នាយករដ្ឋមន្រ្តីកាណាដា​លោក​ Justin Trudeau បានអំពាវនាវដល់ព្រះវិហារកាតូលិកជាថ្មី​ម្តង​ទៀត​​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះការ​បង្ខំ​ និង​អំពើរំលោភបំពាន​ផ្សេងៗទៀតលើ​សិស្ស​ ដែល​ជាជន​ជាតិ​ភាគ​តិច​ប្រមាណ​ជាង ១៥​ ម៉ឺន​នាក់ កន្លង​មក​នៅ​ចន្លោះ​ពី​ឆ្នាំ ១៨៣១ ដល់​ឆ្នាំ ១៩៩៦។

ទោះ​ជាយ៉ាងណា ព្រះវិហារ​កាតូលិក​ បាន​បដិសេធ​មិន​សុំទោស និង​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​ទាំង​នេះ​ឡើយ ក្រោយ​មាន​ការ​រកឃើញ​អដ្ឋិធាតុរបស់សិស្សជន​ជាតិ​ភាគ​តិច​ ២១៥ នាក់​នៅ​អតីត​សាលា​កាតូលិក​មួយ​កាល​ពីខែ​មុន​។

លោក Trudeau បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា៖ «ក្នុង​នាមជាអ្នកកាន់សាសនា​កាតូ​លិក​​ ១ រូប ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង​ចំពោះ​ទង្វើ​​របស់ព្រះវិហារកាតូលិក​ដែលបាន​កើត​ឡើង​នាពេល​បច្ចុប្បន្ន​នេះ និង​​ច្រើនឆ្នាំកន្លងមក” ។ យើងរំពឹងថា ព្រះវិហារ​នឹងបង្កើនការ​ទទួលខុសត្រូវ​ ចំពោះ​ទង្វើ​របស់​ខ្លួន​នៅ​ក្នុង​ករណី​នេះ​»។

គួរបញ្ជាក់ផងដែរថា កុ​មារជនជាតិដើមភាគ​តិច​ជាង ១៥ ម៉ឺន​នាក់ ត្រូវបានគេបង្ខំឱ្យ​ចាក​ចេញ​ពីផ្ទះ​របស់​ពួក​គេ​នៅចន្លោះឆ្នាំ ១៨៣១ និង ១៩៩៦ ហើយត្រូវបានគេដាក់​នៅក្នុងសាលារៀន និង​ត្រូវ​ទទួល​រង​ការ​រំលោភ​បំពា​នផ្លូវ​កាយ​ និង​ផ្លូវ​ភេទ​ និង​កង្វះអាហារូបត្ថម្ភផងដែរ​។

របាយការណ៍ឆ្នាំ ២០១៥ ពីគណៈ​កម្មការស្វែងរកការពិត (Truth and Reconciliation Commission ) បាន​ហៅ​អំពើនេះ​ថា ជា​« អំពើ​ប្រល័យ​ពូជសាសន៍»។

សាលារៀនទាំង​នេះ ត្រូវ​បានគ្រប់គ្រង ដោយរដ្ឋាភិបាល និងព្រះ​វិហារ ដែលភាគច្រើនជា​អ្នក​កាន់​សាសនា​កាតូលិក។ គោលបំណងក្នុង​ការបង្កើត​សាលានេះឡើង គឺ​ដើម្បី​​បង្រួបបង្រួមនិង​ផ្ដល់​សិទ្ធិ​ស្មើគ្នា​ដល់​កុមារ​ជន​ជាតិ​ដើមភាគតិច​។

គួរបញ្ជាក់​ផងដែរថា កាលពី​​ឆ្នាំ ២០០៨ រដ្ឋាភិបាលកាណាដា ក៏​ធ្លាប់​បាន​សុំទោស​ជា​ផ្លូវ​ការ​ ចំពោះអ្វី​ដែល​បានកើ​ត​ឡើង​នៅ​សាលារៀន​នោះ​ផងដែរ​។ ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ឆ្នាំ ២០១៧ លោក Trudeau ក៏ធ្លាប់​បាន​អំពាវនាវ​ឱ្យ​ព្រះវិហារ​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ និង​សុំ​ទោស​ចំពោះអំពើរបស់​ព្រះវិហារ ប៉ុន្តែ​មិន​មាន​ការឆ្លើយ​តប​ណា​មួយ​ឡើយ​មក​ដល់​បច្ចុប្បន្ន​។ ​លោក​ ក៏​បាន​ព្រមា​ន​ថា​ នឹង​ប្រើវិធាន​ការក្ដៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ព្រះវិហារ​នេះ ប្រសិន​បើ​លោក​នៅតែ​មិន​ទាន់​ទទួល​បាន​ប្រតិកម្ម​ណាមួយ​ពីព្រះវិហារ​នេះ​៕