កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៧​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហបុរី​ លោក Vivian Balakrishnan បាន​និយាយ​ថា​វឌ្ឍនភាព «យ៉ាង​យឺត​» ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា​គឺ​គួរ​ឱ្យ​ខក​ចិត្ត​ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​បាន​ដាក់​សម្ពាធ​ឱ្យ​របប​យោធា ​ដោះលែង​អ្នក​ទោស​ និង​ចាប់​ផ្ដើម​ពិភាក្សា​រក​ដំណោះ​ស្រាយ​។

អង្គការសហប្រជាជាតិ បណ្ដា​ប្រទេស​លោក​ខាង​លិច​និង​ប្រទេស​ចិន​ គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​ក្នុង​ការ​ស្វែងរក​ផ្លូវ​ចេញ​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​បាន​ធ្លាក់​ចូល​ភាព​ចលាចល​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ ១ កុម្ភៈ​មក​។

ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ដែល​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន–ចិន​ ពិសេស​នៅ​ទីក្រុង​ឆុងឈីង ​ប្រទេស​ចិន​។

«យើង​ទាំង​អស់​គ្នា​បាន​ស្រប​គ្នា​ចំពោះ​តម្រូវ​ការ​នៃ​ការ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​ តម្រូវ​ការ​សម្រាប់​ការ​ដោះលែង​អ្នក​ជាប់​ឃុំ និង​សម្រាប់ការ​ចរចា និង​ការ​សន្ទនា​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ចំណោម​ភាគី​ទាំង​អស់​» លោក Balakarishnan បាន​ប្រាប់​សារព័ត៌មាន​សិង្ហបុរី​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឆុងឈីង​។

លោកបាន​បន្ត​ទៀត​ថា​៖ «និយាយ​ដោយ​ស្មោះត្រង់​ជា​មួយ​អ្នក ​យើង​មាន​ការ​ខក​ចិត្ត​ចំពោះ​វឌ្ឍនដែលភាព​យឺតយ៉ា​វ​​។ ជា​អកុសល​យើង​ដឹង​ថា​នៅ​តែ​មាន​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប ឬ​សម្លាប់​។ មិន​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ ហើយ​ក៏​មិន​មាន​សញ្ញា​ពិត​ប្រាកដ​នៃ​ការ​សន្ទនា និង​ការ​ចរចា​នយោបាយ​ប្រកប​ដោយ​អត្ថន័យ​ដែរ​។ ដូច្នេះ​យើង​ត្រូវ​មើល​ចន្លោះ

​នេះ​»​។

លោក Balakarishnan បាន​និយាយ​ថា ​កិច្ចប្រឹងប្រែង​ការ​ទូត​អាស៊ាន «មាន​ភាព​សម​ហេតុ​ផល​ប្រសិន​បើ​មាន​បំណង​ប្រាថ្នា​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​សម្រាប់​ការ​សន្ទនា ការ​ចរចា​ និង​ការ​ផ្សះផ្សា​ពិត​ប្រាកដ​» ប៉ុន្តែ​ «អាស៊ាន​ត្រៀម​ខ្លួន​ដើម្បី​ជួយ​គាំទ្រ និង​ជួយ​សម្រួល ដល់​ការ​សម្រប​សម្រួល​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​យើង​នឹង​ត្រូវ​រង់​ចាំ​។ វា​ជា​ការ​ខក​ចិត្ត ប៉ុន្តែ​សូម​កុំ​បោះបង់​ចោល​ក្តី​សង្ឃឹម​»​។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno Marsudi បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «ប្រទេស​ឥណ្ឌូនេស៊ី​ ពិត​ជា​សង្ឃឹម​ថា ​ការ​អនុវត្ត​ចំណុច​មូលមតិ​ទាំង​ ៥ ចាំ​បាច់​ត្រូវ​តែ​ជំរុញ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ ជា​មួយ​ដំណើរ​ការ​ប្រកប​ដោយ​តម្លាភាព​»​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ លោក Hishammuddin Hussein បាន​និយាយ​ថា​អាស៊ាន​ត្រូវ​តែ​ទទួល​ស្គាល់​ថា​ វឌ្ឍនភាព​លើ​ចំណុច​មូលមតិ​គឺ​ «យឺត​ខ្លាំង​ណាស់​»​។ លោក​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖​«សហគមន៍​អន្តរជាតិ​កំពុង​រង់​ចាំ​សកម្មភាព​បន្ថែម​របស់​អាស៊ាន​»​​។

ការ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អាស៊ាន ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ប្រេសិត​អាស៊ាន ២ ​រូប​ ដែល​ក្នុង​អំឡុង​ពេល​នោះ​ពួកគេ​បាន​ជំរុញ​ឱ្យ​របប​យោធា​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ និង​ពិភាក្សា​អំពី​ការ​អនុវត្ត​ចំណុច​មូលមតិ​។

មេបញ្ជាការ​យោធា​ឧត្ដមសេនីយ៍​ Min Aung Hlaing ក៏​បាន​ជួប​ជា​មួយ​ឯកអគ្គរដ្ឋទូត​ចិន​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ​ ដែល​សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា​ មីយ៉ាន់ម៉ា​បាន​បង្ហាញ​ឆន្ទៈ​សម្រប​សម្រួល​ការ​អនុវត្ត​ចំណុច​មូលមតិ​។

ក្រុម​ប្រឆាំង​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ខ្វះ​សកម្មភាព​របស់​អាស៊ាន និង​ការ​ខកខាន​ក្នុង​ការ​មិន​រាប់​បញ្ចូល​អ្នក​ពាក់ព័ន្ធ​នយោបាយ​ផ្សេង​ទៀត ជា​ពិសេស​សមាជិក​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង។

របប​យោធា​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ការ​គ្រប់គ្រង​ចាប់​តាំង​ពី​ការ​បណ្តេញ​មេដឹកនាំ​ជាប់​ឆ្នោត​លោកស្រី ​អ៊ុងសាន ស៊ូជី ដែល​បង្ក​ឱ្យ​មាន​រលក​កំហឹង ការ​តវ៉ា ​កូដកម្ម​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​សម្ព័ន្ធភាព​ទូទាំង​ប្រទេស​ ​រារាំង​ការ​ប៉ុនប៉ង​របស់​យោធា​ដើម្បី​បង្រួប​បង្រួម​អំណាច​។

លោកស្រី​ ស៊ូជី នឹង​ត្រូវ​ជំនុំ​ជម្រះ​ក្ដី​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​រឿង​ក្ដី​ព្រហ្មទណ្ឌ​ដំបូង​ប្រឆាំង​លោក​ស្រី នេះ​បើ​តាម​មេធាវី​របស់​លោកស្រី​ ដែល​បាន​ជួប​ជា​មួយ​លោក​ស្រី​កាល​ពី​ថ្ងៃ​ចន្ទ​។

លោក​ស្រី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បម្រាម​កូវីដ ១៩ ការ​នាំ​ចូល​វិទ្យុ​ទាក់ទង​ (អាយកូម) ខុស​ច្បាប់​ និង​ការ​សូក​សំណូក​។ ក្នុង​សំណុំ​រឿង​ក្ដី​មួយ​ផ្សេង​ទៀត​លោកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​ច្បាប់​ស្ដី​ពី​ការ​សម្ងាត់​ផ្លូវ​ការ​ ដែល​អាច​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រហូត​ទៅ​ដល់​ ១៤ ឆ្នាំ​៕