ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​ប្រទេស​ចិន ​គ្រោង​នឹង​ត្រូវ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​សប្ដាហ៍​នេះ​​ ដើម្បី​ជា​ការ​គាំទ្រ​ផ្នែក​​​ច្បាប់ ​និង​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​​ពី​សកម្មភាព​ដាក់​ទណ្ឌកម្ម​​របស់​រដ្ឋាភិបាល​លោក​ខាង​លិច​លើ​មន្ត្រី​ និង​ក្រុមហ៊ុន​ចិន​នានា​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មួយ ​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ចន្ទ ​នូវ​វិធានការ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ដើម្បី​​​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ក៏​ដូចជា​សម្ព័ន្ធមិត្ត​ប្រទេស​នេះ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ប៉េកាំង​ ជុំវិញ​បញ្ហា​ដូចជា ​សេរីភាព​របស់​ហុងកុង​ និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​ផង​ដែរ​។

ទូរទស្សន៍​ចិន CCTV ​បាន​រាយការណ៍​ថា ​ច្បាប់​ថ្មី​នេះ​មាន​គោល​​បំណង​ផ្តល់​នូវ​មូលដ្ឋាន​ច្បាប់​សម្រាប់​រដ្ឋាភិបាល​កណ្តាល​ ដើម្បី​ចាត់​វិធានការ​សងសឹក​ប្រឆាំង​នឹង​ទណ្ឌកម្ម​បរទេស​ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ពី​ខ្លឹមសារ​លម្អិត​នៃ​ច្បាប់​នេះ​ឡើយ។

ការ​សម្រេច​ឱ្យ​មាន​ការ​អនុម័ត​​ច្បាប់​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​​ប្រទេស​ចិន​ បាន​ដាក់​ចេញ​ច្បាប់​ថ្មី​កាល​ពី​ដើម​​ឆ្នាំ​នេះ ក្នុង​គោល​បំណង​​ប្រឆាំង​នឹង​អ្វី​ដែល​ហៅ​ថា ​សកម្មភាព​មិន​សម​ហេតុផល​របស់​បរទេស​ក្នុង​ការ​​ប្រឆាំង​​នឹង​ពលរដ្ឋ​ក៏ដូច​ជា​ ក្រុមហ៊ុន​ចិន​ផង​ដែរ។

វិធានការ​ថ្មី​នេះ​ ត្រូវ​បាន​គេ​បង្ហើប​​កាល​ពី​ខែ​មករា​​ ឆ្នាំ​នេះ ឬ​មាន​ឈ្មោះ​ពេញ​ហៅ​ថា ​វិធាន​ស្តីពី​ការ​ប្រឆាំង​នឹង​​ការ​អនុវត្ត​វិសោធនកម្ម​ក្រៅ​ច្បាប់​ដែល​មិន​សម​ហេតុផល​នៃ​ច្បាប់​បរទេស​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​ឆ្លើយតប​ដ៏​រឹងមាំ​ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន។

យ៉ាងណា​មិញ​ក្រុម​អ្នក​វិភាគ​យល់​ថា ច្បាប់​នេះ​នៅ​ខ្វះ​ព័ត៌មាន​លម្អិត​នៅ​ឡើយ ហើយ​ពួក​គេ​មិន​រំពឹង​ថា​ ករណី​អនុវត្ត​សាកល្បង​នឹង​អាច​លេច​ចេញ​ជា​បន្ទាន់​ភ្លាមៗ​នោះ​ទេ។

សេចក្តី​ប្រកាស​ពី​ច្បាប់​ថ្មី​កាល​​ពី​ថ្ងៃ​ចន្ទ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​​ការ​ទប់ស្កាត់​នូវ​សកម្មភាព​នានា ដែល​អនុញ្ញាត​ឱ្យ​ភាគី​រងគ្រោះ ​រាយការណ៍​អំពី​ការ​ខូចខាត​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ និង​ប្តឹង​ទាមទារ​សំណង​នៅ​តុលាការ​ចិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ត្រូវ​បាន​អាមេរិក​កំណត់​គោលដៅ​ក្នុង​នោះ​ មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស Huawei​ ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី Carrie Lam Cheng Yuetngor​ មេ​ដឹកនាំ​ហុងកុង កាលពី​​ថ្ងៃ​អង្គារ ​ក៏​បាន​សម្ដែង​ការ​គាំទ្រ​នឹង​ច្បាប់​នេះ ដោយ​បាន​លើក​ឡើង​អំពី​បទពិសោធ​​ផ្ទាល់​របស់​ហុងកុង​ និង​បាន​ហៅ​ច្បាប់​នេះ​ថា ​ជា​ការ «ធ្វើ​ឱ្យ​បរទេស​ស្គាល់​ថ្នាំ​​ខ្លាំង​ម្ដង»។

លោកស្រី​បាន​បន្ត​ថា៖ « រដ្ឋាភិបាល​ហុងកុង​ធ្លាប់​មាន​បទពិសោធ​ផ្ទាល់​ទាក់ទង​នឹង​សកម្មភាព​​ដាក់​ទណ្ឌកម្ម​ទាំង​នេះ ហើយ​​យើង​ក៏​ស្វាគមន៍ ចំពោះ​ការ​អនុវត្ត​នូវ​វិធានការ បែប​នេះ​ផង​ដែរ។ ខ្ញុំ​ជឿ​ថា ​ជនជាតិ​ចិន​ណា​ ដែល​គាំទ្រ​អធិបតេយ្យភាព ​សេចក្តី​ថ្លៃថ្នូរ ​និង​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស​របស់​យើង​គួរ​តែ​មាន​​ឱកាស​សងសឹក​វិញ​»។

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ សហគមន៍​​អឺរ៉ុប​ សហរដ្ឋអាមេរិក​ កាណាដា ​និង​អង់គ្លេស ​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដល់​មន្រ្តី​ និង​អង្គភាព​របស់​ចិន​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ​គោល​នយោបាយ​របស់​ក្រុង​ប៉េកាំង គាប​សង្កត់​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ុយហ្គ័រ ​នៅ​តំបន់​ស៊ីនជាំង។

ទោះជា​យ៉ាង​ណា​ក្ដី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ​នឹង​ធ្វើ​ការ​កែ​សម្រួល​ និង​កែ​លម្អ​ពាក្យ​ពេចន៍​ខ្លះ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ទណ្ឌកម្ម​បរទេស​ ដោយ​ផ្អែក​លើ​​ការ​ពិចារណា​របស់​គណៈកម្មាធិការ ​ក៏​ដូចជា​មតិ​យោបល់​ពី​វិស័យ​ផ្សេងៗ ​និង​បាន​បញ្ជូន​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​ពិភាក្សា ​និង​សេចក្តី​ព្រាង​អំណាន​លើក​ទី​២ នេះ​ ទៅ​សម័យ​ប្រជុំ​លើក​ទី​២៩ នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ៕