កាល​ពី​ថ្ងៃ​ចន្ទ ទី ​៧ មិថុនា ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក​ Dominic Raab បាន​ជួប​ជា​មួយ​នឹង​រជទាយាទ​អារ៉ាប៊ី សាអ៊ូឌីត​ ព្រះអង្គម្ចាស់​ Mohammed bin Salman នៅ​រាជធានី​រីយ៉ាដ​ ដើម្បី​ពិភាក្សា​អំពី​ប្រទេស​អ៊ីរ៉ង់ និង​ទំនាក់​ទំនង​ទ្វេភាគី ក៏​ដូច​ជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​អង់គ្លេស​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Raabធ្វើ​ឡើង​នៅ​ពេល​ដែល​មហា​អំណាច​ពិភពលោក ​កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​​ ២០១៥ ដែល​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ជំទាស់​ដោយ​សារ​កិច្ចព្រមព្រៀង​មិន​បាន​ដោះស្រាយ​បញ្ហា​កម្មវិធី​មីស៊ីល​អ៊ីរ៉ង់​ និង​ការ​គាំទ្រ​ក្រុម​ប្រដាប់​អាវុធ​ក្នុង​តំបន់​ដូចជា​នៅ​ក្នុង​ប្រទេស​យេម៉ែន​​។

សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អង់គ្លេស ​បាន​ដក​ស្រង់​សម្តី​​ លោក​ Raab បាន​និយាយ​ថា​៖ «ចក្រភពអង់គ្លេស​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួម​របស់​យើង រួម​ទាំង​ការ​គំរាម​កំហែង​ពី​អ៊ីរ៉ង់ និង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​យេម៉ែន​​»​។

អារ៉ាប៊ី សាអ៊ូឌីត​ ដែល​កំពុង​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​សត្រូវ​អ៊ីរ៉ង់​ បាន​ជំរុញ​មហាអំណាច​ពិភពលោក​ឱ្យ​ទាមទារ​លក្ខខណ្ឌ​តឹង​រ៉ឹង និង​មាន​សុពលភាព​វែង​ជាង​មុន​ នៅ​ក្នុង​កិច្ច​ចរចា​នៅ​ទី​ក្រុង​វីយែនប្រទេស​អូទ្រីស​ ដែល​ធ្វើ​ឡើង​ដើម្បី​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់​ឱ្យ​ត្រឡប់​មក​អនុលោម​តាម​កិច្ចព្រមព្រៀង​វិញ​។

អារ៉ាប៊ី សាអ៊ូឌីត​ ក៏​ដឹកនាំ​សម្ព័ន្ធភាព​យោធា​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ប្រទេស​យេម៉ែ​ន ​ផង​ដែរ​៕