្មេងស្រីជំទង់ និងស្ដ្រីវ័យក្មេង ដែលញាំញីបន្ថែមដោយរោគផ្លូវចិត្ដនានា។
កញ្ញា ហ្សាង ដែលមានទម្ងន់ត្រឹមតែ ២៨ គីឡូក្រាម មុនពេលចូលដល់មណ្ឌលថែទាំសុខភាពកម្រិតធ្ងន់ថា៖ «ខ្ញុំរងនូវឥទ្ធិពលពីអ៊ីនធឺណិត និងមិនសូវមានភាពជឿជាក់លើខ្លួនឯង»។
កញ្ញា ហ្សាង ដែលបានសិក្សានៅចក្រភពអង់គ្លេសបាននិយាយបែបប្រៀបធៀបថា៖ «នៅប្រទេសចិន យើងអាចនិយាយជាមួយមនុស្សជាច្រើន រួមទាំងអ្នកប្រឹក្សាយោបល់ និងគ្លីនិកមិនជំនាញ ហើយក៏ប្រហែលពួកគេមិនដឹងអ្វីទៅជាជំងឺអត់ឃ្លានអាហារ និងរបៀបជួយសង្គ្រោះ»។
នៅក្រុងសៀងហៃ គ្លីនិកព្យាបាលជំងឺផ្លូវចិត្ដមួយបានឱ្យដឹងថា ខ្លួនបានព្យាបាលអ្នកជំងឺអត់ឃ្លានអាហារត្រឹមតែ ៣ ករណី ក្នុងឆ្នាំ ២០០២ តែមានមនុស្ស ៥៩១ នាក់ ដែលរកឃើញថា បានជួបបញ្ហាស្រដៀងគ្នានេះក្នុងឆ្នាំ ២០១៨។

កញ្ញា ហ្សាង ដែលជាអតីតនិស្សិតរៀននៅប្រទេសអង់គ្លេស បង្ហាញរូបថតគ្រាដែលនាងមានជំងឺមិនឃ្លានអាហារ។ រូបថត AFP
អ្នកកើតជំងឺអត់ស្រេកឃ្លានកាន់តែច្រើនបានឈានដល់ការសន្និដ្ឋានថា បញ្ហានេះគឺជា «បាតុភូតពីបរទេស» ដែលទើបកើតមាននៅប្រទេសចិន នាពេលថ្មីៗនេះ។
កញ្ញា ស៊ី ហ្វៃឡុង ដែលជួបបញ្ហារោគអត់ឃ្លានអាហារតាំងពីអាយុ ១៣ ឆ្នាំ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាននិយាយថា៖ «ខ្ញុំមានសម្បុរខ្មៅ និងធាត់ ដែលវាខុសអ្វីដែលគេគិតថា ស្អាតគឺមានសម្បុរស សម្រស់ក្មេង និងស្គម»។
និស្សិតវ័យ ២១ ឆ្នាំ បាននិយាយពេលទៅទស្សនាពិព័រណ៍របស់ ហ្សាង គីនវេន ថា៖ «ប៉ុន្ដែស្ថិតក្នុងដំណាក់កាលធូរស្រាលបន្ដិចម្ដងៗ ខ្ញុំយល់ថា ខ្ញុំមានសម្បុរស្បែកប្រកបដោយសុខុមាលភាព រាងកាយរឹងមាំ និងបេះដូងដែកថែប គឺជារឿងសំខាន់បំផុតក្នុងពិភពលោកនេះ»។
អ្នកដឹកនាំយុទ្ធនាការលើកទឹកចិត្តយុវតីឱ្យឃ្លាតឆ្ងាយពីជំងឺផ្លូវចិត្ត កញ្ញា ហ្សាង ពាក់ស្បៃអាពាហ៍ពិពាហ៍លើក្បាល រួចនិយាយថា៖ «យើងតែងតែមានអារម្មណ៍ថា រាងកាយយើងខ្វះនេះ ខ្វះនោះជាច្រើន។ អាពាហ៍ពិពាហ៍និមិត្តរូបបែបនេះចង់បង្ហាញប្រាប់ថា យើងពិតជាស្រឡាញ់ខ្លួនប្រាណរបស់យើង»៕ AFP/HR