
កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តថ្នាំគ្រាប់ដំបូងសម្រាប់ជំងឺបាក់ទឹកចិត្តស្រ្តីក្រោយសម្រាលកូន ឬ ផ្តល់កំណើតរួច។
វាគឺជាជំហានដ៏សំខាន់បំផុតមួយដែលត្រូវបានគេចាត់ទុកថា ជាការយកចិត្តទុកដាក់ ឬ ការទទួលស្គាល់ និងការព្យាបាលនៃស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលតែងបង្កការឈឺចាប់ដល់ស្ត្រីប្រហែលកន្លះលាននាក់ ជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក។
បើយោងតាមទិន្នន័យនៃការសាកល្បងបង្ហាញថា ថ្នាំ zuranolone មានប្រសិទ្ធភាពបានយ៉ាងរហ័ស ដោយចាប់ផ្តើមបន្ធូរបន្ថយការបាក់ទឹកចិត្តក្នុងរយៈពេលត្រឹម ៣ថ្ងៃ ដោយវាមានប្រសិទ្ធភាពលឿនជាងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តទូទៅ ដែលត្រូវប្រើពេលដល់ទៅ ២សប្តាហ៍ ឬយូរជាងនេះ ទើបមានប្រសិទ្ធភាព។
បើតាមអ្នកជំនាញសុខភាពផ្លូវចិត្តមាតា បាននិយាយថា នៅពេលដែលថ្នាំ ត្រូវការពេលត្រឹមតែព្យាបាលលឿនមិនឈានចូលដល់ខែនោះ វានឹងអាចលើកទឹកចិត្តអ្នកជំងឺបន្ថែមទៀតឱ្យទទួលយកការព្យាបាលតាមរបៀបនេះ។
វេជ្ជបណ្ឌិតជាច្រើនរូប និង អ្នកជំនាញមួយចំនួនបាននិយាយថា បើទោះមានថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តផ្សេង ដែលអាចព្យាបាលស្ថានភាពដូចគ្នានេះក្តី តែការដែលមានថ្នាំពិសេស សម្រាប់ដោះស្រាយវិបិត្តផ្លូវចិត្តស្ត្រីក្រោយសម្រាល នឹងជួយកាត់បន្ថយការមាក់ងាយទៅលើស្ត្រី ហើយវានឹងជួយឱ្យស្ត្រីមិនបន្ទោសខ្លួនឯង។
ក្រោយការអនុម័តនេះ គ្រប់មជ្ឍដ្ឋានសង្ឃឹមថា វានឹងលើកទឹកចិត្តស្ត្រីកាន់តែច្រើនឱ្យស្វែងរកជំនួយទៅ គ្រូពេទ្យសម្ភព ឬ ហ៊ានពិភាក្សាជាមួយគ្រួសារ ដើម្បីទៅពិនិត្យរកមើលរោគសញ្ញា និង ទទួលណែនាំការប្រឹក្សា ឬ ការព្យាបាល។
វេជ្ជបណ្ឌិត Ruta Nunacs ជាគ្រូពេទ្យវិកលចរិកនៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តរបស់ស្ត្រីនៅមន្ទីរពេទ្យ Massachusetts General បាននិយាយថា ជាទូទៅ នៅពេលស្ត្រីត្រូវបាននរណាម្នាក់ប្រាប់ថា ពួកគេមានជំងឺបាក់ទឹកចិត្តក្រោយសម្រាល ពួកគេយល់ថា វាគួរឱ្យខ្មាសអៀន វាជាការប្រមាថ និងធ្វើឱ្យពួកគេយល់ថាខ្លួនជាម្តាយដ៏អាក្រក់ម្នាក់។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា ៖ «ការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តទូទៅ តែងធ្វើឱ្យស្ត្រីទទួលបានការមាក់ងាយច្រើនដែរ ដូច្នេះហើយថ្នាំនេះអាចនឹងធ្វើឱ្យការព្យាបាលនេះកាន់តែទូលំទូលាយ ព្រោះវាជាថ្នាំសម្រាប់ព្យាបាលជាក់លាក់គឺសម្រាប់ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលតែម្តង»។
គួរបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណស្ត្រីពី ១០ ទៅ ១៥ ភាគរយ នៅសហរដ្ឋអាមេរិក ប្រឈមនឹងជំងឺបាក់ទឹកចិត្តអំឡុងពេលពរពោះ ឬ ១ឆ្នាំ បន្ទាប់ពីការសម្រាលរួច។ ស្ថានភាពជំងឺនេះ តែងភ្ចាប់មកជាមួយការថប់បារម្ភខ្លាំង ការខ្មាស់អៀន សោកស្តាយ ការគេងមិនលក់ ភ័យស្លន់ស្លោ និងការគិតចង់ធ្វើអត្តឃាត៕