រដ្ឋាភិបាលចិន​កំពុង​ពន្លឿន​ការអភិវឌ្ឍ​ទ្វេដង​លើការ​ចែក​ចាយ​​​ប្រព័ន្ធទិន្នន័យ តាម​រយៈ​ការ​ធ្វើទំនើប​កម្ម​លើ​ «ប្រព័ន្ធ​ឧស្សាហកម្ម​ជឿនលឿន​ blockchain» ខណៈដែលប្រទេសនេះ​កំពុង​ប្រឹងប្រែង​សម្រេច​នូវ​មហិច្ឆតា​នាំ​មុខ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​​​ផែនការសេដ្ឋកិច្ចអភិវឌ្ឍ​និងសង្គម​កិច្ច​​របស់ខ្លួនក្នុងឆាក​​​អន្តរជាតិ​។

នេះ​បើ​តាម​ឱ្យ​ដឹងពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន​ចិន​ (MIIT) និង​គណៈកម្មការកិច្ចការ Cyberpace​ដែល​បានចេញផ្សាយ​គោល​ការណ៍​​​ណែនាំ​​កាល​ពី​ថ្ងៃ​ចន្ទ កន្លង​ទៅ​ក្នុងគោលបំណង«ព​ន្លឿនការប្រើប្រាស់បច្ចេកវិទ្យា blockchain និងការអភិវឌ្ឍ​ឧស្សាហ​កម្ម​»។

គោលការណ៍ណែនាំនេះ បាន​ដាក់គោលដៅរយៈពេលវែង​ ក្នុងការ​​បង្កើត​ក្រុមហ៊ុន blockchain និងកម្មវិធីដែល​​អាចផ្តល់អំណាចដ​ល់វិស័យផ្សេងៗគ្នានៃ​​សេដ្ឋកិច្ចរបស់​ប្រទេសចិន​ ដែ​លជា ផ្នែកមួយនៃយុទ្ធសាស្ត្រ​ឌីជីថល​ចិ​ន​របស់ប្រធានាធិបតី Xi Jinping។

សេចក្ដីណែនាំ​ដដែល​នេះ ក៏មាន​រួម​បញ្ចូលទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សេវាសាធារណៈ​ ការពារកម្មសិទ្ធិបញ្ញា​ឌីជីថល​ និង​បង្កើនតម្លាភាពក្នុង​ការចែក​រំលែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ និងការដាក់ចេញ​គោល​ការណ៍​ប្រើប្រាស់​ហិរញ្ញវត្ថុក្នុង​ស្រុក​តាម​រយៈ​បច្ចេកវិទ្យានេះ​ផងដែរ​។

ប្រភពដដែលនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃ​កា​រ​ដាក់​ដាំ​ផលិត​ផល​បច្ចេក​វិទ្យា​ក្នុង​ស្រុក​ ដើម្បី​យក​ទៅ​ ប្រកួត​ប្រជែង​ជាសកលក៏ដូចជាសារៈសំខាន់បច្ចេក​វិទ្យា​ blockchain ចំពោះសេដ្ឋកិច្ចជាក់ស្តែង រួមមាន​ ការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ការតាមដានផលិតផលនិងការចែករំលែកទិន្នន័យនិង​សេវាកម្ម​សាធារណៈ​ ដូចជា​ឯកសារអត្តសញ្ញាណការចុះឈ្មោះទ្រព្យសម្បត្តិនិងវិស័យ​អប់រំនិង ការ​គ្រប់គ្រង​ទិន្នន័យ​ថែ​ទាំ​សុខភាព​ជាដើម​។

ដើម្បីអនុវត្តគោលការណ៍ណែនាំនេះទៅបាន រដ្ឋាភិបាលមូលដ្ឋានត្រូវ​ផ្តល់​ការគាំទ្រទាំ​ង​ផ្នែកនយោបាយ​ និង​សេដ្ឋកិច្ច​ ដែល​នេះ​ក៏​រួមបញ្ចូលទាំ​ងការ​ក​សាងសួន​ឧស្សាហកម្ម blockchain​ ការផ្តល់អត្ថប្រយោជន៍​ពន្ធ​សម្រាប់​ការចាប់ផ្តើ​មអា​ជីវកម្ម blockchain និងបង្កើនមូលនិធិ​ ដើម្បីជំរុញ​ជំនាញ និង​ទេពកោសល្យ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ​blockchain ផងដែរ​។

​អត្ថបទចេញពីគេហទំព័រ The Block ស្ដីអំពីបច្ចេក​វិទ្យា​ បានឱ្យដឹងថា គោលការណ៍​ ដែល​ទើប​នឹង​ដាក់​ចេញ​នេះ រដ្ឋាភិបាល​ចិន​ទំនង​​ជាងាក​ទៅ​រក​ការ​ពន្លឿន​បច្ចេក​វិទ្យា​ blockchain ជាជាង​រូបិយបណ្ណ​​ឌីជីថល​ ឬ crypto​ (yes-blockchain-no-crypto​)។ គោលការណ៍ថ្មីនេះ ធ្វើ​ឡើង​ក្រោយ​មាន​មតិយោបល់​ថ្មីៗ​ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់រដ្ឋាភិបាល​ស្ដី​អំពី​ការបង្ក្រាប​លើ​កា​រធ្វើពាណិជ្ជកម្ម bitcoin និង​សកម្ម​ភាព​រុក​រករ៉ែ​ bitcoin។

