តុលាការ​ក្រុងម៉ូស្គូ​នៅ​ថ្ងៃពុធនេះ​ បាន​សម្រេច​ដាក់​ស្ថាប័ន​ទាំងឡាយ ​ដែល​មានជាប់​​ទំនាក់​ទំនង​ជា​មួយ​មេ​គណបក្ស​​​ប្រឆាំង​រុស្ស៊ី​លោក​ Alexei Navalny ថា ​ជា​ «ក្រុម​ជ្រុលនិយម» ខុស​ច្បាប់។

រដ្ឋអាជ្ញា​ក្រុង​ ម៉ូស្គូ​បានចោទ​ប្រកាន់​លោក Navalny​ និង​សម្ព័ន្ធមិត្ត​របស់​លោក​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឱ្យមាន​អស្ថិរ​ភាព​សង្គម​ និង​ប្រទេស​រុស្ស៊ី។ ចំណាត់​ការ​នេះ គឺជា​សកម្មភាព​ចុង​ក្រោយនៅ​ក្នុង​យុទ្ធនាការ​ ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង​ និង​រារាំ​ងអ្នករិះគន់​វិមាន​ក្រឹមឡាំង​ពី​ការឈរ​ឈ្មោះបោះឆ្នោត​នៅ​ខែកញ្ញា។

សេចក្តី​សម្រេចនេះ ក៏​បាន​សម្រេច​​បញ្ឈប់​សកម្មភាព​បុគ្គល​ដែលមាន​ជាប់ទាក់ទង​ជា​មួយ​មូល​និធិលោក​ Navalny ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​និង​បណ្តាញ​ក្នុងតំបន់​របស់លោក​ក្នុង​ការ​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​ផងដែរ​។

សម្ព័ន្ធមិត្ត​ជាច្រើន​របស់លោក ​Navalny បាន​សង្ឃឹមថា​ អាច​នឹងឈរ​ឈ្មោះ​សម្រាប់​អាសនៈ​សភា​នៅ​ក្នុង​ការបោះ​ឆ្នោត​ថ្ងៃទី ១​៩ ខែកញ្ញា។ ​យ៉ាងណាមិញ​ ការ​ដាក់​ស្ថាប័ន​ទាំង​នេះ​ចូល​ជា​ «ក្រុម​ជ្រុលនិយម» អាច​នឹង​ផ្ដល់​ផល​វិបាកធ្ងន់​ធ្ងរ​ដល់​អ្នកគាំ​ទ្រ​លោក Alexei Nav​alny​ និង​ចលនា​នយោបាយ​របស់​គាត់។​

សកម្មជន​ទាំង​នេះ​ អាច​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ ពន្ធនាគារ​ប្រសិន​បើពួកគេ​បន្ត​ការងារ​របស់​ពួកគេ។ ដោយឡែក​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឬ​គាំទ្រ​បណ្តាញ​នយោបាយ​របស់​លោក Navalny​ អាចត្រូ​វ​បាន​រារាំង​មិន​ឱ្យ​ឈរឈ្មោះ​សម្រាប់​ការិយាល័យ​សាធារណៈ​ទៀត​ផង៕