កាល​ពី​ថ្ងៃ​ចន្ទ ​កន្លង​ទៅ​ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ​Muhyiddin Yassin​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​​​សេដ្ឋកិច្ច​ថ្មី​​មួយ​ទៀត​ តម្លៃ ​៩,៧ ពាន់​លាន​ដុល្លារ ក្នុង​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​បិទ​ខ្ទប់​ប្រទេស​ទាំង​មូល​ចាប់​ពី​ថ្ងៃទី ១​ មិថុនា​តទៅ​​។

ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាមរយៈ​ទូរទស្សន៍​លោក Muhyiddin បាន​និយាយ​ថា​ កញ្ចប់​ថវិកា​នេះ​មាន​ឈ្មោះ​ថា ​កម្មវិធី​យុទ្ធសាស្ត្រ​គាំទ្រ​ដល់​ជីវភាព​ប្រជាជន​ និង​សេដ្ឋកិច្ច​ ព្រម​ទាំង​គាំទ្រ​ដល់​លទ្ធភាព​មន្ទីរពេទ្យ​សាធារណៈ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​អាជីវកម្ម​ និង​ជួយ​ប្រជាជន។

លោក​បាន​បន្ថែម​ថា​ កញ្ចប់​ថវិកា​ប្រមាណ​ ៩,៧ លាន​ដុល្លារ​​នេះ ​នឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទិញ​គ្រែ បន្ទប់​ថែទាំ ​និង​ឧបករណ៍​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ១៩​ បន្ថែម​ ខណៈ​ទឹក​ប្រាក់​ប្រមាណ​ ១៣៣ ​លាន​ដុល្លារ​ទៀត​នឹង​ត្រូវ​បម្រុង​ទុក​សម្រាប់​ចំណាយ​ប្រតិបត្តិការ​នានា ​និង​ការ​គ្រប់គ្រង​ដោះ​ស្រាយ​​វិបត្តិ​សុខភាព​នានា​ផង​ដែរ។

លោក​បន្ត​ថា ដើម្បី​ជា​ជំនួយ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ដោយ​ផ្ទាល់​រដ្ឋាភិបាល​នឹង​បញ្ចេញ​នូវ​​ទឹក​ប្រាក់​ជាង​កន្លះ​លាន​ដុល្លារ​​​ចែក​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ (ពោល​មាន​ប្រាក់​ខែ​​តិច​ជាង​ ១ ពាន់​ដុល្លារ ​ក្នុង​ ១ ​ខែ)។​

«ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព ​និង​ការ​រស់​រាន​មាន​ជីវិត​របស់​ជន​ងាយ​រងគ្រោះ​ក៏​ដូចជា​ធានា​ថា​ កម្មករ​ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​អាច​នឹង​បន្ត​ទទួល​ជំនួយ​បាន។ ក្រុម​ប្រជាជន​នេះ ត្រូវ​​បាន​គេ​ចាត់​ទុក​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ​ក្រោយ​បិទ​ខ្ទប់​ប្រទេស​រួច​»។ លោក​ Muhyiddin​ បាន​និយាយ​យ៉ាង​ដូច្នេះ។

លើស​ពី​នេះ​ទៀត ​លោក​បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​មាន​កញ្ចប់​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ជូន​ដល់​ប្រជាជន​ក្រីក្រ​បំផុត​ជាង ​៤០ ​ភាគរយ​ និង​ប្រជាជន​​ដែល​បាន​បាត់បង់​ការងារ​ក៏​ដូចជា​សហគ្រិន​ខ្នាត​តូច និង​សហគ្រាស​ធុនតូច ​និង​មធ្យម​ដែល​មិន​អាច​ដំណើរការ​បាន​ក្នុង​អំឡុង​ពេល​អនុវត្ត​បទបញ្ជា​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ (MCO) ​ផង​ដែរ។

លោក​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​ថវិកា​ពិសេស​ប្រមាណ ១២០ ដុល្លារ​ ក្នុង​ម្នាក់​ ដល់​​​មគ្គុទេ្ទសក៍​ទេសចរណ៍​ចំនួន​ ១៧ ០០០ ​នាក់ និង​អ្នក​បើក​តាក់ស៊ី ​៤០ ០០០ នាក់​ អ្នក​បើកបរ​ឡាន​​​ក្រុង​សាលា​ចំនួន ១១ ០០០ ​នាក់​​អ្នក​បើកបរ​ឡាន​ក្រុង​រហ័ស​ ៤ ពាន់​នាក់ និង​អ្នក​បើក​ឡាន​អេឡិចត្រូនិក​ ៦២ ​០០០ នាក់​ផង​ដែរ​។

ទោះ​យ៉ាងណា​លោក ​Muhyiddin ​បាន​ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​មាន​ហិរញ្ញវត្ថុ​សម្រាប់​ទុក​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នៅ​​មាន​កម្រិត​នៅ​ឡើយ​។ នៅ​ក្នុង​ពេល​បញ្ចប់​សុន្ទរកថា​ លោក​ក៏​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​នឹង​មិន​បើក​ប្រាក់​ខែ​ដល់​​រដ្ឋមន្រ្តី​ និង​អនុរដ្ឋមន្រ្តី​ចាប់​ពី​ខែ​មិថុនា​ ដល់​ខែ​សីហា​ ដើម្បី​​​ជា​ការ​ជួយ​សម្រួល​ និង​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​រលក​ទី២ នេះ​។

