រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក​ Hasni Mohammad ​បាន​និយាយ​ថា មុននឹង​មាន​ការ​បើក​ច្រក​ព្រំដែន​រវាង​ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហ​បុរីវិញ​ យើង​ត្រូវតែមើលទៅ​លើ​ចំនួន​ករណីកូវីដ ១៩​ សិន។

យោងតាម​ការ​ស្រង់សម្តី​របស់​សារព័ត៌មាន​ CNA​ កាលពី​ថ្ងៃទី ៣១​ ឧសភា​ លោក H​asni ​បាន​និយាយ​ថា ភាគី​ទាំងសង​ខាង​បាន​ព្រមព្រៀង​គ្នាលើ​កិច្ច​ចរចា​ដើម្បី​បើក​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ឡើងវិញ​ ដោយ​ចាំមើល​ស្ថានភាព​កូវីដ ១៩​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សិន​។

ប្រទេស​ម៉ាឡេស៊ី​ បាន​ចាប់ផ្តើម​បិទ​ប្រទេស​ជាលើក​ទី៣ ​កាល​ពី​ថ្ងៃទី ១ មិថុនា ​អំឡុង​ពេល​មាន​ករណីកូវីដ ​១៩ កំពុងកើន​ឡើង​គួរឱ្យ​ កត់​សម្គាល់​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ។ ​ក្នុង​ដំណាក់​កាលទី១​ នៃការ​បិទ​ប្រទេស​ចាប់ពី​ថ្ងៃទី ១​ មិថុនា ​ដល់ថ្ងៃ​ទី ១៤ ខែ​មិថុនា​​ ផ្សារ​ទំនើប​នានា​ត្រូវបាន​បិទ​ ខណៈ​ដែលមាន​តែផ្នែក​សេវាកម្ម​សំខាន់ៗ​ចំនួន​១៧​ប៉ុណ្ណោះ​ដែលត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ។

វិស័យ​ដែល​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការរួម​មាន​វិស័យ​សុខាភិបាល ​ទូរ​គមនាគមន៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ម្ហូបអាហារ​ និងភេសជ្ជៈ ​និង​សេវាកម្ម​ធនាគារ។

លោក Hasni ក៏​បានលើក​ឡើងពី​បញ្ហា​ដែល​ជះឥទ្ធិពល​ដល់​ពលករ​ម៉ាឡេស៊ី ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅ​ប្រទេស​សិង្ហបុរី​ ក្រោមការ​រៀបចំតាម​ពេលវេលា​កំណត់​ (Periodic Commuting Arrangement) ។

តាមគម្រោងការនេះ​ ពលករ​ម៉ាឡេស៊ី​នៅ​ប្រទេស​សិង្ហបុរី ​ដែលកាន់​លិខិតឆ្លង​ដែនមាន​ទិដ្ឋការ​រយៈពេល​វែង​ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់​ពាក្យសុំឈប់​សម្រាករយៈ​ពេលខ្លី ​បន្ទាប់ពី​ធ្វើការនៅ​ប្រទេស​សឹង្ហបុរី​ យ៉ាងតិច​ ៩០ ​ថ្ងៃជាប់ៗគ្នា​។

ទោះយ៉ាងណា​ពលករ​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​តម្លៃលើ​សេវាកម្មការ​ដាក់​ឱ្យ​ នៅដាច់​ដោយឡែក​នៅពេល​ចូលប្រទេស​សិង្ហបុរី។ ​កាលពីខែ​ឧសភា ប្រទេសសិង្ហ​បុរី បាន​ប្រកាសថា​ អ្នកដែល​មាន​ប្រវត្តិធ្វើ​ដំណើរថ្មីៗ​ទៅកាន់​តំបន់​ដែលមាន​ហា​និភ័យខ្ពស់​ក្នុង​ការ​ឆ្លងកូវីដ ១៩ ​រួមទាំង​ប្រទេស​ម៉ាឡេស៊ី​ នឹងត្រូវ​នៅដាច់​ដោយឡែក​រយៈពេល​ ២១ ថ្ងៃ​។

ចំពោះអ្នក​ដែលត្រូវ​នៅដាច់ដោយ​ឡែក​រយៈពេល ​២១ ថ្ងៃ​ ត្រូវ​បង់ប្រាក់​ទៅ​អាជ្ញាធរ​អន្តោប្រវេសន៍​ និង​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ប្រមាណ​ ៣ ០០០​ ដុល្លារ​ សម្រាប់​ការស្នាក់​នៅ​អាហារ និង​ការធ្វើ​តេស្តរក​កូវីដ ១៩​ ផងដែរ។

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​ បាន​បង្កើតនូវ​គម្រោង​ធ្វើ​ដំណើរ​ចាប់ផ្តើម​នៅថ្ងៃទី ១៧ ​ខែ​ឧសភា​ ដោយការ​ធ្វើដំណើរ​នឹង​ត្រូវបាន​អនុញ្ញាត​ តែការ​ចូលរួម​បុណ្យសព​ ឬទៅសួរ​សុខទុក្ខ​អ្នកដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ។

ក្រោម​គម្រោង​ធ្វើដំណើរនេះ​មានតែ​ប្រជាជន​ម៉ាឡេស៊ី ​ពលរដ្ឋ​សិង្ហបុរី​ដែលជា​អ្នកស្នាក់​នៅអចិន្រ្តៃយ៍​នៅ​ប្រទេសសិង្ហ​បុរី​ និង​អ្នកកាន់​លិខិតឆ្លង​ដែន ​Long Term Pass របស់សិង្ហបុរី​ដែលមាន​ជំងឺ​ ឬស្លាប់ក្នុង​ប្រទេសម៉ាឡេស៊ី​ អាចចូលមក​ប្រទេសនេះ​បាន៕