បើ​ទោះបី​ជា​ឋានន្តរស័ក្ដិ និង​ឋានានុក្រម​របស់​ពួក​គេ​អាច​ខុស​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ប្រធាន​មន្ត្រី​ ឬ ​«ដៃ​ទី​១​» នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​មាន​លក្ខណៈ​ដូច​គ្នា​មួយ​ គឺ​ពួក​គេ​​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​នៃ​យុត្តាធិការ​ណា​មួយ​ដូច​ជា​ភូមិ​ ស្រុក​ និង​ខេត្ត​ ឬ​ជា​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​រដ្ឋាភិបាល​ណា​មួយ​។ បុគ្គល​ «ដៃ​ទី​១​» អាច​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​នៃ​ភូមិ​តូច​មួយ រហូត​ដល់​បុគ្គល​មាន​អំណាច​ជាង​គេ​ក្នុង​ប្រទេស​ចិន​​ គឺ​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​។

ជា​ធម្មតា​បុគ្គល​ទាំង​នេះ​មាន​អំណាច​ដ៏​ធំធេង​នៅ​ក្នុង​យុត្តាធិការ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ ប៉ុន្តែ​អំណាច​នេះ​អាច​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ខាង​មុខ​​។ នៅ​ដើម​ខែ​មិថុនា​ រដ្ឋបាល​បក្ស​កុម្មុយនីស្ត​ដឹកនាំ​ដោយ​​​​អគ្គលេខាធិការ​ ស៊ី ជីនភីង​ ដែល​ជា​ «ដៃ​ទី១​​» ជាន់​ខ្ពស់​ជាង​គេ​បាន​ចេញ​នូវ​គោលការណ៍​ណែនាំ​ដ៏​ទូលំទូលាយ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អំណាច​មន្ត្រី​ជាន់​ខ្ពស់​ត្រឹម​មន្ត្រី​ថ្នាក់​ខេត្ត និង​ថ្នាក់​រដ្ឋមន្ត្រី​។

បញ្ញវន្ត​ចិន​មួយ​ចំនួន​គិត​ថា ​ឃ្លា​ «ដៃ​ទី​១​» មាន​ប្រភព​មក​ពី​​សង្គម​សម្ងាត់​នៅ​សម័យ​បុរាណ​ ប្រើ​បញ្ជាក់​ឋានៈ​មេ​ដឹកនាំ​ ឬ​ «បង​​ធំ​»​។ ឃ្លា​នេះ​ត្រូវ​បាន​គណបក្ស​កុម្មុយនីស្ត​អនុម័ត​ឱ្យ​ប្រើប្រាស់​នៅ​ពេល​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ ១៩៤៩​ ដែល​កាល​នោះ​គេ​ប្រើប្រាស់​ឃ្លា​នេះ​សម្រាប់​លេខាធិការ​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​បក្ស​នីមួយៗ​ ទាំង​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​។

ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បក្សកុម្មុយនីស្ត​ចិន​លេខាធិការ​គណៈកម្មាធិការ​បក្ស​នៃ​ខេត្ត​នីមួយៗ​ គឺ​ជា​មន្ត្រី​ខ្ពស់​បំផុត​ក្នុង​ខេត្ត​នោះ​ ខណៈ​អភិបាល​ខេត្ត​ឈរ​នៅ​លេខ​​​រៀង​ទី២ ហើយ​ជា​ធម្មតា​ក៏​មាន​តួនាទី​ជា​អនុលេខាធិការ​បក្ស​ផង​ដែរ។ យុត្តាធិការ​តូចៗ​ដូច​ជា​ភូមិ ស្រុក និង​ក្រុង​ ក៏​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ស្រដៀង​គ្នា​នេះ​ដែរ​។

