កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ៦​ មិថុនា ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​ថា​ រដ្ឋាភិបាល​ចម្រុះ​ថ្មី​បង្កើត​ដោយ​សម្ព័ន្ធភាព​គូប្រជែង​របស់​លោក​ដែល​ត្រៀម​នឹង​ទម្លាក់​លោក​ពី​តំណែង​ គឺ​ជា​លទ្ធផល​នៃ​ «​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត​ដ៏​ធំ​បំផុត​» ក្នុង​ប្រវត្តិសាស្ត្រ​លទ្ធិប្រជាធិបតេយ្យ​។

ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​ចោទ​ប្រកាន់​លើ​ការ​បោះឆ្នោត​​អាមេរិក​ដោយ​អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ ធ្វើ​ឡើង​ខណៈ​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា​ អំពើ​ហិង្សា​អាច​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ភាព​តានតឹង​នយោបាយ​ឈាន​ដល់​កំពូល​។

លោក​ Netanyahu បាន​ប្រាប់​សមាជិក​សភា​នៃ​គណបក្ស​​ស្ដាំ​និយម​ Likud របស់​លោក​ថា​៖ «យើ​ងកំពុង​មើល​ឃើញ​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ ​ហើយ​បើ​តាម​គំនិត​របស់​ខ្ញុំ​ គឺ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​បាន​ផ្ដោត​ការ​ចោទ​ប្រកាន់​របស់​លោក​ទៅ​លើ​ការ​ក្បត់​សន្យា​យុទ្ធនាការ​បោះឆ្នោត​ដោយ​​លោក​ Naftali Bennett ដែល​បាន​សន្យា​ថា​ នឹង​មិន​ធ្វើ​ជា​​​ដៃគូ​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ឆ្វេង​និយម​ គណបក្ស​កណ្ដាល​និយម​ និង​គណបក្ស​ជនជាតិ​អារ៉ាប់​។

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ លោក​ Bennett បាន​ប្រកាស​ចូល​​បង្កើត​រដ្ឋាភិបាល​ជា​មួយ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក​ YairLapid ក្នុង​សម្ព័ន្ធភាព​នយោបាយ​មួយ​ដែល​គណបក្ស​ចំនួន​ ៨​ ដែល​មាន​និន្នាការ​ខុសៗ​គ្នា​ ប៉ុន្តែ​ស្រប​គ្នា​លើ​ការ​ប្រឆាំង​នឹង​លោក​ Netanyahu។ ​ក្រោម​កិច្ច​ព្រមព្រៀង​ចែក​រំលែក​អំណាច​លោក​ Bennett នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បណ្ដាក់​វេន​ជា​មួយ​លោក​ YairLapid​។

លោក ​Netanyahu៖ «នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​អាច​មាន​អារម្មណ៍​ថា​ ត្រូវ​បាន​គេ​បោក​បញ្ឆោត​ ហើយ​ពួក​គេ​កំពុង​ឆ្លើយ​តប​ថា​ ពួក​គេ​មិន​ត្រូវ​បិទ​មាត់​ទេ​»​។

«យើង ​មិត្តភក្ដិ​ខ្ញុំ ​និង​ខ្ញុំ​ នៅ​គណបក្ស​ Likud យើង​នឹង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើត​រដ្ឋាភិបាល​ដ៏​គ្រោះថ្នាក់​នេះ​ ដែល​បាន​មក​ពី​ការ​លួច​បន្លំ និង​ការ​ចុះ​ចាញ់​» លោក Netanyahu បាន​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ហើយ​ប្រសិន​បើ​វា​ត្រូវ​បាន​បង្កើត​ យើង​នឹង​រុះរើ​វា​យ៉ាង​ឆាប់​រហ័ស​»។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​អត្ថាធិប្បាយ​របស់​លោក​ Netanyahu​ លោក​ Bennett ​បាន​និយាយ​ថា​ អ្នក​នយោបាយ​ជើង​ចាស់​នេះ​ មិន​គួរ​បន្សល់​ទុក​ការ​ខូចខាត​ដោយ​ចេតនា​ និង​ទទួល​យក​ថា «​មនុស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​បង្កើត​រដ្ឋាភិបាល ​បើ​ទោះបី​អ្នក​​មិន​ដឹកនាំ​វា​ក៏​ដោយ​»​។

កាល​ពី​ថ្ងៃ​សៅរ៍​លោក Nadav Argaman ប្រធាន​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃ​ក្នុង​អ៊ីស្រាអែល​ Shin Bet បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ ​«ថ្មីៗ​នេះ​យើង​បាន​រក​ឃើញ​ការ​កើន​ឡើង​នូវ​សុន្ទរកថា ហិង្សា​និយម​ និង​ញុះញង់​ដែល​កាន់​តែ​ខ្លាំង​ឡើង ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​»។

លោក​បាន​បន្ត​ទៀត​ថា​៖ «សុន្ទរកថា​បែប​នេះ​ អាច​ត្រូវ​បាន​ក្រុម ឬ​បុគ្គល​មួយ​ចំនួន​យល់​ឃើញ​ថា​ ជា​ការ​ការ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ហិង្សា ​និង​ខុស​ច្បាប់ ដែល​អាច​បង្ក​អន្តរាយ​ដល់​រាង​កាយ​ផង​ដែរ​»​។

ក្រុម​ប្រឆាំង​លោក​ Netanyahu បាន​យល់​ឃើញ​ថា​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ Argaman ថា​ជា​ការ​ព្រមាន​ដល់​នាយក​រដ្ឋមន្ត្រី​រូប​នេះ។

«ខ្សែ​បន្ទាត់​ គឺ​ស្ដើង​ណាស់​រវាង​ការ​រិះគន់​នយោបាយ​ និង​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា»​ លោក​ Netanyahu បាន​និយាយ​បែប​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​មិន​អាច​និយាយ​បាន​ទេ​ថា ​នៅ​ពេល​ការ​រិះគន់​មក​ពី​ខាង​ស្តាំ វា​ជា​ការ​​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ហើយ​នៅ​ពេល​វា​មក​ពី​ខាង​ឆ្វេង​វា​ គឺ​ជា​ការ​ប្រើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទេ​»​។

លោក​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​សូម​​ថ្កោល​ទោស​រាល់​ការ​ញុះញង់​ឱ្យ​​មាន​អំពើ​ហិង្សា​»​។

យ៉ាង​ណា​មិញ​លោក Lapid និង​លោក​ Bennett បាន​ជោគជ័យ​ក្នុង​ការ​ប្រមូលផ្ដុំ​សំឡេង​គ្រប់គ្រាន់​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​បន្ទាប់​ពី​លោក​ Netanyahu បាន​បរាជ័យ​ បើ​ទោះបី​ជា​បក្ស​លោក​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​សភា​។ នេះ​ជា​ការ​បោះឆ្នោត​លើក​ទី​៤​ ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​វិបត្តិ​ជាប់​គាំង​នយោបាយ​ឆ្នាំ​ ២០១៩។

ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ គឺ​ការ​បោះឆ្នោត​អនុម័ត​ដោយ​សភា​ Knesset​។ កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ក្នុង​សភា​ គឺ​មិន​ទាន់​កំណត់​នៅ​ឡើយ​៕