បើ​ទោះ​ជា​គេ​​ឃើញ​មាន​ការ​សាទរ​វិធាន​របស់​រដ្ឋាភិបាល​ពី​សំណាក់​ប្រជាជន​ទាក់ទិន​នឹង​ការ​បិទ​ខ្ទប់​ ប្រទេស​យ៉ាងណា​ក្ដី ​គេ​ឃើញ​មាន​ផ្សារ​ទំនើប​ និង​អាជីវកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បាន​បិទទ្វារ​នៅ​​ថ្ងៃ​អង្គារ​ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​ទាំង​មូល​ចាប់​ពី​ថ្ងៃ ១ ​មិថុនា​តទៅ​។

អាជីវកម្ម​ក្នុង​ប្រទេស​នេះ​ ត្រូវ​បាន​​បិទ​រយៈពេល​ ២ ​សប្តាហ៍ ពោល​​គឺ​ត្រូវ​បិទ​រហូត​ដល់​ថ្ងៃទី​ ១៤ ខែមិថុនា លើកលែង​តែ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន ១៧ ​រួម​មាន​​ធនាគារ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ អាហារ ​និង​ភេសជ្ជៈ​ប៉ុណ្ណោះ​​។ វិស័យ​ផលិតកម្ម​ជាង​ ១៦ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​នូវ​​សមត្ថភាព​ ៦០​% ​រួម​ទាំង​អគ្គិសនី និង​អេឡិចត្រូនិក ​ប្រេង​ និង​ឧស្ម័ន។ ​វិស័យ​ចម្ការ​កសិកម្ម​ជលផល​ និង​សំណង់​សំខាន់ៗ​ក៏​ត្រូវ​បាន​លើក​លែង​ផង​ដែរ។

ក្រសួង​សេដ្ឋកិច្ច​ម៉ាឡេស៊ី​បាន​​ឱ្យ​ដឹង​តាមរយៈសារ​ព័ត៌មាន The Star​ ថា​ ការ​លើកលែង​លើ​​វិស័យ​ខាង​លើ​ឱ្យ​នៅ​មាន​សមត្ថភាព​ត្រឹម​ ៦០% ​ដោយសារ​​វិស័យ​នេះ ​ផ្គត់ផ្គង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​នៅ​ទូទាំង​ពិភព​លោក​ដូចជា​សេវា​ថែទាំ​សុខភាព​ និង​វេជ្ជសាស្ត្រ​ ប្រព័ន្ធ​ទឹក​បណ្តាញ​ថាមពល​ បណ្តាញ​គមនាគមន៍​ និង​ទូរ​គមនាគមន៍​ផង​ដែរ​។

លោក​ Muhyiddin ធ្លាប់​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ដែរ​ថា ការ​បិទ​ប្រទេស​អាច​រក្សា​សុវត្ថិ​ភាព​ដល់​ប្រជាជន​តែ​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​ប្រទេស​នេះ​ រហូត​ដល់​ងើប​លែង​រួច​។យោង​តាម​បទពិសោធ​​ខ្ទប់​ប្រទេស​កាល​ពី​ឆ្នាំ​មុន ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​​ស្ទើរ​តែ​ដួល​រលំ​ដោយ​​ប្រទេស​នេះ​បាន​ខាត​បង់​ប្រាក់​​ប្រមាណ​ ៥៧៩​ លាន​ដុល្លារ​ ក្នុង​ ១ ថ្ងៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​ម៉ាឡេស៊ី​ ធ្លាក់​ចុះ ៥,៦​ ភាគរយ​កាល​ពី​ឆ្នាំ​មុន​ និង​ធ្លាក់​ចុះ ០,៥ ភាគរយ​ទៀត​នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២១។ លោក WellianWiranto សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​ Oversea-Chinese Banking Corp. នៅ​សិង្ហបុរី​បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា៖ «សេដ្ឋកិច្ច​ប្រទេស​​នេះ ប្រៀប​បាន​នឹង​​អ្នក​រត់​ម៉ារ៉ាតុង​អ៊ីចឹង​ ទោះ​យ៉ាង​ណា​យើង​គង់​តែ​នឹង​ទៅ​ដល់​ទីបញ្ចប់​ទេ គ្រាន់​ថា បច្ចុប្បន្ន​ត្រូវ​​ទទួល​រង​ផល​លំបាក​ជា​បណ្ដោះអាសន្ន​សិន​ ទម្រាំ​​សេដ្ឋកិច្ច​នឹង​ស្ទុះ​​ឡើង​វិញ​ដោយ​សន្សឹមៗ ក្នុង​​ពេល​ឆាប់ៗ»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន ​RHB លោក Sailesh K. Jha, Suresh Rama ​និង​លោក Ahmad NazmiIdrus​ បាន​សរសេរ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ផលប៉ះពាល់​នឹង​គ្រាន់​តែ​ជា​ការ​ថយចុះ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ ​ពួក​គេ​បាន​រក្សា​ការ​ព្យាករ​ផលិតផល​​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ​ នឹង​កើន​ក្នុង​​អត្រា​ ៥,៤ ​ភាគរយ​៕