ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា គម្រោង​សាងសង់​បំពង់បង្ហូរ​ ឧស្ម័នក្រោមសមុទ្រ ឬគម្រោង Nord Stream 2 នឹង​ត្រូវ​បញ្ចប់​​​នាពេល​ឆាប់ៗ និង​ចាប់​ផ្តើម​បូម​ឧស្ម័ន​ទៅប្រទេសអាល្លឺម៉ង់​ ខណៈ​បច្ចុប្បន្ន​រដ្ឋបាលអាមេរិកថ្មី​​ កំពុង​ស្វះ​ស្វែងរកទំនាក់ទំនងល្អជាមួយ "​ដៃគូសំខាន់ៗនៅអឺរ៉ុប"​។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលសហរដ្ឋអាមេរិ​ក បាន​ដាក់ទណ្ឌកម្ម​លើប្រទេស​នេះជាបន្តបន្ទាប់ ដើម្បី​ព្យាយា​មរារាំង​គម្រោង​ ដែលនឹងដឹកជញ្ជូនឧស្ម័នដោយផ្ទាល់ពីប្រទេស​រុស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​ឆ្លង​កាត់​សម្ព័ន្ធ​មិត្តអ៊ុ​យក្រែន​ខាង​លិច​ជាដើម​។

ក្រុមហ៊ុន Gazprom របស់ប្រទេសរុស្ស៊ី (GAZP.MM) បានជំរុញ​ការកសាង​បំពង់បង្ហូរប្រេង ក្រោយត្រូវ​ទទួល​ការដាក់ទណ្ឌកម្ម​ពីសំណាក់​សហរដ្ឋអាមេរិក​ និង​បណ្ដាល​ឱ្យ​គម្រោង​នេះ​ដំណើរ​ការ​ទៅ​ដោយ​មិន​មាន​វត្តមាន​ក្រុមហ៊ុន​ដាក់បំ​ពង់​លោកខាងលិច​ កាលពី​ចុងឆ្នាំ ២០១៩។ ក្រោយមក​ កាលពី​ខែ​មុន រដ្ឋ​បាល​​របស់ប្រធានាធិបតីអាមេរិក Joe Biden បានសម្រេច​លើកលែងការដាក់ទណ្ឌកម្មមួយចំនួនវិញ​។

លោក Putin បាន​ឱ្យដឹងថា៖ «ខ្ញុំគិតថា គម្រោង​នេះ​គួរតែត្រូវ​បញ្ចប់ហើយ​ បើទោះជា​​រដ្ឋបាលថ្មី​របស់​សហរដ្ឋ​អាមេរិក​ខិត​ខំ​កសាងទំនាក់ទំនងល្អ​ជាមួយដៃគូសំខាន់របស់យើង​នៅអឺរ៉ុបក៏​ដោយ​។ តែ​សំណួរ​សួរ​ថា​ កសាង​ទំនាក់ទំនងល្អ​យ៉ាងម៉េចបាន បើយើង​ធ្វើ​ព្រងើយកន្ដើយ​ពី​ផល​ប្រយោជន៍​របស់​គេអ៊ិញ្ចឹង​? វា​ជា​អំពើ​​មិនសម​ហេតុសមផលសោះ​»។

ប្រភពដដែលបានបន្តថា ប្រទេសរុស្ស៊ី បានបញ្ចប់ការដាក់​បំពង់​បង្ហូរ​សម្រាប់ខ្សែទីមួយ Nord Stream 2 ហើយ​ ដោយ​គ្រោងនឹងបញ្ចប់បំពង់ទី២ ក្នុងរយៈពេល២ខែទៀត។ លោក Alexander Novak ឧបនា​យក​រដ្ឋ​​មន្ត្រី​រុស្ស៊ី​ បានថ្លែងថា នៅ​សល់​ចម្ងាយតិចជាង ១០០ គីឡូម៉ែត្រទៀត មុន​នឹង​បញ្ចប់​គម្រោង​នេះ​»។

គួររំឭក​ផងដែរថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ សាង​សង់​ឡើង​ដោយ​ចំណាយ​​ថវិកាសរុប ប្រមាណជាង ១ម៉ឺនលានអឺរ៉ូ​ ហើយនឹងអនុញ្ញាតឱ្យ​ប្រទេស​រុស្ស៊ី អាច​មាន​ច្រក​ថ្មី​មួយទៀត ក្នុងការនាំឧស្ម័នទៅលក់នៅអឺរ៉ុប។

មិន​ត្រឹម​តែប៉ុណ្ណោះ គម្រោង​នេះ​ក៏​នឹង​ក្លាយ​ទៅ​ជា​ការ​ប្រកួតប្រជែង​មួយ ជាមួយ​នឹង​ការដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​​របស់​សហរដ្ឋអាមេរិក ដែល​លោក Biden ធ្លាប់​បាន​ពិពណ៌នា​គម្រោងនេះ​ថា​ជា «កិច្ច​ព្រម​ព្រៀង​មិន​ល្អ​»​ សម្រាប់​ប្រទេស​នៅ​អឺរ៉ុប៕