តាម​ផ្លូវ​ការ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​ ដូចជា​ការ​តែងតាំង​សំខាន់​ៗ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​ និង​កញ្ចប់​ថវិកា ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​គណៈកម្មាធិការ​បក្ស​ដោយ​ការ​បោះឆ្នោត​សំឡេង​ភាគ​ច្រើន​។ ប៉ុន្តែ​ជាក់​ស្ដែង​លេខា​បក្ស ដែល​មាន​ការ​គាំទ្រ​នយោបាយ​ពី​អាជ្ញាធរ​ជាន់​ខ្ពស់​អាច​ធ្វើ​ការ​សម្រេច​ទាំង​នេះ​ ដោយ​ខ្លួន​ឯង​ ធ្វើ​ឱ្យ​ពួក​គេ​មាន​អំណាច​ស្ទើរ​តែ​ផ្ដាច់​ការ​នៅ​ក្នុង​យុត្តាធិការ​ពួក​គេ​។

ការ​ដាក់​វិន័យ​លើ​កម្មាភិបាល​ជាន់​ខ្ពស់​ទាំង​នេះ ​គឺ​ពិបាក​អនុវត្ត​ដោយសារ​លេខា និង​អនុ​លេខា​មាន​ឋានន្តរស័ក្ដិ​ខ្ពស់​ជាង​មន្ត្រី​វិន័យ​ដែល​សមាជិក​នៃ​គណៈកម្មការ​បក្ស​នោះ​។ សំណុំ​រឿង​ពុក​រលួយ​​ជុំវិញ​មន្ត្រី​ទាំង​នេះ​ អាច​លេច​ឡើង​បាន​ លុះត្រា​តែ​មាន​អន្តរាគមន៍​ពី​មន្ត្រី​វិន័យ​នៃ​អាជ្ញាធរ​ជាន់​ខ្ពស់​ជាង​ពួក​គេ​។

គណៈកម្មាធិការ​កណ្ដាល​បក្ស​កុម្មុយនីស្ត​ ដែល​ជា​អតីត​អាជ្ញាធរ​ខ្ពស់​បំផុត​ក្នុង​បក្ស​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ការ​ត្រួត​ពិនិត្យ​លើ​មន្ត្រី​ទាំង​នេះ​គឺ «នៅ​តែ​ជា​ចំណុច​ខ្សោយ​» ហើយ​គោលការណ៍​ណែនាំ​ថ្មី ​មាន​​គោល​បំណង​ធ្វើ​ឱ្យ​ការ​ឃ្លាំ​មើល និង​គ្រប់គ្រង​មន្ត្រី​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

គោលការណ៍​ណែនាំ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា សង្កត់​ធ្ងន់​ទៅ​លើ​ការ​ឃ្លាំមើល​ពី​លើ​ចុះ​ក្រោម​ដឹកនាំ​ឱ្យ​មន្ត្រី​​ជាន់​ខ្ពស់​បង្កើន​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ទៅ​លើ​មន្ត្រី​សំខាន់​ៗ​នៅ​​ក្រោម​ឱវាទ​ ជា​ពិសេស​លើ​ភាព​ស្មោះត្រង់​ផ្នែក​នយោបាយ​ការ​អនុវត្ត​ការងារ និង​វិន័យ​។

គោលការណ៍​ណែនាំ​ក៏​បញ្ជាក់​ថា​ សមាជិក​គណៈកម្មាធិការ​គណបក្ស​ត្រូវ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក តាមរយៈ​ការ​ប្រជុំ​ធ្វើ​​ការ​រិះគន់​ទៅ​វិញ​ទៅ​មក និង​រិះគន់​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​រាយការណ៍​ភាព​មិន​ប្រក្រតី​ទៅ​អាជ្ញាធរ​វិន័យ​ជាន់​ខ្ពស់​ជាង​ពួក​គេ​។

