របាយការណ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​​ស្ដីពីប្រទេស​លីប៊ី ចេញ​ផ្សាយក្នុង​ខែមីនា​បាន​អះអាងថា ​យន្តហោះ​ដ្រូន​យោធា​ម៉ូដែល ​AI-Kargu-2 ​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​តួកគី STM ​បាន​វាយប្រហារ​ទៅលើ​ទាហាន ​ដោយ​ខ្លួនឯង​ជាលើក​ដំបូង។

បន្ថែមពីនេះ​ប្រភព​ដដែល​នេះ ក៏​បាន​រាយការណ៍​ស្ដីអំពី​ការប៉ះ​ទង្គិចគ្នា​មួយ​ នៅខែ​មីនា​ ឆ្នាំ២០២០​ នៅក្នុង​ជម្លោះ​យោធា​នៅ​ក្នុង​ប្រទេស​លីប៊ី ​ដោយ​លើក​ឡើង​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ត្រូវ​បានគេ​ស្គាល់ថា​ជាប្រព័ន្ធ​អាវុធ​ស្វ័យភាព​ដ៍​សាហាវមួយ​ទៀត​ ដែល​មាន​ឈ្មោះថា LAWS ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ពេល​មាន​​សង្គ្រាម។ ប៉ុន្តែ​របាយការណ៍​មិន​បាននិយាយ​ច្បាស់​ទេ​ថា​ អាវុធ​នេះ​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ​។

យ៉ាងណាមិញ​របាយការណ៍​ដដែល​នេះ ​មិន​បាន​បញ្ជាក់​ពី​សេចក្ដី​លម្អិត​ថា​តើ​មាន​អ្នក​ស្លាប់​ដោយសារ​ឧប្បត្តិ​ហេតុ​ប៉ុន្មាននាក់​ទេ​ ប៉ុន្តែអ្នក​ជំនាញ​បានចោទជា​សំណួរ​ថា​ តើកិច្ច​ប្រឹងប្រែង​ជា​សកល ​ដើម្បី​ហាម​ឃាត់​​មនុស្ស​យន្ត​ស្វយ័ត​ឃាតករ​ អាច​នឹង​ក្លាយ​ជា​រឿង​ឥត​បាន​ការ​ឬ​យ៉ាង​ណា​?

ក្រុមអ្នក​ជំនាញ​បាន​ធ្វើ​កំណត់​សម្គាល់ថា​ក្នុងរយៈ​ពេលពេញ​ ១ ឆ្នាំហើយ​​ ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ជំរុញឱ្យ​កងកម្លាំង​សម្ព័ន្ធភាព​ហាហ្វរ (HAF) ដក​ថយ​​ពី​រដ្ឋធានី​ទ្រីប៉ូ​លី​ នៃ​ប្រទេស​លីប៊ីវិញ ​ប៉ុន្តែ​ដ្រូន​យោធា​អាច​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិការ​ចាប់តាំង​ពីខែ​មករា​ ឆ្នាំ​ ២០២០ មក​ម្ល៉េះ​។

របាយការណ៍​របស់​អង្គការ ​U.N​ បានឱ្យ​ដឹង​ថា៖«ដ្រូន​យោធា​ ឬប្រព័ន្ធអាវុធ​ស្វ័យភាពដ៏សាហាវ​ដូចជា STM Kargu-2​ បាន​​ដេញ​ប្រហារ​​ក្បួន​ដឹកជញ្ជូន​ និង​កងកម្លាំង​សម្ព័ន្ធភាព​ HAF​​ ដែល​កំពុង​តែ​ដក​ថយ​»។

តាម​របាយ​ការណ៍​ប្រព័ន្ធ​អាវុធស្វ័យ​ភាព​ STM Kargu គឺជា​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​ប្រើប្រាស់​មុខងារ​ធ្វើ​ចំណាត់​ថ្នាក់​របស់​ម៉ាស៊ីន​ដើម្បី​ជ្រើសរើស​ និង​ដៅ​គោលដៅ​វាយប្រហារ។

អ្នកជំនាញ​បាន​សរសេរ​នៅក្នុង​របាយការណ៍ថា៖ «ប្រព័ន្ធ​អាវុធស្វយ័ត​ដ៏​សាហាវ​នេះ​ ត្រូវ​បានគេ​រៀប​ចំ​ឡើង​ ដើម្បីវាយ​ប្រហារ​គោលដៅ​ដោយមិនតម្រូវ​ឱ្យមានការ​ភ្ជាប់ទិន្នន័យ​រវាង​ប្រតិបត្តិករ​ និង​គ្រាប់​រំសេវ​នោះទេ​»។

អ្នកស្រាវជ្រាវ​ផ្នែក​មនុស្សយន្ត​ និង​បញ្ញាសិប្បនិម្មិត​ AI ​ជាច្រើននាក់​ក្នុង​ពេលកន្លងមក​រួម​ទាំងលោក​ Elon Musk និង​បុគ្គល​លេចធ្លោ​ជា​ច្រើនទៀត​ដូចជា​លោក Stephen Hawking និង Noam Chomsky ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​មានការហាមឃាត់ «អាវុធស្វយ័ត» នានា​ ដែល​មាន​មុខងារ​កំណត់​គោល​ដៅ ​និង​សម្លាប់​មនុស្ស​ដោយខ្លួន​ឯង​ ទៅ​តាម​កម្ម​​វិធីដែល​គេ​បង្កើត​ឡើង​។

ក្រុមអ្នកជំនាញក៏​បាន​ព្រមានថា​សំណុំ​ទិន្នន័យដែល​ត្រូវបាន​ប្រើ​បណ្តុះបណ្តាល​មនុស្ស​យន្ត​ឃាតករ​ស្វយ័តទាំងនេះ​ ដើម្បី​ចាត់ថ្នាក់​និង​កំណត់អត្តសញ្ញាណ​វត្ថុដូចជា​ឡានក្រុង​រថយន្ត​ និង​ជនស៊ីវិល​ប្រហែល​ជា​មិនមាន​ភាពរឹង​មាំ ​និង​សិក្សា​បាន​ពេញ​លេញ​ទេ ​ដូច្នេះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ។

លោក Zachary Kallenborn​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជំនាញ​ខាងយាន​អវកាស​គ្មាន​មនុស្ស​បើក​ជឿថា​ វា​អាច​នឹង​មានហានិភ័យខ្ពស់​ប្រសិន​បើ​មានអ្វីមួយ​កើត​ឡើង​ខុសប្រក្រតី​នៅពេល​ ដែល​ដ្រូន​ស្វយ័ត​បែបនេះ​ធ្វើការ​ទាក់ទង​និង​សម្រប​សម្រួល​សកម្មភាព​របស់​ពួកគេ​ក្នុង​ពេល​ប្រតិបត្តិ​ការ​។

បើ​យោងតាម​ការស្ទង់មតិ​ទូទាំង​ពិភពលោក​ដែលរៀបចំ​ឡើងដោយ​យុទ្ធនាការ​ ដើម្បី​បញ្ឈប់​ឃាតករ​រ៉ូបូត​ កាលពីឆ្នាំ​មុនបានរក​ឃើញថា ​អ្នក​ឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ​ជាង ​៦២ ភាគរយ​បាន​និយាយថា ​ពួកគេ​បាន​ប្រឆាំង​នឹងការ​ប្រើប្រាស់​ប្រព័ន្ធ​អាវុធស្វ័យ​ភាព​ដ៏​សាហាវ​ទាំង​នេះ​៕