យោងតាម​សារព័ត៌មាន ​CNN ​ខ្សែរអាត់​សំឡេង​ រវាង​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក ​Rudy Giuliani បាន​ដាក់សម្ពាធ​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន​នៅឆ្នាំ ២០១៩​ ដើម្បី​ស៊ើបអង្កេត​ការសន្មតដោយគ្មាន​មូលដ្ឋាន​ទៅលើ​លោក ​Joe Biden។

សំឡេងនេះ​ គឺជា​ការ​ហៅ​តាម​ទូរស័ព្ទ​នៅ​ខែកក្កដា​ ឆ្នាំ ២០១៩ ​រវាង​លោក ​Giuliani​ អ្នកការ​ទូត​អាមេរិក​លោក​ Kurt Volker​ និង​លោក ​Andriy Yermak ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​អ៊ុយក្រែន។

ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​គឺនៅ​មុន​ពេល​លោក​ Trump បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​Volodymyr Zelensky​ ហើយ​ការ​សន្ទនា​រវាង​ភាគីទាំង ២ ក្រោយ​មកក្លាយ​ជាផ្នែក​សំខាន់​នៃ​ការចោទ​ប្រកាន់​ដំបូង​របស់​លោក​ Trump ដែល​លោក​ត្រូវបាន​គេចោទ​ប្រកាន់ថា ​បានស្នើ​សុំជំនួយ​អ៊ុយក្រែន​សម្រាប់​យុទ្ធនា​ការបោះឆ្នោត​របស់​លោក។

ក្នុង​អំឡុង​ពេលនៃ​ការសន្ទនាតាម​​ទូរស័ព្ទ​ប្រហែល ៤០ នាទី​លោក Giuliani បាន​ប្រាប់ម្តង​ហើយម្តង​ទៀតដល់​លោក ​Yermak ​ថា​លោក ​Zelensky គួរតែ​ប្រកាស​ជា​សាធារណៈ​នូវ​ការស៊ើប​អង្កេត​លើអំពើ​ពុក​រលួយ​ដែលអាច​កើតមាន​ឡើង​ដោយ​លោក Biden នៅ​ប្រទេស​អ៊ុយក្រែន​។

បន្ថែម​ពីនេះ​លោក​បាន​អះអាងថា ​អ៊ុយក្រែន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោតឆ្នាំ ២០១៦ ​ដើម្បី​ធ្វើឱ្យ​ប៉ះពាល់​ដល់លោក ​Trump។​ ការអះអាង​ទាំង ២ នេះ​មិនមាន​អំណះអំណាង​ពិតនោះទេ​។

យោងទៅ​តាម​ ការស្រង់​សម្តីរបស់ ​CNN ​ខ្សែអាត់សំឡេងនោះ​បាន​បង្ហាញ​ថា៖ «អ្វីដែល​យើងត្រូវ​ការពី​ប្រធានា​ធិបតី​អ៊ុយក្រែន​គឺចង់ឱ្យ​លោក​និយាយថា ​ខ្ញុំនឹង​ដាក់​រដ្ឋអាជ្ញា​ស្មោះត្រង់​ម្នាក់​ទទួល​បន្ទុក​ទៅលើ​ការស៊ើប​អង្កេត​ និងរក​ភ័ស្តុតាង​ដែលមាន​ហើយ​មាន​ភ័ស្តុតាង​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹងការ​បោះឆ្នោត​ឆ្នាំ ២០១៦»​។

នេះបើយោង​តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន​ CNN លោក Giuliani បាន​និយាយទៀត​ថា​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ុយក្រែន​ នឹង​កាន់តែ​ប្រសើរឡើង ​ប្រសិនបើ​លោក​ Zelensky ​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​រឿងនេះ។​

លោក Giuliani និង Volker បានលើក​ឡើងក្នុង​ពេល​សន្ទនាថា ​ការ​ប្រកាសជា​សាធារណៈ​អាចលុប​ចោលផ្លូវ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ដែលលោក ​Zelensky ​ចង់ទៅ​សហរដ្ឋ​អាមេរិក​ឬ​សម្រាប់ការ​ប្រជុំផ្ទាល់​ជាមួយ​ ​Giulian​i។

ការ​សន្ទនានេះ​ គឺជាផ្នែក​មួយ​ដែល​លោក Trump និង​សម្ព័ន្ធមិត្ត​របស់​លោក​ព្យាយាម​បង្ខូច​លោក Biden និង​បង្វែរ​ដំណើរ​ការបោះឆ្នោត​ឆ្នាំ ២០២០ ​ដោយ​សុំការ​ជ្រៀតជ្រែក​ពី​បរទេសការ​និយាយ​កុហកអំពី​ការលួច​បន្លំ​សន្លឹក​ឆ្នោតការញុះ​ញង់ឱ្យ​ មាន​វាយប្រហារ​នៅ​អគារកាពី​តូល​កាលពីថ្ងៃ​ទី ៦ ​មករា​៕