អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​បាន​និយាយ​ថា​ រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin ថា​ ជារូបិយប័ណ្ណ​​បោកប្រាស់​និង​អាច​គំរាម​គំហែង​ដល់​ប្រាក់ដុល្លារ​អាមេរិក​ នៅក្នុង​បទសម្ភាសមួយ​ទៅ​កាន់​បណ្តាញ​សារ​ព័ត៌មាន​ Fox ​កាលពី​ថ្ងៃ​ចន្ទ ​កន្លងទៅ។

លោក Trump​ បាន​និយាយថា៖​ «ខ្ញុំ​មើល​ទៅ​រូបិយប័ណ្ណ ​Bitcoin ដូចជា​ការឆបោក។​ ខ្ញុំមិន​ចូលចិត្ត​ទេ ព្រោះ​វា​ជារូបិយប័ណ្ណ​មួយផ្សេង​ទៀត ​កំពុង​ប្រកួតប្រជែង​នឹង​ប្រាក់ដុល្លារ ... ខ្ញុំ​ចង់ឱ្យ​ប្រាក់​ដុល្លារ​ជា​រូបិយប័ណ្ណ​របស់​ពិភព​លោក​ដូច​ដែល​អ្វី​ខ្ញុំ​និយាយ​ជារឿយៗ​កន្លងមក​»។

រូបិយប័ណ្ណ​អេឡិច​ត្រូនិក​ធំបំផុត​មួយ​នេះ ​បានធ្លាក់ចុះ​ស្ទើរតែ ​៦​ភាគរយ​សម្រាប់​ការ​ជួញ​ដូរ​នៅ​អាស៊ី​ និង​មាន​តម្លៃ​ប្រមាណ​ ៣២ ​៧៧០ ​ដុល្លារ​ បើ​គិត​ត្រឹមម៉ោង ១១​ ព្រឹកនៅ​ហុងកុង។​ នេះ​បើ​យោង​តាម​ទីភ្នា​ក់​ងារ​ព័ត៌មាន​ Bloomberg​។

តម្លៃរបស់ Bitcoin ​កំពុងបង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ ​ចាប់តាំងពី​ដើម​ខែ​ឧសភា ​មក​ម្ល៉េះ ហើយ​នៅ​មិន​ទាន់​បាន​ងើប​ឡើងវិ​ញនៅ​ឡើយទេ​ បើ​គិត​មក​ដល់​បច្ចុប្បន្ន​។ ​ក្នុង​អំឡុងពេល​ប៉ុន្មានខែ​ដំបូង​នៃ​ឆ្នាំនេះ រូបិយប័ណ្ណ​មួយ​នេះ បាន​កើនឡើង​ដល់​ប្រមាណ​ ៦០​ ០០០​ ដុល្លារ។

ទោះ​យ៉ាងណាក្ដី ​ការ​ធ្វើ​អត្ថាធិប្បាយរប​ស់​លោក Trump ទាក់​ទិននឹង​រូបិយប័ណ្ណ​ Bitcoin មួយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ ដែល​ប្រធានាធិបតី​លោក Elibel Bukele នៃ​ប្រទេស ​El Salvador សម្រេច​​ប្រើ​រូបិយ​ប័ណ្ឌ​ Bitcoin ជាផ្លូវការសម្រាប់​ការដេញ​ថ្លៃ​ស្របច្បាប់​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។

ផ្ទុយស្រឡះពី​សេចក្តី​ថ្លែងការណ៍​លោក​ Trump លោក N​eil Wilson ​ប្រធាន​អ្នកវិភាគ​ទីផ្សារ​សម្រាប់ Markets.com ​បាន​និយាយថា​ Bitcoin ​មិនមែនជា​រូបិយប័ណ្ណ​ពិតទេ ​ហើយ​ក៏​មិនអាច​គំរាម​កំហែង​ដល់​ប្រាក់​ដុល្លារ​ដែរ​៕