កំពង់ឆ្នាំង: ដោយ​ចង់​ក្លាយជា​សហគ្រិន​ស្ដ្រី​ម្នាក់ ដែល​ប្រកាន់​ជំហរ​ជួយ​ដល់​សហគមន៍ និង​សង្គម​ទៅតាម​លំនាំ​របស់​ឪពុក អ្នកស្រី ឌី វិជ្ជរ៉ា បានសម្រេច​បង្កើត​សិប្បកម្ម​ផ្កាដូង កែច្នៃ​ផលិតផល​ដូងទុំ​ខ្មែរ​។

សិប្បកម្ម​ផ្កាដូង​ជា​សហគ្រាស​សង្គម ដែលមាន​ជំនាញ​ផលិត​ប្រេងដូង​បរិសុទ្ធ​ស្ទួយ​សុខភាព និង​ផលិតផល​ពី​ដូងទុំ​ជាច្រើន​ប្រភេទ​ទៀត ដោយ​តបស្នង​ដល់​ប្រទេសជាតិ​វិញ​ជាមួយ​ការផ្ដល់​ការងារ និង​ប្រកប​អាជីវកម្ម​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​។

ម្ចាស់​សិប្បកម្ម​ផ្កាដូង ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង​នេះ អ្នកស្រី វិជ្ជរ៉ា អាយុ ៣៤​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​អាជីវកម្ម​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ខែមេសា ឆ្នាំ​ ២០១៨ ដោយសារតែ​នាង​ខ្ញុំ​បាន​ស្វែងរក​គោលដៅ​ជីវិត​របស់​ខ្លួនឯង និង​យល់ឃើញ​ថា ខ្ញុំ​ចង់​ក្លាយជា​សហគ្រិន​ស្ដ្រី ដែល​ប្រកប​ជំនួញ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់ និង​អាច​ផ្ដល់​ផលប្រយោជន៍​បែប​ឈ្នះ-​ឈ្នះ​ទៅដល់​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​បរិស្ថាន​ផងដែរ​»​។

អ្នកស្រី​មាន​ចំណូល​ចិត្ដ​ធ្វើ​ការងារ​សង្គម​តាំងពី​តូច​ដោយ​យក​គំរូ​តាម​លោកឪពុក ដែល​បាន​បង្កើត​ការងារ​ដល់​បុរសៗ​ ៧ ​ភូមិ​តាមរយៈ​ការងារ​សុចរិត​។ វា​ជាការ​ចងចាំ​នូវ​កេរ​មរតក​ពី​ឪពុក ដែល​ធ្វើឱ្យ​អ្នកស្រី​មាន​ការប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុងការ​បន្ដ​ជួយ​ដល់​ប្រជាជន​នៅក្នុង​ស្រុកកំណើត​។

អ្នកស្រី វិជ្ជរ៉ា ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ឱ្យដឹងថា​៖ «​ជាក់ស្ដែង យោងតាម​ឯកសារ​គោលដៅ​អភិវឌ្ឍន៍​នៃ​ឃុំ​តាជេស [​ស្រុក​កំពង់ត្រឡាច​] បាន​បង្ហាញថា បុរស​ពេញកម្លាំង ៩០ ​ភាគរយ​នៅក្នុង​ឃុំ​តាជេស​មិន​ទទួលបាន​ឱកាស​ការងារ​ក្នុង​តំបន់​ឡើយ​។ នេះ​ជាហេតុ​ដែល​ពួកគេ​ត្រូវ​បង្ខំ​ចិត្ដ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​»​។

អ្នកស្រី វិជ្ជរ៉ា អាយុ ៣៤ ​ឆ្នាំ កាន់​ស៊ុម​ប៉ាន់តែ ជា​ផលិតផល​ច្នៃ​ពី​ដូង​ស្ទួយ​ជីវភាព​អ្នកភូមិ​។ រូបថត សហការី

សហគ្រាស​ផ្កាដូង ប្រើប្រាស់​ផលិតផល​ជា​វត្ថុធាតុដើម​គោល​តែ​ ១ ​សម្រាប់​ផលិត​ជា​ផលិតផល​ជាច្រើន និង​ផ្ដល់​មុខរបរ​ទៅដល់​អ្នកភូមិ​ជាច្រើន​។

អ្នកស្រី​បន្ដថា​៖ «​ខ្ញុំ​បានជ្រើសរើស​ដូងទុំ​ខ្មែរ ព្រោះថា​យើង​អាច​កែច្នៃ​ជា​ផលិតផល​សម្រេច​ជាច្រើន​អស់ពី​លទ្ធភាព មិន​បន្សល់​កាកសំណល់​គ្រោះថ្នាក់​ដល់​បរិស្ថាន​ឡើយ​»​។

