កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៨ មិថុនា​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​សេចក្ដី​ប្រកាស​មួយ​ ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​ ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈត្រឹម​ឆ្នាំ ២០៣០ បន្ទាប់​ពី​រុស្ស៊ី​ បាន​បរាជ័យ​ក្នុង​ការ​កែប្រែ​ពាក្យពេចន៍​នៃ​សេចក្ដី​ប្រកាស​ ដែល​ពួកគេ​ព្រួយ​បារម្ភ​ថា​ អាច​នឹង​ជំរុញ​ប្រទេស​នានា​ឱ្យ​លើកលែង​ឧក្រិដ្ឋកម្ម​ពេស្យាចារនិង​ការ​ប្រើប្រាស់​គ្រឿងញៀន​។

មហាសន្និបាត​បាន​បោះឆ្នោត​គាំទ្រ ១៦៥ និង ៤ ប្រឆាំង​នឹង​កា​រអនុម័ត​សេចក្ដី​ប្រកាស​នេះ​ ហើយ​ការ​ព្យាយាម​ធ្វើ​វិសោធនកម្ម​ពាក្យពេចន៍​នៅ​នាទី​ចុង​ក្រោយ​ដោយ​រុស្ស៊ី ​ត្រូវ​បាន​បដិសេធ​។

បេសកកម្ម​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​មហាសន្និបាត​ថា ​នៅ​ក្រោម​គម្រប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រើស​អើង​ កថាខណ្ឌ​ជា​ច្រើន​បាន​ «ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ច្បាប់​ជាតិ​ ដោយ​ការ​រុះរើ​អ្វី​ដែល​គេ​ហៅ​ថា​ច្បាប់​រឹតត្បិត​និង​រើស​អើង​»​។

ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ីប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Dmitry Chumakov បាន​និយាយ​ថា​៖ «ដូច​ដែល​យើង​ឃើញ​ក្នុង​យុទ្ធសាស្ត្រ​ជំងឺ​អេដស៍​ពិភពលោក ២០២១ ដល់ ២០២៦​។ អង្គការ​ UNAIDS ចាត់​ទុក្ខ​ច្បាប់​ទាំង​នេះ​រួម​បញ្ចូល​ច្បាប់​ដែល​រើស​អើង​ពេស្យាចារ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​»​។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ Mitch Fifield ដែល​ដឹកនាំ​ការ​ចរចា​សេចក្ដី​ប្រកាស​នេះ​ ជា​មួយ​ប្រទេស​ណាមីប៊ី​ បាន​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ ដោយ​និយាយ​ថា​៖ «ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ និង​គោល​នយោបាយ​ ដើម្បី​ធានា​ថា​ មាន​មូលដ្ឋាន​ផ្អែក​លើ​ភ័ស្តុតាង​ និង​សិទ្ធិ​មនុស្ស​ គឺ​ចាំ​បាច់​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

នាយក​ប្រតិបត្តិ​អង្គការ UNAIDS លោកស្រី Winnie Byanyima បាន​ប្រាប់​មហាសន្និបាត​ថា​ ជំងឺ​អេដស៍​គឺ​ក្នុង​ចំណោម​ជំងឺ​រាតត្បាត​សាហាវ​បំផុត​ក្នុង​សម័យ​បច្ចុប្បន្ន ដែល​មាន​មនុស្ស ៧៧,៥ លាន​នាក់​បាន​ឆ្លង​ជំងឺ​អេដស៍ ខណៈ​មនុស្ស​ជិត ៣៥ លាន​នាក់​បាន​ស្លាប់ ហើយ​ជា​មួយ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ជំងឺ​អេដស៍​ អាច​មាន​ការ​ងើប​ឡើង​វិញ​៕