ក្រសួងការពារជាតិ​អាមេរិក ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី១១ ផ្ដល់​កញ្ចប់​ថវិកាចំនួន​​ ១៥០​លាន​ដុល្លារ​ទៅ​ប្រទេស​អ៊ុយក្រែន​ ជា​ជំនួយ​យោធា​ដែល​នឹង​រួម​មាន​ប្រព័ន្ធ​រ៉ាដា​ប្រឆាំង​គ្រាប់​ផ្លោង​ ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) ក្នុង​គោលបំណង​ពង្រឹង​ក្រុង​កៀវ​ ខណៈ​ភាព​តាន​តឹង ​កំពុង​កើន​ឡើង​ជា​មួយ​ក្រុង​ម៉ូ​ស្គូ​។

បើ​ទោះ​បី​ជា​ថវិកា​នេះ​ ត្រូវ​បាន​សន្យា​រួច​ហើយ​ដោយ​សភា​ក៏​ដោយ សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ ​បាន​រៀប​រាប់​លម្អិត​អំពី​របៀប​ដែល​យោធា​សហរដ្ឋអាមេរិក​ នឹង​បែង​ចែក​ជំនួយ ដែល​បាន​គ្រោង​ទុក​សម្រាប់​អ៊ុយក្រែន​ មុន​ពេល​បញ្ចប់​ឆ្នាំ​សារ​ពើពន្ធ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ខែ​កញ្ញា​។

ជំនួយ​នេះ​ នឹង​បន្ថែម​ពី​លើ​ជំនួយ​មាន​តម្លៃ ១២៥លាន​ដុល្លារ​ ដែល​ក្រសួងការពារជាតិ​អាមេរិក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា ដែល​រួម​បញ្ចូល​ទាំង​នាវា​ល្បាត​ទំនើប​ Mark VI ផង​ដែរ​។ រវាង​ឆ្នាំ​ ២០១៤ និង​ ២០២១​ប្រទេស​អ៊ុយក្រែន​ បាន​ទទួល​ជំនួយ​យោធា​ជាង​ ២,៥ពាន់​លាន​ដុល្លារ​ពី​អាមេរិក​។

ទីក្រុង​ម៉ូ​ស្គូ​ បាន​កាត់​យក​ឧបទ្វីប​គ្រីមា របស់​អ៊ុយក្រែន​កាល​ពី​ឆ្នាំ ២០១៤ និង​គាំទ្រ​ការ​បះបោរ​ផ្ដាច់​ខ្លួន​និយម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​ការ​ប៉ះទង្គិច​គ្នា​បាន​សម្លាប់​មនុស្ស​ជាង

១៤ ០០០ នាក់​ហើយ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​។

ភាព​តាន​តឹង ​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​ប្រទេស​ទាំង​២​ ​បាន​ស្ដី​បន្ទោស​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ដុនបាស​ខាង​កើត​អ៊ុយក្រែន ហើយ​ការ​ប្រមូល​ផ្ដុំ​កងទ័ព​រុស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយក្រែន និង​នៅ​គ្រីមា​​៕