ផលិតផល​ដូងទុំ​ខ្មែរ​ដែល​សហគ្រិន​ស្ដ្រី​រូបនេះ​ធ្វើការ​កែច្នៃ​គឺ ប្រេងដូង​បរិសុទ្ធ ដែលជា​ផលិតផល​ចម្បង​របស់​សហគ្រាស ផ្កាដូង ផើងផ្កា​សម្បក​ដូងទុំ ចាន​ត្រឡោក​ដូង ស៊ុម​ប៉ាន់តែ​ផលិត​ពី​សម្បក​ដូងទុំ ប្រេង​ក្រអូប និង​ម្សៅ​ធ្យូង​កាបូន​។

ទោះបីជា​នីតិវិធី​នៃ​ការផលិត​ប្រេងដូង​ផ្ដើម​ពី​ការប្រើប្រាស់​ម៉ាស៊ីន​កិន​ជា​ខ្ទិះដូង​យ៉ាងណាក៏ដោយ ក៏​ការចម្រាញ់​មិនត្រូវ​បាន​ប្រើ​វិធីសាស្ដ្រ​កម្ដៅ ឬ​សារ​ធាតុគីមី​ផ្សេងៗ​នោះទេ​។ ខ្ទិះដូង​ត្រូវបាន​ផ្អាប់​ទុក រួច​ដួស​ត្រងប្រេង​ដែល​រង​នៅ​ផ្នែក​ខាងលើ​នៃ​ខ្ទិះដូង​។

អ្នកស្រី វិជ្ជរ៉ា រំលេច​អត្ថប្រយោជន៍​សុខភាព និង​សម្រស់​របស់​ផលិតផល​ដូងទុំ​ខ្មែរ​ថា ប្រេងដូង​បរិសុទ្ធ​ជា​ម៉ាក្រូ​សារជាតិ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ពី ២០ ទៅ ៣៥ ​ភាគរយ ដើម្បី​ផលិត​ភ្នាស​កោសិកា​ថ្មី​ក្នុង​ការផ្ដល់​ថាមពល​ដល់​រាងកាយ​លើស​ជាតិ​ស្ករ ២ ​ដង ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ដុត​កូលេស្តេរ៉ូល​មិនល្អ សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឱ្យ​ស្បែក​តឹង​ភ្លឺ​ពី​ខាងក្នុង​សក់​រលាស់​រលោង​ស្អាត និង​ក្រចក​រឹងមាំ​។

ដូង​បរិសុទ្ធ​ត្រូវបាន​អះអាងថា អាច​ប្រើ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ចាប់ពី ៦ ​ខែ​ឡើង ក្នុង​បំណង​ឱ្យ​ពោះវៀន​បឺត​ស្រូប​វីតាមីន​ចម្រុះ​ជាច្រើន ក៏ដូចជា​ជួយ​លើ​សន្លាក់​ថែមទៀត​។

អ្នកស្រី​បានឱ្យ​ដឹងថា​៖ «​ប្រេងដូង​បរិសុទ្ធ​ជួយ​បញ្ហា​ស្បែក​ខូច ស្បែក​ចាស់ និង​ស្បែក​ស្ងួត​ខ្លាំង​ឱ្យមាន​សំណើម និង​ជា​រនាំង​ការពារ​ស្បែក​។ បើ​អ្នកមាន​បញ្ហា​ស្បែក​ដូចជា របួស​ស្បែក និង​ត្រអក​ពិតជា​ចាំបាច់​ត្រូវការ​ប្រេងដូង​បរិសុទ្ធ​ ព្រោះ​វា​ផ្ទុក​សារធាតុ Antimicrobial និង​ anti-inflammatory ជួយ​ព្យាបាល​បញ្ហា​ទាំងនេះ​បាន​»​។

ប្រេងដូង​បរិសុទ្ធ​ពី​សិប្បកម្ម​ផ្កាដូង​។ រូបថត សហការី

អ្នកស្រី​បន្តថា​៖ «​ប្រេងដូង​បរិសុទ្ធ​ក៏​ជួយ​ការពារ​សង្វារ​បាន ៩៩,៩ ភាគរយ សម្អាត​ផ្ទៃមុខ និង​លាង​គ្រឿងសម្អាង រួមទាំង​ការ​សម្រក​ទម្ងន់ រក្សា​ទម្ងន់​រាងកាយ និង​ពន្យារ​ភាព​ចាស់​»​។

អ្នកស្រី វិជ្ជរ៉ា ដែល​រមែង​ថត​បង្ហាញ​វីដេអូ​បរិយាយ​អត្ថប្រយោជន៍​ផលិតផល​ប្រេងដូង​បាន​បន្ដថា​៖ «​ប្រេងដូង​បរិសុទ្ធ​គឺជា​សមាសធាតុ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការផលិត​ជា​សាប៊ូ​ពីព្រោះ​វា​មាន​មុខងារ​សម្អាត​ស្បែក​ខ្ពស់បំផុត​លើស​ប្រេង​នានា ព្រមទាំង​ធ្វើឱ្យ​សាប៊ូ​រឹង​ល្អ និង​មាន​ពពុះ​ច្រើន​»​។

