កាល​ពី​ថ្ងៃ​ចន្ទ ​ទី ៧ មិថុនា ប្រធាន​សភា​អ៊ីស្រាអែល​ លោក​ Yariv Levin បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​ទៅ​កាន់​សភា​ Knesset ថា​ ការ​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាល​ថ្មី​ ដែល​​​នឹង​ទម្លាក់​នាយករដ្ឋមន្ត្រី​ Benjamin Nethanyahu ចេញ​ពី​តំណែង​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ ត្រឹម​ថ្ងៃ​ទី ១៤ មិថុនា ប៉ុន្តែ​មិន​បាន​​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​បោះឆ្នោត​អនុម័ត​ទេ​។

លោក​ Levin ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ Nethanyahu បាន​និយាយ​ថា​៖ «សេចក្តី​ប្រកាស​ទាក់ទង​នឹង​កាលបរិច្ឆេទ​សម្រាប់​សម័យ​ប្រជុំ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ទី៣៦ របស់​អ៊ីស្រាអែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សមាជិក​សភា​នៅ​ពេល​ក្រោយ​»​។

ការ​ប្រកាស​បែប​នេះ ​បាន​បើក​ចំហ​រយៈពេល​ ១ ​សប្ដាហ៍​បន្ថែម​ទៀត​ សម្រាប់​លោក​ Nethanyahu ធ្វើ​ការ​រារាំង​ការ​បង្កើត​រដ្ឋាភិបាល​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ Nafatali Bennett ដែល​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាមួយ​ដៃគូ​រដ្ឋាភិបាល​ចម្រុះ​លោក​ Yair​Lapid​ បាន​ទាមទារ​ឱ្យ​លោក​ Nethanyahu «បោះបង់​ទៅ​»​ ហើយ​​បញ្ឈប់​កិច្ច​ខិតខំ​ប្រឹងប្រែង​បំបែក​សម្ព័ន្ធភាព​នយោបាយ​នៃ​រដ្ឋាភិបាល​ថ្មី​ ដើម្បី​បង្អាក់​ការ​ចូល​កាន់​តំណែង​។ លោក​ Bennett ក៏​បាន​ជំរុញ​ឱ្យ​លោក​ Levin កុំ​ពន្យារ​ ហើយ​ធ្វើ​ការ​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាល​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​៕