គណៈកម្មាធិការ​បក្ស​ទាំង​អស់​ត្រូវ​រក្សា​កំណត់ត្រា​នៃ​អន្តរាគមន៍​របស់​កម្មាភិបាល​ជាន់​ខ្ពស់​នៅ​ក្នុង​បញ្ហា​ធំៗ ជា​ពិសេស​ទាក់ទង​នឹង​​ការ​ជ្រើសរើស​ និង​ការ​តែងតាំង​កម្មាភិបាល ការ​វិនិយោគ​គម្រោង និង​សំណុំ​រឿង​ផ្លូវ​ច្បាប់។ ពួក​គេ​ក៏​បាន​តម្រូវ​ឱ្យ​វិភាគ​ពាក្យ​បណ្ដឹង​ពី​សាធារណជន​ជា​ប្រចាំ និង​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ជាន់​ខ្ពស់​អំពី​មន្រ្តី ដែល​ជា​កម្មវត្ថុ​នៃ​ពាក្យ​បណ្ដឹង​ទៀង​ទាត់​។

តាំង​ពី​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​ ២០១២ មក​លោក​ ស៊ី ជីនភីង​ បាន​អនុវត្ត​កំណែ​ទម្រង់​ស្ថាប័ន​គ្រប់គ្រង​ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ពី​លើ​ចុះ​ក្រោម​ ដោយ​​ប្រមូល​ផ្ដុំ​អំណាច​នៅ​ទីក្រុង​ប៉េកាំង​។ ដើម្បី​សម្រេច​ផែនការ​នេះ​ លោក​ត្រូវ​តែ​ធានា​ថា​ មេដឹកនាំ​តំបន់​នីមួយៗ ​នឹង​តម្រឹម​គោល​នយោបាយ និង​ផល​​​ប្រយោជន៍​របស់​ពួក​គេ​ឱ្យ​ស្រប​ជា​មួយ​នឹង​ផែនការ​មេ​ជាតិ​ ក្រោម​ការ​ត្រួត​ពិនិត្យ​ក្រុង​ប៉េកាំង។ កាល​នោះ​លោក​បាន​បើក​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ធំ​​មួយ​ ដឹកនាំ​ដោយ​គណៈកម្មការ​កណ្ដាល​សម្រាប់​អធិការកិច្ច​វិន័យ​​ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​អំពើ​​ពុក​រលួយ​កំពូល​របស់​គណបក្ស​ដោយ​​​បាន​បញ្ជូន​ក្រុម​ត្រួត​ពិនិត្យ​ជា​ទៀងទាត់​ទៅ​ខេត្ត ក្រសួង និង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ។

ស្រប​ពេល​ជាមួយ​នឹង​ការ​កាត់​បន្ថយ​អំណាច​របស់​ «ដៃ​ទី​១» នៅ​​តាម​ខេត្ត ក្រសួង​ ស្ថាប័ន​រដ្ឋាភិបាល​ លោក​ ស៊ី ជីនភីង​ បាន​ពង្រឹង​អំណាច​របស់​អាជ្ញាធរ​កណ្ដាល​។ កាល​ពី​ខែ​តុលា​កន្លង​ទៅ​គណៈកម្មាធិការ​កណ្ដាល​បាន​ចេញ​ផ្សាយ​នូវ​សេចក្ដី​ព្រាង​បទប្បញ្ញត្តិ​ដែល​បាន​ពង្រឹង​អំណាច​របស់​អគ្គលេខាធិការ​បក្ស​ ដោយ​អនុញ្ញាត​ឱ្យ​លោក​កំណត់​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​របស់​សមាជិក​ការិយាល័យ​នយោបាយ​ទាំង ២៥ រូប និង​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ដែល​មាន​សមាជិក ៧ រូប​។ ការិយាល័យ​នយោបាយ​ គឺ​ជា​អង្គ​សម្រេច​គោល​នយោបាយ​​សំខាន់​ជាង​គេ​នៃ​ប្រទេស​ចិន ហើយ​តំណាង​ឱ្យ​ចំណុច​កំពូល​នៃ​អំណាច​ដោយ​មាន​អគ្គលេខា​បក្ស​ជា​ប្រធាន​៕