ស្ដ្រី​ដែល​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ផលិត​ស្ទួយ​បរិស្ថាន​ផង​នោះ​បាន​បន្ដថា​៖ «​ចំណែកឯ​បច្ចេកទេស​ផលិត​ចាន​ត្រឡោក​ដូង និង​ម្សៅ​ធ្យូង​កាបូន គឺ​ចំណាយពេល​យូរ​ខ្លាំងណាស់​»​។

សិប្បកម្ម​ផ្កាដូង ក៏បាន​បញ្ជា​ទិញ​ស្មុគ​ស្លឹកត្នោត​ពី​សហគមន៍​តម្បាញ​ស្ដ្រី​នៅ​ឃុំ​ជំទាវ​ជ្រែង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​ពួកគាត់​អាច​បន្ដការងារ​ដែល​ពេញចិត្ដ ព្រមទាំង​អាច​ផ្ដល់ប្រាក់​ចំណូល​បន្ថែម​មួយចំណែក​ទៀត​។

ជាការ​ចូលរួម​ជាមួយ​សង្គម សហគ្រាស​ផ្កាដូង​បាន​បង្កើត​ការងារ ទិញ​ដូងទុំ​ពី​កសិករ ទិញ​ស្មុគ​ពី​សហគមន៍​តម្បាញ​ស្ដ្រី​ផ្ដល់​ឱកាស​ដល់​និស្សិត​ផ្នែក​កសិកម្ម​ចុះ​កម្មសិក្សា​នៅ​ទីតាំង​ផលិត ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក និង​ការកសាង​សេដ្ឋកិច្ចជាតិ​ផងដែរ​។

អ្នកស្រី វិជ្ជរ៉ា និយាយថា បច្ចុប្បន្ននេះ ផលិតផល​ពី​ដូង​របស់​អ្នកស្រី​ត្រូវ​បានដាក់​លក់រាយ​នៅតាម​អនឡាញ ឱសថស្ថាន និង​ផ្សារ​ធម្មជាតិ និង​ក្នុង​ព្រឹត្ដិការណ៍​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ផ្សេងៗ​ទៀត ខណៈ​ការបោះ​ដុំ​ត្រូវ​បាន​ចែកចាយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ផលិត​ផលិតផល​ថែ​សម្រស់ និង​អង្គការ​ធំៗ ដែល​ផលិត​សាប៊ូ​។

យ៉ាងណាមិញ អ្នកស្រី​បាន​ត្អូញត្អែរថា ផលិតផល​ដូងទុំ​ខ្មែរ​នៅ​មិនទាន់​ទទួលជោគជ័យ​ពេញលេញ ខណៈ​ថ្លៃដើម​ខ្ពស់​ខ្លាំង មិនទាន់​អាច​កែច្នៃ​ឱ្យអស់​លទ្ធភាព​ដោយសារ​តម្រូវការ​ទីផ្សារ​ទាប និង​កង្វះ​ដើមទុន ក៏ដូចជា​បច្ចេកទេស​ធ្វើការ​ពិសោធ​លើ​ផលិតផល​ថ្មីៗ​ទៅតាម​តម្រូវការ​ទីផ្សារ​។

ក្នុង​បំណង​ចង់បាន​ការគាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ក្នុងស្រុក បន្ថែម​ពីលើ​ការ​ពេញចិត្ត​របស់​អតិថិជន​ជា​ជប៉ុន កូរ៉េ និង​អឺរ៉ុប អ្នកស្រី​បានលើកឡើង​ថា​៖ «​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​ខ្ញុំ ហើយ​ខ្ញុំ​បានធ្វើ​វា​ហើយ​សម្រាប់​អ្នក ដោយ​ផលិត​បានជា​ផលិតផល​ដែល​រាងកាយ​របស់​អ្នកត្រូវការ មិន​ផ្ទុក​សារធាតុ​គីមី​ថែមទៀត តើ​អ្នកគាំទ្រ​ឬទេ​? ខ្ញុំ​ជា​អ្នកផលិត ព្រមទាំង​ប្រើប្រាស់​រាល់​ផលិតផល​ខ្មែរ​ស្ទើរ​គ្រប់យ៉ាង​ដែល​ខ្ញុំ​មានលទ្ធភាព​ទិញ​បាន ជាពិសេស ផលិតផល​អាហារ​ខ្មែរ សម្ភារ​ប្រើប្រាស់ គ្រឿង​តុបតែង​លម្អ​កាយ និង​ផ្ទះ ពីព្រោះ​ខ្ញុំ​ចង់ឃើញ​ការផ្លាស់ប្តូរ​ដោយ​ចាប់ផ្តើម​ពី​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​»​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ Facebook page: @phkadoung៕