កាលពី​ថ្ងៃ​ចន្ទ ​ទី៧ មិថុនា​ អតីត​ប្រធានា​ធិបតី​នាយក​រដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចំនួន ១០០ ​នាក់​ បាន​ជំរុញឱ្យ G7 ​ចំណាយ​ប្រាក់​ទៅលើ​វ៉ាក់សាំង​កូវីដ ១៩ នៅលើ​ពិភព​លោក​ដើម្បី​ជួយ​បញ្ឈប់​ការ​រីករាល​ដាលកូវីដ ១៩ ​ជាសកល​។

ការអំពា​វនាវនេះ​គឺធ្វើ​ឡើងមុន​កិច្ច​ប្រជុំកំពូល ​G7 នៅប្រទេស​អង់គ្លេស​ដែលនឹង​ចាប់ផ្តើម​នៅថ្ងៃទី​ ១១ មិថុនា​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ នឹងជួប​ជាមួយ​មេដឹកនាំ​អង់គ្លេស​បារាំង​​ អាល្លឺម៉ង់ ​​អ៊ីតាលី​ ​កាណាដា​ ​និងជប៉ុន។

នៅក្នុង​លិខិត​របស់ក្រុម​មេដឹក​នាំ​ទៅ​កាន់ G7 អតីត​មេដឹកនាំ​ពិភព​លោកបាន​និយាយថា​ កិច្ច​សហប្រតិបត្តិការ​ពិភព​លោកបាន​បរាជ័យ​ក្នុងឆ្នាំ ​២០២០ ​ប៉ុន្តែថា​ឆ្នាំ​ ២០២១ អាចនឹង​ឈានទៅ​រក​យុគសម័យ​ថ្មីមួយ។ ​

លិខិតនោះ​បាន​សរសេរថា​ការគាំទ្រ​ពី​ G7​ និង G20 ​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ ១៩ ទៅបណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​មិនមែន​ជា​សកម្មភាព​សប្បុរសធម៌​ទេ​ ប៉ុន្តែផ្ទុយ​ទៅវិញ​ជា​ផល​ប្រយោជន៍ និង​យុទ្ធសាស្ត្រ​របស់​ប្រទេស​នីមួយៗ។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​នៅមុន​កិច្ច​ប្រជុំកំពូលនេះ​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​លោក Boris Johnson ​បាននិយាយថា​លោកនឹង​ជំរុញ​មេដឹកនាំ​ G7 ផ្សេងទៀត​របស់​លោកនៅ​ក្នុងកិច្ច​ប្រជុំកំពូលនេះ​ដើម្បីធ្វើ​ការប្តេជ្ញាចិត្ត​ជាក់លាក់​ដើម្បីផ្តល់​វ៉ាក់សាំងកូវីដ ១៩​ ទៅ​ពិភព​លោក។