អ្នកនយោបាយ​គណបក្ស​ប្រឆាំង​រុស្ស៊ី ​លោក Dmitry Gudkov បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​បាន​ចាក​ចេញ​ពី​ប្រទេសរុស្ស៊ី​ ក្រោយ​ទទួលបាន​ការព្រមាន​ពី​សំណាក់​មនុស្ស​ជិតស្និទ្ធ​នឹង​វិមានក្រឹមឡាំង​ថា​ នឹងចាប់​​ខ្លួនលោក​ ប្រសិនបើ​លោក​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេសនេះ​ទៀត​។

អតីត​សមាជិក​សភារុស្ស៊ី លោក Dmitry Gudkov អាយុ ៤១ ឆ្នាំ ​ធ្លាប់​ត្រូវ​បានឃុំខ្លួន​ ដោយ​មន្រ្តីអនុវត្ត​ច្បាប់​រុស្ស៊ី​កាលពីថ្ងៃ អង្គារ​ ដោយ​ចោទប្រកាន់ថា​ លោកមិន​បាន​សង​បំណុល​លើ​ទ្រព្យ​សម្បត្តិ​ ដែល​លោក​ជួល​។

លោក​ត្រូវបានគេ​ដោះលែង​ពី​មន្ទីរឃុំឃាំង​កាលពីថ្ងៃ​ព្រហស្បតិ៍ ​ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជន​សង្ស័យ​ក្នុង​ករណីព្រហ្មទណ្ឌ​ដដែល​។ ក្រុមអ្នកប្រឆាំង​វិមាន​ក្រឹមឡាំង ​ដែល​ភាគ​ច្រើន​ជា​សម្ព័ន្ធមិត្ត​របស់​អ្នក​​រិះគន់​វិមានក្រឹម​ឡាំងលោក Alexei Navalny បានភៀស​ខ្លួនចេញពី​ប្រទេស​ ដោយសារ​តែ​ការ​បង្ក្រាប​ចុង​ក្រោយ​បង្អស់​ទៅលើក្រុម​ប្រឆាំង​ទាក់​ទិននឹង​ករណី​ប្រមូលផ្តុំ​គ្នា​នៅ​តាមដង​ផ្លូវ​ ដើម្បី​ទាមទា​រ​ឱ្យ​មាន​ការ​ដោះលែង​លោក Nav​alny ។

លោក Gudkov បាន​និយាយថា​គោលបំណង​ពិត​នៃ​ការ​គំរាមចាប់ខ្លួន​លោកនោះ​ គឺ​ដើម្បី​រារាំង​លោក ពី​កា​របោះ​ឆ្នោត​សភានៅ​ខែ​ កញ្ញា ខាង​មុខ​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ ​វិមានក្រឹមឡាំង ​បាន​និយាយ​ថា ការចាប់ខ្លួន​អ្នកនយោបាយ​នាពេ​លថ្មីៗ​នេះ ​រួមទាំង​លោក Dmitry Gudkov ផងនោះ គឺ​មិនមាន​អ្វី​ទាក់​ទង​​នឹង​នយោបាយទេ ​ហើយ​លោក​ក៏​បាន​បដិសេធ​​ព្យាយាម​ជី​កស្មៅទាំង​ឫស​លើ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​ដែរ​។

លោក Gudkov ក៏​បាន​ប្រាប់​សារព័ត៌មាន Reuters​ កាលពីថ្ងៃ ​អាទិត្យថា ​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ​ស្ដីអំពី​​ផែនការ​បន្ថែម​របស់​លោក​នៅថ្ងៃ​ខាងមុខ៕