ក្រសួងការ​បរទេស​ម៉ាឡេស៊ី​បាន​និយាយថា​ ខ្លួននឹង​ធ្វើការ​តវ៉ា​ការទូត​ទាក់ទិន​នឹង​ករណី​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ចិន​ចំនួន ១៦ ​គ្រឿង​ ដែល​បានរំលោភ​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ម៉ាឡេស៊ី ​EEZ ខណៈ​ធ្វើ​សកម្មភាព​ដែលគួរ​ឱ្យ​សង្ស័យ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

កងទ័ព​អាកាស​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា ​ខ្លួន​ត្រូវ​បង្ខំ​ឱ្យ​​ធ្វើការ​យាមល្បាត​យន្តហោះ​កាល​ពីថ្ងៃចន្ទ​ ដើម្បី​សិក្សាឱ្យ​ដឹង​ពី​ចក្ខុវិស័យ​របស់​ចិន ប​ន្ទាប់ពី​យន្តហោះទាំងនោះ​បានហោះហើរ​នៅក្នុង​តំបន់​ EEZ របស់​ប្រទេស​ចម្ងាយ​ប្រមាណ ​១១១ ​គីឡូម៉ែត្ រ​ពី​ឆ្នេរ​នៅ​រដ្ឋសារ៉ាវ៉ាក​នៃ​ប្រទេស​ម៉ាឡេស៊ី។

ប្រភព​ដដែល​បាន​បន្ថែម​ថា ​យន្តហោះ​ចិន​មិនបាន​ទាក់ទង​អ្នកត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ក្នុង​តំបន់​ ដើម្បី​ហោះហើរ​លើ​តំបន់​នេះ​ទេ​ ទោះ​បីត្រូវបាន​ណែនាំជា​ច្រើន​ដង​ក៏ដោយ។

កាល​ពី​ថ្ងៃ​អង្គារដែរ​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ម៉ាឡេស៊ី​លោក ​Hishammuddin Hussein​ បាន​និយាយថា ​ខ្លួន​នឹង​កោះ​ហៅ​ប្រេសិត​ចិន​ ដើម្បី​ពន្យល់​អំពីករណី​​«ឈ្លានពាន»របស់​ចិន​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​របស់ខ្លួន។

ដោយឡែក​ទីក្រុងប៉េកាំង​មិនមាន​ប្រតិកម្មអ្វី​ឡើយ​ប៉ុន្តែ​ស្ថានទូតចិន​បាន​និយាយ​ថា​ យន្ត​ហោះ​ទាំងនេះ​បាន​ធ្វើ​ការបណ្តុះ​បណ្តាល​ការ​ហោះហើរជា​ប្រចាំ ​និង​គោរព​តាមច្បាប់​អន្តរជាតិ​ដោយ​មិន​រំលោភ​លើ​ដែន​អាកាស​របស់​ប្រទេស​ដទៃ​ឡើយ៕