គណបក្ស​លោកស្រី Angela Merkel មាន​សង្ឃឹម​អាចនឹង​ទទួល​ជោគជ័យ​ក្នុងការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែកញ្ញា ​ក្រោយ​​ទទួល​ជ័យ​ជម្នះ​លើ​​​ការ​បោះ​ឆ្នោត​នៅ​រដ្ឋសំខាន់​មួយនៅ​ភាគខាង​កើត​ប្រទេស​អាល្លឺម៉ង់។ នេះ​បើតាម​ការ​ឱ្យ​ដឹងពីការ​ស្ទង់​មតិ​បឋមនា​​ពេល​ថ្មីៗនេះ។

សម្រង់​មតិ​បឋម​ក្រោយ​បោះ​​ឆ្នោតនៅរដ្ឋ​ Saxony-Anhalt ប្រទេស​អាល្លឺម៉ង់ ​សម្រាប់​ការផ្សាយ​ជា​សាធា​រណៈ​ MDR បាន​ឱ្យ​ដឹងថា​គណបក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (CDU) ដឹក​នាំដោយ​លោក​ Armin Laschet នឹង​គាំទ្រ​ដោយលោក​ស្រី Angela Merkel ទទួល​បាន​ប្រមាណ​ ៣៦ ​ភាគរយ​ ពោល​គឺ​​កើនឡើង​ជាង​៦ពិន្ទុ​ បើ​ធៀប​ទៅ​នឹង​ ៥ ឆ្នាំមុន ជា​ការនាំមុខ​​គណបក្សស្តាំ​និយមជ្រុ​ល​អាល្លឺម៉ង់ ​(AfD) ពោល​គឺ​ទទួល​បាន​ប្រមាណ​ ២២,៥​ ភាគរយ ​ធ្លាក់ចុះ​បន្តិច​ បើ​ធៀប​នឹង​ការបោះឆ្នោត​មុនៗ​។

គណបក្ស AfD បានរំកិល​ខ្លួន​ទៅ​រក​ស្តាំនិយម​ ជាបន្ត​បន្ទាប់​នៅ​ក្នុង​ពេល​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ ​ហើយ​លទ្ធផល​ចេញ​ពី​ការស្រង់​មតិ​នៅរដ្ឋ​ Saxony-Anhalt នេះ​គឺ​ស្ថិត​នៅ​ក្រោមការ​ត្រួតពិនិត្យ​ពី​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ក្នុងស្រុក​របស់​ប្រទេស​អាល្លឺម៉ង់​ ដើម្បីតាម​ដាន​មើល​ពី​ទំនាក់ទំនង​របស់​គណបក្ស​នេះ​និង​ក្រុម​ជ្រុល​និយម។​

ខណៈពេល​ ដែលការ​បោះឆ្នោត​នៅក្នុង​រដ្ឋ​ចំនួន ​១៦ ​នៅ​ប្រទេស​អាល្លឺម៉ង់​ជារឿយៗ​តែង​ត្រូវ​បាន​ជះ​ឥទ្ធិពល ​ដោយ​បញ្ហាក្នុងតំបន់ និងការ​សម្រេចចិត្ត​ក្នុង​ការ​បោះឆ្នោត​ ប៉ុន្តែ​បញ្ហានេះ​ ក៏ត្រូវបាន​គេ​មើល​ឃើញ​ថា​ ​ជា​សញ្ញាណ​ដ៏​សំខាន់មួយ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ផងដែរ។

ជ័យជម្នះ​ដ៏រឹងមាំ​នៃ​រដ្ឋ​មួយ​នេះ​ត្រូវបាន​គេមើល​ឃើញ​ថា​ ជា​សញ្ញាណ​មួយ ដែល​ជំរុញ​ឱ្យ​គណបក្ស​ CDU នឹង​ទទួលបាន​ការគាំទ្រ​ពីអ្នក​អភិរក្ស​និង​អ្នកអភិរក្ស​និយមនៅថ្ងៃ​ទី​ ២៦ ​ខែកញ្ញា​ខាងមុខ​៕