កាសែត​ The Asahi Shimbun បាន​ផ្សាយ​ថា​ នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ Yoshihide Suga​ ទំនង​ជា​នឹង​ធ្វើ​ការ​បោះឆ្នោត​មុន​ការ​កំណត់​បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ។

លោក Suga​ បាន​ធ្លាប់​និយាយ​ថា​ លោក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដោះស្រាយ​​បញ្ហា​កូវីដ ១៩ ​ហើយ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នឹង​នៅ​តែ​​បន្ត​ក្រោម​វិធាន​ការ​ការពារ។

យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បាន​ឱ្យ​ដឹង​ថា​ លោក​ Suga​ បាន​យល់​ព្រម​កាល​ពី​ថ្ងៃទី​ ២ មិថុនា​ជាមួយ​ប្រមុខ​នៃ​សម្ព័ន្ធភាព​ដែល​កំពុង​កាន់​អំណាច​របស់​លោក មិន​ឱ្យ​បន្ត​សម័យ​ប្រជុំ​សភា​បច្ចុប្បន្ន​ឡើយ។ ប្រទេស​ជប៉ុន​ នឹង​ត្រូវ​ប្រមូល​ថវិកា​បន្ថែម​ ដើម្បី​ទុក​សម្រាប់​ការ​ចំណាយ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​នឹង​ការ​រីក​រាលដាល​កូវីដ ១៩​។

យោង​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA សមាជិក​សភា​គណបក្ស​កាន់​អំណាច​លោក​ Shoji Nishida ​បាន​ប្រាប់​សារព័ត៌មាន កាល​​ពី​សប្តាហ៍​មុន​ថា៖ «វា​ច្បាស់​ណាស់​ថា​ យើង​ត្រូវ​ការ​ថវិកា​បន្ថែម​ ប៉ុន្តែ​សភា​កំពុង​បិទ​ដូច្នេះ​យើង​មិន​មាន​ពេលវេលា​ ដើម្បី​អនុម័ត​ទេ»។ លោក​បាន​បន្ត​និយាយ​ថា​ គួរ​តែ​មាន​ការ​ជជែក​វែក​ញែក​នៅ​ក្នុង​គណបក្ស​ស្តីពី​ការ​ចងក្រង​កញ្ចប់​សកម្មភាព​ និង​ថវិកា​បន្ថែម​៕