ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្ស៍ អារ៉ាប៊ី សាអ៊ូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​ បាន​យល់ព្រម​ដោយ​អស់​ជម្រើស​ នឹង​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ២០១៥ ដែល​ពួកគេ​ប្រឆាំង​ ហើយ​បាន​បើក​ទំនាក់​ទំនង​ជា​មួយទី​​ក្រុង​តេអេ​រ៉ង់ ​ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​ ខណៈ​ពេល​ដែល​​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ការ​ពិភាក្សា​នា​ពេល​អនាគត​ ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិសុខ​របស់​ពួកគេ​។

លោក Abdulaziz Sager នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈូង​សមុទ្រ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចពិភាក្សា​ក្រៅ​ផ្លូវ​ការ​រវាង​ អារ៉ាប៊ី សាអ៊ូឌីត​ និង​អ៊ីរ៉ង់​ បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា​៖ «បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​អាច​ត្រឡប់​ទៅ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ នេះ​គឺ​ជា​ការ​សម្រេច​របស់​ពួកគេ​ ដែល​យើង​មិន​អាច​ផ្លាស់ប្ដូរ​បាន​ ប៉ុន្តែ​យើង​ត្រូវ​ការ​ឱ្យ​អ្នក​រាល់​គ្នា​គិត​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​»​។

ប្រទេស​មហាអំណាច​ពិភព​លោក ​គឺ​កំពុង​ធ្វើ​ការ​ចរចា​នៅ​ទីក្រុង​វីយែន ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អូទ្រីស​ ដើម្បី​ឱ្យ​អ៊ីរ៉ង់​ និង​អាមេរិក​ត្រឡប់​ទៅ​អនុលោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ជា​ថ្នូរ​នឹង​ការ​លើកលែង​ទណ្ឌកម្ម​។

រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី​ ចូ បៃដិន ​ចង់​ស្ដារ​កិច្ច​ព្រមព្រៀង​ឡើង​វិញ ដែល​ក្រុង​វ៉ាស៊ីនតោន ​បាន​បោះបង់​ចោល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ​ដូណាល់ ត្រាំ​។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​របស់​វ៉ាស៊ីនតោន តែងតែ​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​ មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ទៀត ដូចជា​ការ​នាំ​ចេញ​មីស៊ីល​ដោយ​អ៊ីរ៉ង់ និង​ការ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​ក្នុង​តំបន់​។ ពួកគេ​បាន​ព្យាយាម​ទាមទារ​ចូល​រួម​ការ​ចរចា​នៅ​ក្រុង​វីយែ​ន ប៉ុន្តែ​ត្រូវ​បាន​បដិសេដ​។

ជាជាង​រង់ចាំ​លទ្ធផល​ការ​ចរចា​ក្រុង​វីយែនណា​ អារ៉ាប៊ី សាអ៊ូឌីត​ បាន​ទទួល​ការ​បោះ​ជំហាន​ដំបូង​របស់​អ៊ីរ៉ាក់​ក្នុង​ការ​ចរចា​ជា​មួយ​អ៊ីរ៉ង់​ កាល​ពី​ខែ​មេសា​។