កាល​ពី​ថ្ងៃ​ពុធ ទី ៩ មិថុនា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ចូ បៃដិន​ បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​​ដំបូង​របស់​លោក ​តាំង​ពី​ចូល​កាន់​តំណែង​ ជា​មួយ​នឹង​ការ​បញ្ជាក់​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សម្ព័ន្ធមិត្ត​ណាតូ (NATO) ហើយ​បាន​ធ្វើ​ការ​ដាស់តឿន​​ទៅ​​​ប្រទេស​រុស្ស៊ី​ថា​ពួកគេ​ប្រឈម​នឹង​ផលវិបាក «រឹងមាំ​និង​ក្នុង​ទំហំ​ធំ​» ប្រសិន​បើ​ពួកគេ​ចូល​រួម​ក្នុង​សកម្មភាព​គ្រោះថ្នាក់​។

ថ្លែង​ចំពោះ​ទាហាន​អាមេរិក​ប្រមាណ ១​ ០០០ នាក់ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​អង់គ្លេស​មួយ លោក​បៃដិន​ បាន​និយាយ​ថា​ បាន​និយាយ​ថា​ លោក​នឹង​ផ្តល់​ខ្លឹមសារ​​យ៉ាង​ច្បាស់​ដល់​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ ពូទីន ​នៅ​ពេល​ដែល​ពួកគេ​ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​មេដឹកនាំ​អង្គការ​ណាតូ ក្រុម​ប្រទេស G7 និង​មេដឹកនាំ​អឺរ៉ុប​។

«យើង​មិន​ស្វែង​រក​ជម្លោះ​ជា​មួយ​រុស្ស៊ី​ទេ យើង​ចង់​បាន​ទំនាក់​ទំនង​ដែល​មាន​ស្ថិរភាព​ និង​អាច​ព្យាករ​បាន​» លោក ​បៃដិន ​បាន​និយាយ​បែប​នេះ​នៅ​ដើម​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ​៨​ ថ្ងៃ​របស់​លោក ហើយ​បន្ត​ទៀត​ថា​៖ «ប៉ុន្តែ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយ​តប​តាម​របៀប​ដ៏​រឹងមាំ និង​ក្នុង​ទំហំ​ធំ ប្រសិន​បើ​រដ្ឋាភិបាល​រុស្ស៊ី​ចូលរួម​ក្នុង​សកម្មភាព​គ្រោះថ្នាក់​»​។

លោក​បន្ថែម​ទៀត​ថា​៖ «យើង​បាន​បង្ហាញ​រួច​ហើយ​។ ខ្ញុំ​នឹង​បញ្ជូន​សារ​ថា​នឹង​មាន​ផល​វិបាក​ចំពោះ​ការ​បំពាន​អធិបតេយ្យភាព​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក នៅ​អឺរ៉ុប និង​នៅ​កន្លែង​ផ្សេង​ទៀត​»​។

លោក​ បៃដិន​ បាន​និយាយ​ថា ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​ទំនាក់ទំនង​អាត្លង់ទិច​ឡើង​វិញ និង​កែលម្អ​ទំនាក់​ទំនង​ជា​មួយ​នឹង​រុស្ស៊ី ពី​រយៈ​ពេល ៤ ឆ្នាំ​ជាប់​គាំង ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ និង​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ​ជា​ច្រើន​ បាន​ធ្វើ​ឱ្យ​អាមេរិក​មាន​ទំនាក់​ទំនង​តាន​តឹង​នៅ​ជុំវិញ​ពិភពលោក​។

«នេះ​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ខ្ញុំ​នឹង​ទៅ​កិច្ច​ប្រជុំ​ G7 បន្ទាប់​មក​កិច្ច​ប្រជុំ​ណាតូ ហើយ​បន្ទាប់​មក​មក​ជួប​ជា​មួយ​លោក ​ពូទីន ​ដើម្បី​ឱ្យ​លោក​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​លោក​ដឹង​» លោក ​បៃដិន​ បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «នៅ​គ្រប់​ចំណុច​ទាំង​អស់​នៃ​ដំណើរ​ទស្ស​នកិច្ច​ យើង​នឹង​ធ្វើ​ឱ្យ​វា​កាន់​តែ​ច្បាស់​ថា ​សហរដ្ឋអាមេរិក ​បាន​វិល​ត្រឡប់​មក​វិញ ហើយ​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ កំពុង​ឈរ​រួម​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​បំផុត និង​បញ្ហា​ដែល​សំខាន់​បំផុត​សម្រាប់​អនាគត​របស់​យើង​»​។

ការ​ជួប​ប្រជុំ​ដំបូង​របស់​លោក​ បៃដិន​ គឺ​នៅ​ភូមិ​មាត់​សមុទ្រ​ St. Ives តំបន់​ Cornwall ចក្រភព​អង់គ្លេស​។ កិច្ច​ប្រជុំ​កំពូល​ G7 នៅ​ទី​នោះ​គឺ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ពិភាក្សា​អំពី​ការទូត​ វ៉ាក់សាំង​ ពាណិជ្ជកម្ម អាកាសធាតុ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដោយ​មន្ត្រី​អាមេរិក​គិត​ថា ​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ គឺ​ជា​មធ្យោបាយ​សម្រាប់​ប្រកួត​ប្រជែង​ជា​មួយ​ចិន​។

បន្ទាប់​មក​លោក​ បៃដិន​ នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប្រ៊ុចសែល​ ដើម្បី​ពិភាក្សា​ជា​មួយ​មេដឹកនាំ​ណាតូ និង​សហភាព​អឺរ៉ុប​។ របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​គ្រប​ដណ្ដប់​លើ​ប្រទេស​រុស្ស៊ី ចិន និង​បញ្ហា​ដែល​មាន​អាយុ​ច្រើន​ឆ្នាំ ក្នុង​ការ​ធ្វើ​ឱ្យ​សម្ព័ន្ធមិត្ត​ណាតូ​ចូល​រួម​វិភាគទាន​បន្ថែម​ទៀត​ដល់​វិស័យ​ការពារ​រួម​។

ជំនួប​កំពូល​របស់​លោក​ជា​មួយ​លោក​​ ពូទីន ​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនា នៅ​ទីក្រុង​ហ្ស៊ឺណែវ​ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ជា​ឱកាស​សម្រាប់​អាមេរិក​លើក​ឡើង​អំពី​ការ​ព្រួយបារម្ភ​ដោយ​ផ្ទាល់​ជា​មួយ​មេដឹកនាំ​រុស្ស៊ី​អំពី​បញ្ហា​ដូចជា​ការ​កើន​ឡើង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ អរិភាព​ចំពោះ​អ៊ុយក្រែន​ជា​ដើម​។

មិនមែន​ការ​រីក​ចម្រើន ​ធំដុំ​ណា​មួយ​ត្រូវ​បាន​រំពឹង​ទុក​ពី​កិច្ច​ប្រជុំ​កំពូល​នេះ​ទេ​៕