កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៨ មិថុនា​ សហរដ្ឋអាមេរិក​បាន​ប្រាប់​អ៊ីរ៉ង់​ថា​ ពួក​គេ​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​ត្រួត​លើ​សកម្មភាព​ពួក​គេ​ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ ដែល​ត្រូវ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ បើ​មិន​ចង់​ធ្វើ​ឱ្យ​ការ​ចរចា​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មាន​ភាព​ស្មុគស្មាញ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទៅ​កាន់​គណៈ​អភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) សហរដ្ឋអាមេរិក​បាន​និយាយ​ថា​៖ «យើង​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ីរ៉ង់​ចៀស​វាង​រាល់​សកម្មភាព​ដែល​រារាំង​ការ​ប្រមូល ឬ​ចូល​មើល​ព័ត៌មាន​ដោយ IAEA ដែល​ចាំ​បាច់​សម្រាប់​វា​ ដើម្បី​បង្កើត​ឡើង​វិញ​នូវ​​ការ​យល់​ដឹង​»​។

សេចក្ដីថ្លែង​ការណ៍​បាន​បន្ត​ទៀត​ថា​៖ «សកម្មភាព​បែប​នេះ​ យ៉ាង​ហោច​ណាស់​នឹង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដែល​កំពុង​ធ្វើ​ឡើង ដើម្បី​ឈាន​ទៅ​រក​ការ​យល់​ដឹង​អំពី​វិធី​ដែល​អ៊ីរ៉ង់ ​អាច​វិល​ត្រឡប់​ទៅ​រក​ការ​អនុលោម​តាម​ការ​ប្ដេជ្ញា​ក្នុង​ JCPOA (កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​) ជា​ថ្នូរ​នឹង​ការ​ត្រឡប់​ទៅ​រក​ការ​អនុលោម​ដោយ​អាមេរិក​»​។

IAEA និង​អ៊ីរ៉ង់​បាន​យល់ព្រម​​​លើ​កិច្ច​ព្រមព្រៀង​ត្រួត​ពិនិត្យ​រយៈពេល ៣​ ខែ កាល​ពី​ខែ​កុម្ភៈ​ បន្ទាប់​ពី​អ៊ីរ៉ង់​សម្រេច​កាត់​បន្ថយ​កិច្ចប្រតិបត្តិការ​ជា​មួយ​ភ្នាក់ងារ​នេះ​ កាល​ពី​ដើម​ឆ្នាំ​។ កិច្ច​ព្រមព្រៀង​នេះ​បាន​ផុត​កំណត់​កាល​ពី​ខែ​ឧសភា​ ប៉ុន្តែ​ភាគី​ទាំង​ ២ ​បាន​យល់ព្រម​បន្ត​​រហូត​ដល់​ថ្ងៃ​ទី​ ២៤ មិថុនា​ ខណៈ​​ពេល​អ៊ីរ៉ង់​ធ្វើ​ការ​ចរចា​ដោយ​ប្រយោល​ជា​មួយ​អាមេរិក​នៅ​ទីក្រុង​វីយែន​ ប្រទេស​​អូទ្រីស​ ដើម្បី​រក​ផ្លូវ​សម្រាប់​ប្រទេស​ទាំង ២​ ត្រឡប់​ទៅ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​៕