កាលពីថ្ងៃអង្គារ​ ទី ២ ​មិថុនា​ សមាគម​វេជ្ជសាស្រ្ត​ម៉ាឡេស៊ី ​(Malaysia Medical Association) ប្រកាសថា​ កំឡុងពេល​យុទ្ធនាការ​ចាក់វ៉ាក់​សាំងកូវីដ​ ១៩ ​ការ​ចូលរួម​របស់​គ្រូពេទ្យ​ឯកទេស​ឯកជន​ គឺ​នៅមានកម្រិត​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ប្រធាន​ក្រុមហ៊ុនសមាគមន៍​វេជ្ជសាស្រ្តម៉ាឡេស៊ី​ លោក Subramaniam Muniandy​ បានស្តីបន្ទោស​ក្រសួង​សុខាភិបាល និង​គណៈកម្មា​ធិការ​ពិសេស​ស្តីពី​ការធានា​ការ​ផ្គត់ផ្គង់​ការ​ចាក់វ៉ាក់​សាំងកូវីដ ១៩ ​ចំពោះភាព​យឺតយ៉ាវ​ក្នុងការ​ចូលរួម​ជាមួយ​គ្រូពេទ្យ​នៅក្នុង​ប្រទេសក្នុង​នាមជា​អ្នកស្ម័គ្រ​ចិត្ត​ក្នុងការ​គ្រប់គ្រង​វ៉ាក់សាំង។

កាលពីថ្ងៃទី ៣១ ឧសភាលោក Khairy Jamaluddin ដែលជារដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា និងកា​រច្នៃប្រឌិត​និយាយ​ថា​មាន​តែគ្លីនិក​ឯកជន​ចំនួន​ ២​ ៤៦៧ ប៉ុណ្ណោះ​ដែលបាន​ចុះឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងនេះ​។

យោងតាម​ការ​ដកស្រង់​សម្តី​របស់​សារព័ត៌មាន CNA លោក​បាន​និយាយ​ថា ទោះបី​នៅក្នុង​ប្រទេស​មាន​គ្រូពេទ្យ​ប្រហែល​ជា ៧ ​០០០ នាក់​ ក៏ដោយ​ក៏មិនមែន​គ្រប់គ្នា​អាចចូល​រួមក្នុង​យុទ្ធនា​ការ​ចាក់វ៉ាក់សាំង​បានទេ។

លោកបាន​បន្ត​ថា ការដែល​មិនសូវ​មានការស្ម័គ្រ​ចិត្តពី​សំណាក់​អ្នកធ្វើការ​នៅក្នុង​វិស័យ​វេជ្ជសាស្រ្ត​ទូទៅអាច​មកពី​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ឬក៏​នៅតាម​បណ្តាគ្លីនិក​ឯកជន​មិនមាន​កន្លែងស្តុក​វ៉ាក់សាំង​តាមការ​កំណត់។

លោក Khairy ​បាន​និយាយ​នៅថ្ងៃទី ៣០ ខែ​ឧសភា​ថា ប្រហែល​ជា ១ ៨០០ នាក់ ​ក្នុង​ចំណោមអ្នក​ដែលបាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​បាន​ទទួលការ​បណ្តុះបណ្តាល​ជា​អ្នក​ចាក់វ៉ាក់សាំង។ ​គ្លីនិក​សរុប​ចំនួន ​៥០០ ​នឹងចាប់ផ្តើម​គ្រប់គ្រង​វ៉ាក់សាំង​នៅត្រឹម​ថ្ងៃទី ១៥ ខែមិថុនា​ ហើយចំនួន​គ្លីនិក​ដែលត្រូវ​បានចាត់​តាំងជា​មជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​នឹងកើន​ឡើងដល់​ ១​ ពាន់​។

លោក ​Subramaniam បានចង្អុល​បង្ហាញនៅ​ក្នុង​សេចក្តីថ្លែង​ការណ៍ថា ​គ្រូពេទ្យ​ដែលស្ម័គ្រចិត្ត​នឹងចាប់​ផ្តើម​ចូលរួម​យុទ្ធនាការ​ចាក់វ៉ាក់​សាំងនៅ​ដើម​ខែ​ឧសភា ប៉ុន្តែពន្យារ​ពេលដោយ​ត្រូវចាំ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល។​

លោកបាន​និយាយ​បន្ថែម​ថា ក្នុង១ ថ្ងៃអាចផ្តល់​ការចាក់​វ៉ាក់សាំង​ដល់ទៅ ៧៥​ ពាន់នាក់​ បើសិនជា​មានគ្រូពេទ្យ​ចំនួន ២ ៥០០​ នាក់​ចូលរួម​។

ក្រសួង​បាននិយាយថា​ដើម្បីធានា​ថា​ ការចាក់វ៉ាក់​សាំង​ស្របតាមស្តង់ដា​របស់​ក្រសួង​សុខាភិបាល​គ្រប់ផ្នែក​សុខាភិបាល​របស់រដ្ឋ​កំពុងប​ង្កើនការ​ចូលរួមពី​អ្នកអនុវត្តវិ​ស័យវេជ្ជ​សាស្រ្តទាំងនេះ​។

ក្រុមហ៊ុន​ ProtectHealth​ បាន​និយាយ​ថា កន្លែង​អនុវត្ត​ផ្នែក​វេជ្ជសាស្រ្ត​ឯកជន​ជាង ២០០ នាក់​ បានក្លាយ​ជា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ហើយ​មក​ដល់ពេលនេះ​កំពុងទទួល​ការបង្ហាត់​ទៅតាម​កម្មវិធី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​៕