លោក Gao Chengshi អ្នកជំនាញក្នុង​វិស័យ​ crypto និងជាដៃគូស្ថាបនិក​​ក្រុមហ៊ុន​​​ព័ត៌មាន​បច្ចេកវិទ្យា ​Hashvalue បាននិយាយថា៖ «ឧស្សាហកម្ម blockchain នៅទូទាំងពិភពលោកកំពុង​ជួយសម្រួល​បញ្ហា​ពាណិជ្ជកម្ម​ ដូចជាការតាមដាន និងស្វែង​រក​ភ័ស្តុតាង​ភាពជាម្ចាស់កម្មសិទ្ធិបញ្ញា​ជាដើម នៅមិន​ទាន់​ផ្ដល់​ផ​លចំ​ណេញច្រើន​ ដូចកា​ររំពឹងទុកនៅឡើយ​ទេ ព្រោះ​ឧស្សាហកម្មនេះ​ស្ថិត​នៅក្នុង​ដំណាក់​កាល​ដំបូង​នៅឡើយ»។

ទោះយ៉ាងណាក្ដី ឧស្សាហកម្មនេះ​ត្រូវ​បាន​គេរំពឹង​ថា នឹងរីកចម្រើនយ៉ាងលឿននៅ​ក្នុង​ប្រទេសចិន​ជាង​កន្លែង​ផ្សេង​ទៀតនៅក្នុងពិភព​លោក។ ​ក្រុមហ៊ុនតាម​ដាន​ទីផ្សារលើ​ពិភពលោក​IDC បាន​ប៉ាន់ប្រមាណថា​ ឧស្សាហក​ម្មមួយ​នេះ​ កំពុងកើនឡើង ៥៤,៦ ភាគរយនៅ​ប្រទេស​ចិន ​ជារៀងរាល់ឆ្នាំ និង​អាច​ឈាន​ដល់ ២,៥​ ពាន់លា​នដុល្លារ នៅឆ្នាំ ២០២៥ លើសពីអត្រាមធ្យមពិភពលោក ដែល​មាន​ត្រឹម​ ៤៨ ភាគរយ ប៉ុណ្ណោះ​។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា​ Blockchain គឺ​ជា​​បច្ចេកវិទ្យាបង្កើត​ឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដរបស់​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin ជា​មូលដ្ឋាន​ និង​​​ធ្វើ​បញ្ជី​គណនេយ្យ​មួយ ដែល​មាន​ទម្រង់​​ជា​​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ​ មិន​អាច​កែប្រែបាន។

លោក Fan Long ស្ថាបនិកក្រុមហ៊ុន Conflux បានថ្លែងសុន្ទរកថា​ ស្ដីអំពីអត្ថប្រយោជន៍​បច្ចេកវិទ្យា ​blockchain ដែល​មានសារៈសំខាន់​ជា​ង​ទីផ្សារ​ទ្រព្យសម្បត្តិឌីជីថល​ផ្សេងទៀត និង​ចក្ខុវិស័យ​នៃ​បច្ចេក​វិទ្យា​នេះ​ ដើម្បី​ស្រប​ទៅ​តាម​បច្ចេកវិទ្យាបច្ចុប្បន្ន​​។

លោក​បាន​ឱ្យ​ដឹងថា៖ «​គុណ​តម្លៃ​នៃ​បច្ចេក​វិទ្យា​ blockchain គឺជាការជឿទុកចិត្ត។ ដរាប​ណា​ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក​ និង​គ្រប់​វិស័យ​ ហើយ​បច្ចេក​វិទ្យា​នឹង​បង្កើន​ទំនាក់ទំនង​ផលិតកម្ម​ឡើងវិញ​ និង​បង្កើត​​មធ្យោបាយស​ម្រាប់ផលិតភាពកើ​នឡើង​»​។

លោក​បាន​បន្តថា​៖ «វា​នៅ​ត្រូវការពេលវេលាយូរ​គួរសម​ ​សម្រាប់​​បញ្ជ្រាប​បច្ចេកវិទ្យា blockchain នេះ ដល់​សាធារណជនឱ្យយល់ច្បាស់។ក្រោយ​បច្ចេកវិទ្យា​នេះ ជ្រាប​ទៅ​ដល់​សង្គម​គ្រប់​ស្រទាប់​ហើយ​ យើង​អាច​លើកកម្ពស់ប្រសិទ្ធភា​ពនៃ​ការសម្រប​ខ្លួន​និងអនុវត្តនូវ​បច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ»៕