រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក លោក​ Lloyd Austin បាន​ចេញ​សេចក្តី​អំពាវនាវ​ជា​ផ្លូវការ​មួយ​ ស្ដីអំពី​ពី​ការ​ផ្តួច​ផ្តើមគំនិត​ជាច្រើន​ ដើម្បីផ្សះផ្សា​ជា​មួយ​ចិន​វិញ ប៉ុន្តែ​មន្ត្រី​ភាគច្រើន​មិនទាន់​បាន​បង្ហើប​នូវ​ ព័ត៌​មាន​លម្អិត​ស្ដី​អំពីរបៀប​ ដែល​ថា​គំនិត​ផ្ដួច​ផ្ដើម​នេះ​នឹង​ខុស​ប្លែកពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​កន្លង​មក​យ៉ាង​ណា​​នោះ​​ទេ។

សហរដ្ឋ​អាមេរិក​បាន​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្សះផ្សា​ទំនាក់​ទំនង​ជាមួយ​ចិ​ន​ អស់​ជាច្រើន​ឆ្នាំមកហើយ​ ក្រោយ​ប្រទេស​ទាំង ២ ​មាន​ជម្លោះ​ទាក់​ទិន​នឹង​បញ្ហា​ បច្ចេកវិទ្យា​ និង​សិទ្ធិមនុស្ស​ ក៏ដូចជា​សកម្មភាព​យោធាចិ​ននៅក្នុង​សមុទ្រចិន​ខាងត្បូង​ផងដែរ​។

ចំណាត់​ការនេះ គឺ​ជា​លទ្ធផល​នៃ​អនុសាសន៍​ដែលបង្កើត​ដោយ​ក្រុមការងារ​មន្ទីរ​ Pentagon ដែលត្រូវ​បាន​បង្កើត​ឡើងក្នុង​ខែកុម្ភៈ​ ដោយ​ប្រធានា​ធិបតី​អាមេរិក ​លោក Joe Biden។

សេចក្តីថ្លែង​ការណ៍នេះ​ក៏បាន​ឱ្យ​ដឹង​ទៀតថា ​គំនិតផ្តួច​ផ្តើមនេះ​នឹងបង្កើន​សមត្ថភាព​របស់​យោធា​ ដើម្បី «ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​បណ្តាញ​សម្ព័ន្ធមិត្ត​និង​ភាព​ដៃគូ​របស់​យើង​ ក៏ដូចជា​ ពង្រឹង​ ដោះស្រាយ​ រាំងស្ទះ​ និង​ពន្លឿន​ការ​អភិវឌ្ឍគំនិត​ប្រតិបត្តិ​ការថ្មី​រវាង​ប្រទេស​ទាំង ២»៕