ការ​រើសអើង​អាយុ​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន ​មាន​លក្ខណៈ​ស្រួចស្រាល់ ​ដោយ​និយោជិត​នៅ​ក្នុង​វិស័យ​នេះ​ ត្រូវ​បាន​គេ​កំណត់​​អាយុ​មិន​ឱ្យ​លើស​​ពី ៣៥ ឆ្នាំ ​ដោយ​​បាន​ដាក់​សម្ពាធ​ដល់​កម្មករ​វ័យ​ចំណាស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។

គោល​បំណង​នៃ​ការ​ទទួល​យក​​និយោជិត​នៅ​វ័យ​ក្មេង​ និង​មាន​​ទេពកោសល្យ​របស់​ចិន គឺ​ដើម្បី​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​ប្រទេស​ក្នុង​ការ​ឈរ​ជើង​ជា​មេ​ដឹកនាំ​ពិភព​លោក​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ប្រទេស​ចិន​ បាន​ប្រើ​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​​ខ្លួន​ឆ្ពោះ​ទៅ​មុខ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ប៉ុន្តែ​មហិច្ឆតា​របស់​លោក​ប្រធានាធិបតី Xi Jinping នៅ​ឆ្នាំ ២០២៥ គឺ​ចង់​ឃើញ​ផលិតផល​​បច្ចេកវិទ្យា​ជា​ច្រើន​មុខ​ រួម​ទាំង​ឧបករណ៍​អេឡិចត្រូនិក​ និង​បញ្ញាសិប្ប​និម្មិត​ផលិត​នៅ​ប្រទេស​ចិន​។

ហេតុ​ដូច​នេះ​ហើយ ​គេ​សង្កេត​ឃើញ​មនុស្ស​ជិត​ ២ ភាគ ៣ ​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​មាន​អាយុ​លើស​ពី ៣៥ ឆ្នាំ​ឡើង​ទៅ ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។ នេះ​បើ​យោង​តាម​របាយការណ៍ ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែ​មករា ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សារដ្ឋ ដោយ​ផ្អែក​លើ​ទិន្នន័យ និង​ការ​ស្ទង់មតិ​ស្ដីពី​​ការងារ​នៅ​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា​ ឆ្នាំ​មុន​។

ជាក់​ស្ដែង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​ចិន​ Huawei Technologies ក៏​បាន​រក​ឃើញ​ពី​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ស្ដីពី​​ការ​រើសអើង​អាយុ​ក្នុង​ឆ្នាំ​ ២០២០ ដែរ​ដោយ​ក្រុមហ៊ុន​នេះ ​បាន​បណ្តេញ​បុគ្គលិក​ប្រហែល ៧ ពាន់​នាក់ ​ដែល​ភាគ​ច្រើន​មាន​អាយុ​ប្រហែល​ ៣៥ ឆ្នាំ។​

យោង​តាម​របាយការណ៍​​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​តាមអ៊ីនធឺណិត ​Maimai កាល​ពី​ខែ​មីនា ​អាយុ​មធ្យម​នៃ​និយោជិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំង​ ១៩ ​របស់​ចិន​ គឺ​មាន​អាយុ​ ២៩,៦ ​ឆ្នាំ។ ​ដោយ​ឡែក​ក្រុមហ៊ុន​ TikTok ByteDance ​និង​ក្រុមហ៊ុន​យក្ស​អេឡិចត្រូនិក​ Pinduoduo ដែល​ជា​ក្រុមហ៊ុន​វ័យ​ក្មេង​នៃ​បច្ចេកវិទ្យា​ធំ​របស់​ចិន​ ក៏​មាន​ទំនោរ​ទទួល​យក​តែ​បុគ្គលិក​វ័យ​ក្មេង​ដែរ បើ​គិត​ជា​​អាយុ​ជា​មធ្យម​ គឺ​មាន​អាយុ​ត្រឹមតែ ២៧ ​ឆ្នាំ​ប៉ុណ្ណោះ។​

បើទោះ​ជា​ការ​រើសអើង​អាយុ​និយោជិត​ជា​រឿង​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ជាច្រើន​លើ​ពិភព​លោក​​យ៉ាង​ណា​ក្ដី​​ ប៉ុន្តែ​សម្រាប់​ប្រទេស​ចិន ​មិនមែន​ជា​រឿង​ខុស​ច្បាប់​ឡើយ​ចំពោះ​ប្រទេស​ ដែល​​កំពុង​ទទួល​រង​វិបត្តិ​វ័យ​ចំណាស់​កើន​​ឡើង​​យ៉ាង​ឆាប់​រហ័ស ​និង​ការ​ធ្លាក់ចុះ​កម្លាំង​ពលកម្ម​ក្រោយ​អនុវត្ត​គោល​នយោបាយ​កូន​ទោល​អស់​ជាង​ ៣ ​ទសវត្សរ៍​នេះ​។​

ទោះបី​ជា​ប្រទេស​ចិន ​ថ្មីៗ​នេះ ទើប​តែ​កែប្រែ​គោល​នយោបាយ​ដោយ​អនុញ្ញាត​ឱ្យ​ប្ដី ប្រពន្ធ​មាន​កូន​ ៣ ក្នុង​ ១ ​គ្រួសារ​ក៏​ដោយ ប៉ុន្តែ​អត្រា​ប្រជាជន​អាយុម​ធ្យម​របស់​ប្រទេស​នេះ នៅ​តែ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើន​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

ដោយសារ​តែ​ចំនួន​អាយុកាល​​​មធ្យម​និយោជិត​របស់​ប្រទេសនេះ​ កើន​ឡើង​ខ្លាំង​ចំ​ពេល​មាន​ការ​រើសអើង​អាយុ​និយោជិត​ប្រជាជន​ជា​ច្រើន​កំពុង​មាន​មន្ទិល​ថា​ តើ​ពេល​ណា​ទើប​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ល្បីល្បាញ​នៅ​ប្រទេស​ចិន ​ឱ្យ​លុប​បំបាត់​​គោលការណ៍​នេះ​ចេញ។

យ៉ាងណា​មិញ​ដោយសារ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​ចិន​ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​លើ​កម្មករ​វ័យ​កណ្តាល​ ការ​ធ្វើ​ដូច​នេះ​អាច​នឹង​បន្ថែម​សម្ពាធ​ដល់​អាយុ​ប្រជាជន​ចិន​ឱ្យ​ជួប​នឹង «វិបត្តិ​វ័យ​កណ្ដាល​» ក្នុង​ជីវិត​ដែល​អាច​​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​ថ្មី​បន្ថែម​ទៀត​ក្នុង​រយៈពេល​វែង​នៅ​ពេល​អនាគត៕