​ភ្នំពេញៈ នៅ​ប្រទេស​កម្ពុជា ជំងឺមហារីក​សុដន់ និង​មហារីក​មាត់ស្បូន ត្រូវ​ចាត់ទុកថា​ជា​ប្រភេទ​ជំងឺ​ដែលមាន​ចំនួន​​ច្រើនជាងគេ​សម្រាប់​ស្ត្រី​។ ជា​និច្ចកាល​ភាគច្រើន អ្នក​ដែល​រងគ្រោះ ដោយសារ​ជំងឺ​មហា​រីក​ទាំង ​២ នេះ​បានចេញ​រោគ​​សញ្ញា​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​រួចទៅហើយ ដែល​ការ​ព្យាបាល​មិនអាច​ក្លាយជា​​ជម្រើស​តទៅទៀតបាន​។

​សិក្ខាសាលា​ស្តីពី​សុខភាព​ជាមួយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្រោម​ប្រធានបទ «​ខ្ញុំ​ជា​អ្នក​រួច​ជីវិត​ពី​ជំងឺមហារីក​ស្ត្រី តើ​ខ្ញុំ​ត្រូវបាន​ការពារ​ពី​ជំងឺមហារីក​ដទៃទៀត​ដែរឬទេ​?» រៀបចំ​ដោយ​មន្ទីរ​សម្រាក​ព្យាបាល ស៊ី​ង​ ស្ពេ​សី​លី​ស មេ​ឌី​ខ​ល សិន​ធ័​រ ដែលមាន​វាគ្មិន​កិត្តិយស លោកស្រី​វេជ្ជបណ្ឌិត See Hui Ti វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​​មហារីក​មកពី​មជ្ឈមណ្ឌល​ផ្នែក​ជំងឺមហារីក​ផាក​វ៉េ សិង្ហ​បុរី បានធ្វើការ​អធិប្បាយ​ពី​ជំងឺ​​មហារីក​ទូទៅ​របស់​ស្ត្រី ហា​និ​ភ័យ កម្មវិធី​ពិនិត្យ​សុខភាព និង​ការព្យាបាល​នៃ​ដំណាក់​​កាល​នីមួយៗ​នៃ​ជំងឺមហារីក និង​បរិយាយ​អំពី​ជំងឺមហារីក​ពោះវៀន ដែលជា​ជំងឺ​មាន​​អត្រា​ប្រឈម​ខ្ពស់​លំដាប់​ទី​៣​ផងដែរ​។

​បើតាម​បទ​បង្ហាញ​ពី​លោក​ស្រី​វេជ្ជបណ្ឌិត See Hui Ti បានឱ្យដឹងថា​៖ «​មហារីក​ពោះ​​វៀន​ធំ​ គឺជា​មហារីក​ទូទៅ​បំផុត​ដែល​កើត​មិន​រើស​ភេទ​ទាំង​​បុរស និង​ស្ត្រី តែងតែ​រកឃើញ​រោគវិនិច្ឆ័យ​ជា​ញឹកញាប់ បាន​កើនឡើង​បន្តបន្ទាប់ ក្នុង​រយៈ​​ពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ តាំងពី​ឆ្នាំ​ ១៩៧១ មកហើយ​វា​ស្ថិតក្នុង​លំដាប់​ទី​៣ បន្ទាប់ពី​ជំងឺមហារីក​សុដន់ និង​មហារីក​សួត ដែល​កើត​លើ​ស្ត្រី​នៅ​សិង្ហ​បុរី​។ កត្តា​ប្រឈម​ធំ​បំផុត​ គឺអាយុ​លទ្ធភាព​នៃ​ការវិវឌ្ឍ​ទៅជា​មហារីក​ពោះវៀនធំ​កើនឡើង​​ពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់ ជាពិសេស​ហានិភ័យ​នេះ​កើនឡើង​ខ្លាំង​ចំពោះ​អ្នកមាន​អាយុ​ចាប់ពី ៥០ ​ឆ្នាំ​ឡើងទៅ​។ មានការ​កើនឡើង​នៃ​ការ​រស់​​រាន មានជីវិត​បានយូរ​រ​បស់​អ្នក​ជំងឺ​ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​ពោះវៀនធំ​នេះ​ គឺជា​ការឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការយល់ដឹង​កាន់តែ ច្រើន​ពី​ការការពារ និង​ការ​ព្យាបាល​។ កាលណារ​ករោគ​​វិ​និ​ច្ច័​យ​បាន​លឿន ឱកាស​នៃ​ការរស់រានមានជីវិត ក៏មាន​​កាន់តែច្រើន​ដែរ​»​។​

សិក្ខាកាម​ចូល​រួមក្នុង​​សិក្ខាសាលាស្តី​ពី​សុខភាព​ជាមួយ​អ្នកជំនាញ​វេជ្ជសាស្រ្ត​ជំងឺមហារីក។ រូបថត សហ​ការី

​លោកស្រី​បន្តថា​៖ «​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញថា មហារីក​ពោះវៀនធំ​មាន​ទំនាក់​ទំនង នឹង​របៀប​រស់នៅ ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​កែច្នៃ បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​នេះ​។ ប៉ុន្តែ​ការ​ញ៉ាំ​សាច់​​ក្រហម​តិចជាង ១៥០​ ក្រាម ​ក្នុង ​១ ​ថ្ងៃ​មិន​អី​ទេ ខណៈ​ភ័ស្តុតាង​បង្ហាញថា អាហារ​ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​​ទប់ស្កាត់​ជំងឺ​នេះ ជា​រួមមាន​អំណះអំណាង​ជាច្រើន​បង្ហាញថា ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ជាពិសេស ជាតិ​សរសៃ​ពី​គ្រាប់​​ធញ្ញជាតិ​អាច​កាត់បន្ថយ​នូវ​​ហានិភ័យ​ក្នុង​ការកើត​មហារីក​ពោះវៀនធំ​បាន​។ ការ​ធាត់​ក៏​បង្កើន​ហានិភ័យ​ក្នុង​ការកើត​មហារីក​ពោះវៀនធំ​ដែរ ជា​​ពិសេស​បុរស ប៉ុន្តែ​បច្ចុប្បន្ននេះ​ក៏​កើតឡើង​ចំពោះ​ស្ត្រី​ដែរ​»​។

លោកស្រី ប៉ូ​លីន តាន ដែលជា​នាយិកា​ប្រតិបត្តិ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ ស៊ី​ង ស្ពេ​សី​លី​ស មេ​ឌី​ខ​ល សិន​ធ័​រ (Sing Specialists Medical Centre) ​ឱ្យដឹងពី​ការរៀបចំ​សិក្ខា​​សាលា​ស្តីពី​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​ថា​៖ «​ដោយ​សារ​តែ​ជំងឺមហារីក គឺ​នៅតែ​ជា​ឃាតករ​ឆក់យក​ជីវិត​មនុស្ស​លំដាប់​ទី​៣ លើ​សកលលោក ក៏ដូចជា​នៅ​កម្ពុជា​។ អំឡុង ២ ​ឆ្នាំ ជួប​វិបត្តិ​កូ​វីដ​ ១៩ នេះ​ មនុស្ស​ហាក់ដូច​បាន​ភ្លេចខ្លួន​គិតពី​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺ​​មហារីក​ផងដែរ​។ វា​ជា​ឱកាសល្អ​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ពី​ការ​ស្វែងយល​ពី​ជំងឺមហារីក និង​អាច​ចែករំលែក​ព័ត៌មាន​នេះ​​ដល់​សាធារណជន​ដែរ​»៕