កាល​ពី​ថ្ងៃ​ពុធ ទី ៩ មិថុនា​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Scott Morrison បាន​និយាយ​ថា​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) ​គួរ​ដាក់​ទោស​លើ​ «អាកប្បកិរិយា​អាក្រក់​នៅ​ពេល​វា​កើត​ឡើង»។ ​លោក​បាន​និយាយ​បែប​នេះ ​មុន​ការ​ចាប់​ផ្ដើម​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G7 នៅចក្រភពអង់គ្លេស ដែល​ក្នុង​អំ​ឡុង​ពេល​នោះ​ លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជា​មួយ​ចិន​។

លោក​ Morrison​ អោយដឹង​​ថា​៖ «នៅ​ក្នុង​ការ​ពិភាក្សា​របស់​ខ្ញុំ​ជា​មួយ​មេដឹកនាំ​ជាច្រើន ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពី​ការ​គាំទ្រ​ដែល​បាន​បង្ហាញ​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​អូស្រ្តាលី​ ដើម្បី​ទប់ទល់​នឹង​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​ដំណើរ​ការ​បាន​ល្អ អាច​កំណត់​បទប្ប​ញ្ញត្តិ​ច្បាស់​លាស់ ធ្វើ​អាជ្ញាកណ្ដាល​ក្នុង​វិវាទ​ដោយ​មិន​លម្អៀង​និង​ដាក់​ទណ្ឌកម្ម​អាកប្ប​កិរិយា​អាក្រក់​នៅ​ពេល​វា​កើត​ឡើង​។ នេះ​អាច​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ដែល​សហគមន៍​អន្តរជាតិ​មាន​ដើម្បី​ប្រឆាំង​នឹង​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ច​»​។

ការ​នាំ​ចេញ ស្រូវ​សាលី គ្រឿង​សមុទ្រ ឈើ សាច់​គោ ស្រា​ក្រហម ធ្យូងថ្ម និង​ផលិត​ផល​ផ្សេង​ទៀត​របស់​ប្រទេស​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន ត្រូវ​បាន​រំខាន​យ៉ាង​ខ្លាំង​ដោយ​ពន្ធ​នាំ​ចូល​ដែល​ត្រូវ​បាន​ដាក់​ដោយ​ក្រុង​ប៉េកាំង បន្ទាប់​ពី​អូស្ត្រាលី​បាន​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បា ដោយ​ស្នើ​សុំ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​រក​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ ១៩​៕