កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ គណបក្ស​ប្រឆាំង​អ៊ីស្រាអែល​បាន​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ចម្រុះ​​​មួយ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​រួបរួម​ថ្មី និង​ឯកភាព​បណ្តេញ​លោក Benjamin Netanyahu ដែល​ជា​នាយក​រដ្ឋមន្រ្តី​​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​ និង​ជា​ឥស្សរជន​លេច​ធ្លោ​ម្នាក់​ ដែល​បាន​ជំរុញ​នយោបាយ​ប្រទេស​នេះ​ទៅ​ស្ដាំ​និយម​។

ការ​សម្រេច​ថ្មី​រវាង​ភាគី​ទាំង ២ នេះ ​នឹង​ធ្វើ​ឱ្យ​នយោបាយ​ដែល​ជាប់​គាំង​មួយ​នេះ​មាន​ការ​ធូរស្បើយ​ជាង​មុន​ ​ក្រោយ​ប្រទេស​នេះ​ បាន​រៀបចំ​ការ​​បោះឆ្នោត​​ចំនួន ៤ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ និង​ធ្វើ​ឱ្យ​​អ៊ីស្រាអែល មិន​មាន​ស្ថិរភាព​ទាំង​ផ្នែក​នយោបាយ​ និង​ថវិកា​រដ្ឋ។​ ប្រសិន​បើ​សភា​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​មួយ​នេះ នោះ​ប្រទេស​អ៊ីស្រាអែល​ នឹង​អាច​កំណត់​​បាន​នូវ​​​រដ្ឋាភិបាល​ ដែល​មាន​ស្ថិរភាព​មួយ​។

ទោះ​ជា​យ៉ាងណា​ក្ដី​សម្ព័ន្ធ​ភាព​ថ្មី​នេះ គឺ​ជា​សម្ព័ន្ធមិត្ត​ចម្រុះ​រវាង​គណបក្ស​នយោបាយ​ចំនួន ​៨ ពី​​មនោគមន៍វិទ្យា​ផ្សេងៗ​គ្នា​ទាំង​ក្រុម​​ឆ្វេង​និយម​ផង ​និង​ក្រុម​ស្តាំ​និយម​​ផង​។ សម្ព័ន្ធភាព​ដដែល​នេះក៏​នឹង​រួម​បញ្ចូល​ទាំង​សមាជិកភាព​នៃ​គណ​បក្ស​អារ៉ាប់​តូច​មួយ​ដែល​មាន​ឈ្មោះ​ថា​ Raam​ ដែល​នឹង​ក្លាយ​ជា​ក្រុម​អារ៉ាប់​ដំបូង​គេ​ដែល​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ស្តាំ​និយម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​។

ខណៈ​ដែល​អ្នក​វិភាគ​មួយ​ចំនួន​បាន​សាទរ​ ចំពោះ​សម្ព័ន្ធភាព​នេះ ​អ្នក​វិភាគ​ឯ​ទៀត​ក៏​បាន​និយាយ​ថា សមាជិក​របស់​ខ្លួន​មិន​​ចុះ​សម្រុង​​ក្នុង​ការ​រួបរួម​​ថ្មី​នេះ​​ទេ ហើយ​ចាត់​ទុក​ការ​បង្រួប​​បង្រួម​​នេះ​ជា​ គឺ​ជា​នយោបាយ​ស្រមើស្រមៃ​មិន​អាច​ទៅ​រួច​ក្នុង​ប្រព័ន្ធ​នយោបាយ​អ៊ីស្រាអែល។

លោក Naftali Bennett ​អតីត​សម្ព័ន្ធមិត្ត​របស់​លោក​ Netanyahu ដែល​ភាគ​ច្រើន​ត្រូវ​​​បាន​គេ​មើល​ឃើញ​ថា​ ជា​បុគ្គល​ស្ដាំ​និយម​ជាង​រដ្ឋមន្ត្រី​ចាស់​នឹង​ក្លាយជា​​អ្នក​ដឹកនាំ​សម្ព័ន្ធភាព​នេះ​ រហូត​ដល់​ឆ្នាំ ២០២៣។​ លោក​ជា​អតីត​មេ​ដឹកនាំ​ដែល​ប្រឆាំង​នឹង​រដ្ឋ​ប៉ាឡេស្ទីន​ និង​ចង់​ឱ្យ​អ៊ីស្រាអែល​បញ្ចូល​​តំបន់​​ភាគ​ខាង​លិច​ West Bank ឱ្យ​ក្លាយ​ជា​របស់​អ៊ីស្រាអែល​ផង​ដែរ​។

ប្រសិន​បើ​រដ្ឋាភិបាល​នេះ ​អាច​រក្សា​ដំណើការ​បាន​រយៈពេល​ពេញ​ ១ អាណត្តិ​ លោក​ YairLapid​ មានវ័យ ​៥៧ ឆ្នាំ​ ជា​អតីត​ពិធីករ​ទូរទស្សន៍​អ៊ីស្រាអែល និង​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ៩ ឆ្នាំ ​មក​នឹង​ដឹកនាំ​បន្ត​​នៅ​ចន្លោះ​​ឆ្នាំ​ ២០២៣ និង​ ២០២៥​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​ត្រូវ​ការ​ការ​យល់ព្រម​ពី​សភា Knesset ឬ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ​។​ ក្រោយ​សម្រេច​រួច​ លោក​ Lapid និង​ដៃគូ​ចម្រុះ​ជា​ច្រើន​នឹង​បញ្ចប់​ការ​ដឹកនាំ​រយៈពេល ​១២ ​ឆ្នាំ​របស់​​លោក​ Netanyahu។

ជាមួយ​គ្នា​នេះ​ដែរ​ ទោះបី​ជា​អ៊ីស្រាអែល​ និង​សភា​របស់​ខ្លួន​នៅ​មាន​ភាព​មិន​ចុះ​សម្រុង​យ៉ាង​ណា​ក្ដី​​ ប៉ុន្តែ​សមាជិក​សភា​អ៊ីស្រាអែល​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​សម្រេច​ជ្រើសរើស ​លោក ​Isaac Herzog អតីត​មេ​ដឹកនាំ​គណបក្ស​ពលកម្ម​ និង​ជា​រដ្ឋមន្ត្រី​​រដ្ឋាភិបាល​ធ្វើ​ជា​ប្រធានាធិបតី​​ថ្មី​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ​៕