កាសែត ​The Wall Street Journal​ បានចុះផ្សាយ​កាលពី​ថ្ងៃចន្ទ ទី ៧​ មិថុនា មិ្សលមិញថា ​របាយការណ៍មួយស្តី​ពីប្រភព​ដើមនៃ​ជំងឺកូវីដ ១៩​ រៀបចំដោយ​មន្ទីរពិសោធន៍​ជាតិ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​សន្និដ្ឋាន​ថា​ សម្មតិកម្ម​ដែល​អះអាង​ថា ​វីរុសកូរ៉ូណា​បាន​លេចចេញ​ពីមន្ទីរពិសោធន៍​ចិន​នៅ ​Wuhan គឺអាច​ជឿទុកចិត្ត​បាន​ហើយសម​នឹងទទួល​បានការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។

ការសិក្សានេះ​ត្រូវបាន​រៀបចំឡើង​នៅខែ​ឧសភា ឆ្នាំ ២០២០​ ដោយ​មន្ទីរ​ពិសោធន៍ជាតិ ​Lawrence Livermore នៅរដ្ឋ​កាលីហ្វ័រនី​ញ៉ា​ហើយត្រូវ​បាន​បញ្ជូន​ដោយ​ក្រសួងការ​បរទេស​ពេលដែល​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​ប្រភពដើម​នៃជំងឺ​រាតត្បាត​ក្នុងអំឡុង​ពេលប៉ុន្មាន​ខែចុង​ក្រោយនៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។​

ការវាយ​តម្លៃ​របស់ ​Lawrence Livermore នេះ ​បានធ្វើ​​ការវិភាគ​ទៅលើ​ហ្ស៊ែន​នៃ​វីរុស​កូវីដ ១៩។​ នេះ​បើតាម TheJournal ដដែល។

កាល​ពី​ខែមុន​ លោក​ប្រធានា​ធិបតី​ Joe Biden ​បាន​និយាយ​ថា លោកបាន​បញ្ជា​ឱ្យ​ជំនួយ​ដើម្បី​រ​កចម្លើយ​ចំពោះ​ប្រភពដើម​នៃវីរុសនេះ។​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​កំពុង​ពិចារណា​លើ​សេណារីយោ ២ ដែលថា ​វីរុស​កូរ៉ូណា​អាច​បណ្តាលមក​ពី​ការថ្លោះ​ថ្លោយ​នៃមន្ទីរ​ពិសោធន៍​ ឬថា ​វាបាន​ផុសចេញ​ពីការ​ប៉ះពាល់​របស់​មនុស្សជា​មួយសត្វ​ដែលឆ្លង​ជំងឺ ប៉ុន្តែ​ទីភ្នាក់ងារនេះ​មិន​បាន​សន្និដ្ឋានទេ។

ប្រភពព័ត៌​មានពី​រដ្ឋា ភិបាល​អាមេរិក​បាន​និយាយថា ​របាយការណ៍​ស៊ើប​ការណ៍​សម្ងាត់​របស់​សហ​រដ្ឋអាមេរិក​ដែលត្រូវ​បានចែក​ចាយ​ក្នុងអំឡុង​ពេលរដ្ឋបាល​របស់​ត្រាំ​បាន​ចោទ​ប្រកាន់ថា ​អ្នក​ស្រាវជ្រាវ ៣ នាក់​ នៅ​វិទ្យាស្ថាន​វ៉ូហាន​របស់​ប្រទេស​ចិន​ បានធ្លាក់​ខ្លួន​ឈឺខ្លាំង​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដែលពួកគេ​បាន​ស្វែងរក​ការ​ព្យាបាល​នៅមន្ទីរពេទ្យ។

​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេសចិន​ ថា ​ខ្វះតម្លាភាព​លើ​ប្រភព​ដើម​នៃ​វីរុសនេះ ប៉ុន្តែការ​ចោទប្រកាន់នេះ​ត្រូវបាន​ក្រុងប៉េកាំង​បដិសេធ​ដោយថា​ ខ្លួនតែងតែ​ធ្វើ​សកម្មភាព​ប្រកបដោយ​តម្លាភាព​និង​ទទួលខុសត្រូវ​៕

ហួន​ ឌីណា