កាលពីថ្ងៃ​ចន្ទ​ ទី ៧​ មិថុនា​ នាយក​រដ្ឋមន្រ្តី​កាណាដា ​លោក ​Justin Trudeau​ បានហៅ​ការ​សម្លាប់​សមាជិក​ក្រុម​គ្រួសារ​មូស្លីម ​៤ នាក់ នៅ​ Ontario ថា ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​។

លោក ​Justin Trudeau បាន​ពិ​ពណ៌នា​អំពើហិង្សានេះ​ថា ជា​ការវាយ​ប្រហារ​ភេរវក​ម្ម​ដែលជំរុញ​ ដោយការ​ស្អប់ខ្ពើម​នៅ​ក្នុងសហគមន៍​មួយ​នៅ​ប្រទេស​កាណាដា​។

លោក​បាន​និយាយថា៖ «ជីវិត​របស់ពួកគេ​ត្រូវ​បានគេ​​បញ្ចប់​ដោយ​អំពើ​ឃោរឃៅ និង​ពោរពេញ​ដោយ​អំពើហិង្សា។​ការសម្លាប់នេះ​មិនមែន​ជា​ឧប្បត្តិ​ហេតុទេ»។​ លោក Trudeau សន្យាថា ​នឹង​ចាត់​វិធានការ​បន្ថែមទៀត​ប្រឆាំងនឹង​ក្រុមស្តាំនិយម​នៅ​កាណាដា​។

កាលពី​ថ្ងៃទី ៦ មិថុនា ​ក្រុម​គ្រួសារ​ដែល​កាន់​សាសនា​មូស្លីម​បាន​រង​ការវាយ​ប្រហារ​ដែល​បានបង្កឱ្យ​ស្លាប់​មនុស្ស ​៤ នាក់។

សម្រាប់​សមាជិក​សមាគម​មូស្លីម​នៅទូទាំង​ប្រទេស​កាណាដា​ ការវាយ​ប្រហារនេះ​បានរំឭក​ដល់​ការ​វាយប្រហារ​ដ៏សាហាវ​មួយនៅ​វិហារអ៊ិស្លាម​កេប៊ិច​ជាង ៤ ឆ្នាំមុន។

លោក Ahmer Mamon ​ប្រធានសមាគម​មូស្លីម​ប្រទេស​កាណាដា-​ប៉ាគីស្ថាន ​បានឱ្យ​ដឹងថា ​ការភ័យខ្លាច​នៃ​ការវាយ​ប្រហារបែបនេះ​ គឺមានកាន់​តែច្រើន​សុវត្ថិភាព​គឺជាក្តី​បារម្ភពិត​ប្រាកដ​សម្រាប់​សមាជិក​សហគមន៍នេះ។​ លោក​បាន​និយាយថា លោក​ជឿជាក់​ការ​វាយ​ប្រហារ​បែបនេះ​ គឺមាន​ការកាត់​បន្ថយនា​ប៉ុន្មាន​ឆ្នាំមកនេះ​។

លោក Mamon​ បាន​និយាយថា៖ «គួរតែមាន​មធ្យោបាយ​ដោះស្រាយ​មួយចំនួន​ដែល​ចេញមក​ពី​រដ្ឋាភិបាល​មិនមែន​ការដោះស្រាយ​ដោយ​ការ​បរិយាយ និងសារ​ចូល​រួមរំលែក​ទុក្ខនោះទេ។​ ឥឡូវនេះ​ដល់ពេល​ដែលត្រូវ​ធ្វើអ្វីមួយ​ដែលមាន​ប្រយោជន៍​ហើយ​»។

ការវាយ​ប្រហារនេះ​ គឺការវាយ​ប្រហារប្រឆាំ​ងនឹង​ប្រជាជន​មូស្លីម​កាណាដា​អាក្រក់​បំផុត​ចាប់តាំងពី​មនុស្ស ៦ នាក់ ​ត្រូវបាន​សម្លាប់នៅ​ក្នុងវិហារ​អ៊ិស្លាម​មួយនៅទី​ក្រុងកេប៊ិច​កាលពីឆ្នាំ​២០១៧។

លោក Det Supt Paul Waight​ បានប្រាប់​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​ ៧ មិថុនាថា៖ «គេជឿថា​ ជន​រងគ្រោះទាំងនេះ ​គឺជា​មុខ​សញ្ញា​នៃ​ការវាយប្រហារនេះ​ពីព្រោះពួកគេ​ជា​ជនមូស្លីម»។​ លោ​ក​បាន​និយាយថា ​ប៉ូលិស​កំពុង​ថ្លឹងថ្លែង​ពីការ​ចោទ​ប្រកាន់​ដែលអាច​កើតមាន​ហើយលោក​បាន​និយាយបន្ថែមថា ​ករណីនេះ​ត្រូវបានគេជឿថា​ជា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម៕