ទិន្នន័យ​ពី​កម្មវិធី​ចែកចាយ​​វ៉ាក់សាំង​កូវីដ ១៩​ នៅ​ស្កុតឡេន​បាន​បង្ហាញ​ពី​លទ្ធផល​ការ​កើន​ឡើង​តិចតួច​នៃ​​ហានិភ័យ​​ជំងឺ​ឈាម​កម្រ​កក​​ កម្រិត​ស្រាល​ និង​ជារឿយៗ​បង្ក​ឱ្យ​មាន​ការ​ហូរ​ឈាម​តិចតួច​ បន្ទាប់​ពី​ទទួល​បាន​វ៉ាក់សាំង AstraZeneca នៅដូសទី១។

ក្រុម​វេជ្ជបណ្ឌិត​ស្កុតឡេន​​បាន​ពិនិត្យ​កំណត់ត្រា​វេជ្ជសាស្ត្រ​របស់​ប្រជាជន​ចំនួន ​៥,៤ លាន​នាក់​ នៅ​ប្រទេស​ស្កុតឡេន ​ចំពោះ​ករណី​ឈាម​កម្រ​កក​​ ការ​ហូរ​ឈាម​ខុស​ពី​ធម្មតា និង​ស្ថានភាព​មួយ​ ដែល​ហៅ​ថា ​idiopathic thrombocytopenic purpura (ITP) សំដៅ​លើ​ការ​កាត់បន្ថយ​​ប្លាកែត​ឈាម​ ដែល​អាច​បណ្តាល​ឱ្យ​មាន​ស្នាម​ជាំ​ងាយ​​ហូរ​ឈាម​អញ្ចាញ​ធ្មេញ​ និង​ហូរ​ឈាម​ខាង​ក្នុង​ផង​ដែរ។

ការ​វិភាគ​នេះ​ធ្វើ​ឡើង​ ដោយ​សុខភាព​សាធារណៈ​ស្កុតឡេន​ ដោយ​បាន​រក​ឃើញ​ហានិភ័យ​នៃ​ករណី​ ITP ​កើន​ឡើង​ខ្ពស់​​ក្នុង​ចំណោម​ប្រជាជន​ ១,៧​ លាន​នាក់​ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ​AstraZeneca ​ដូស​ទី​១ ​បើ​ប្រៀបធៀប​នឹង​ប្រជាជន​ដែល​មិន​ទាន់​ទទួល​បាន​ការ​ចាក់វ៉ាក់​សាំង​រហូត​ដល់​ថ្ងៃទី ១៤ ខែ មេសា​ ឆ្នាំ ២០២១។

អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ​យ៉ាង​ហោច​ណាស់​មាន​ករណី ITP ចំនួន ១១ ​ករណី ​ក្នុង​ចំណោម​ការ​ចាក់​វ៉ាក់សាំង AstraZeneca ​១១ ​លាន​ដូស។​ ផល​ប៉ះ​ពាល់​ភាគ​ច្រើន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​សុខភាព​ និង​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង ​ទឹក​នោម​ផ្អែម ​ឬ​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ ហើយ​ធម្មតា​តែង​លេច​ចេញ​រោគ​សញ្ញា​ចន្លោះ​ពី​សប្តាហ៍ទី​២ ដល់​ទី​៤​។

អត្រា​នៃ​ការ​កើន​ឡើង​នៃ​ករណី​ ITP នេះ ​កើត​ឡើង​ បន្ទាប់​ពី​ការ​ចាក់​ថ្នាំ ​AstraZeneca ដែល​មាន​លក្ខណៈ​​ស្រដៀង​គ្នា​ទៅ​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​ដែរ​ (វ៉ាក់សាំង​ជំងឺ​ផ្តាសាយ ជំងឺ​កញ្ជ្រឹល​ និង​ជំងឺ​រលាក​ថ្លើម​​ប្រភេទ​ B)​ ដែល​អាច​នឹង​កើត​មាន​ករណី ITP ​ក្នុង​ចន្លោះ​​ពី​ ១០​ ទៅ ​៣០ ​ករណី​ក្នុង​ចំណោម​វ៉ាក់សាំង​​ ១ លានដូស។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ខ្លួន​ឯង ក៏​អាច​បង្ក​ហានិភ័យ​នៃ​ករណី ITP នេះ​ដែរ​។​

ការ​សិក្សា​ដដែល​នេះ ​ក៏​បាន​រក​ឃើញ​ភ័ស្តុតាង​កម្សោយ​មួយ​ដែល​ថា ​អ្នក​ទទួល​វ៉ាក់សាំង AstraZeneca អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​​ជំងឺ​ឈាម​កម្រ​កក​​ និង​ករណី​ហូរ​ឈាម​ផ្សេងៗ​ទៀត​ផង​ដែរ។

លោក Aziz Sheikh​ អ្នក​និពន្ធ​ជាន់​ខ្ពស់​ស្តីពី​ការ​សិក្សា​ និង​ជា​សាស្រ្តាចារ្យ​នៃ​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​បឋម​នៃ​សាកល​វិទ្យាល័យ​ Edinburgh​ បាន​និយាយ​ថា៖ «សរុប​មក ​វា​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ​។ នៅ​កម្រិត​ប្រជាជន​យើង​ប៉ុណ្ណេះ យើង​កំពុង​មើល​ឃើញ​ពី​ហានិភ័យ​ទាប​ពី​វ៉ាក់សាំង​នៅ​ឡើយ​ទេ ហើយ​ករណី​ ITP ក៏​ស្ថិត​ក្នុង​​កម្រិត​ស្រាល​អាច​ព្យាបាល​បាន​ដែរ»។

ទីភ្នាក់ងារ​វេជ្ជសាស្ត្រ​ និង​ផលិតផល​សុខភាព​ចក្រភព​អង់គ្លេស ​(​​MHRA)​ បាន​ឱ្យ​ដឹង​ថា ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ​នៅ​មាន​កម្រិត​ទាប​ជាង​ហានិភ័យ​​រ៉ាំរ៉ៃ​​ ឬ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ ទៀត។

វេជ្ជបណ្ឌិត ​Will Lester​ អ្នក​ពិគ្រោះ​យោបល់​ផ្នែក​រោគ​ស្ត្រី​នៅ​សាកលវិទ្យាល័យ​​មន្ទីរពេទ្យ ​Birmingham NHS Foundation Trust​ បាន​និយាយ​ថា៖ «ករណី​នេះ​វា​មិន​ធ្ងន់ធ្ងរ​ដូច​រោគ​សញ្ញា​ដ៏​កម្រ​នៃ​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​ជំងឺ​ចរន្ត​​ឈាម​ VITT ដែល​កើត​ឡើង​ក្រោយ​​​ចាក់​វ៉ាក់សាំង AstraZeneca និង​វ៉ាក់សាំង Johnson &Johnson (J&J) ករណី​ ITP ភាគ​ច្រើន​អាច​គ្រប់គ្រង​បាន»។

គួរ​រំឭក​ផង​ដែរ​ថា ​ការ​សិក្សា​ទិន្នន័យ​ថ្មី​នេះ​ធ្វើ​ឡើង ​ក្រោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​​ប្រទេស​អាល្លឺម៉ង់​ បាន​អះអាង​ថា​ បាន​រក​ឃើញ​មូលហេតុ​ករណី​ឈាម​កម្រ​កក​ដែល​ទាក់ទិន​ទៅ​នឹង​វ៉ាក់សាំង​ AstraZeneca និង​វ៉ាក់សាំង​ J&J៕