ការ​កាន់​អំណាច ១២ ឆ្នាំ ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​លោក​ Benjamin Netanyahu នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ដែល​សភា​ Knesset ត្រូវ​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាល​ថ្មី​បង្កើត​ដោយ​គូប្រជែង​ ហើយ​នឹង​នាំ​មក​រដ្ឋបាល​មួយ​ដែល​បាន​​សន្យា​ថា ​នឹង​ព្យាបាល​ប្រជាជាតិ​មួយ​បែក​បាក់​គ្នា​យ៉ាង​ជូរចត់​ដោយ​ការ​ចាកចេញ​របស់​មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​បំផុត​របស់​ប្រទេស​នេះ​។

លោក Netanyahu ដែល​ជា​អ្នក​​នយោបាយ​អ៊ីស្រាអែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ជំនាន់​របស់​គាត់​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​មួយ​បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃទី ២៣ ខែ​មីនា​ របស់​អ៊ីស្រាអែល ដែល​ជា​ការ​បោះឆ្នោត​លើក​ទី៤ ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​​ក្រោយ​នេះ​។ គណៈរដ្ឋមន្ត្រី​ថ្មី ដែល​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទុក​​ចិត្ត​របស់​សភា​ Knesset គឺ​ត្រូវ​បាន​ការ​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​គណបក្ស​ចំនួន​ ៨ ហើយ​ដឹកនាំ​ដោយ​មេ​ដឹកនាំ​ប្រឆាំង​លោក Yair Lapid និង​អ្នក​នយោបាយ​ជាតិ​និយម​លោក Naftali Bennett​។

លោក Bennett ដែល​ជា​សេដ្ឋី​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជា​អ្នក​នយោបាយ​ជាតិ​និយម​សាសនា​និយម​ និង​គាំទ្រ​ចលនា​តាំង​​លំនៅ​ជនជាតិ​អ៊ីស្រាអែល​នៅ​ដែន​ដី​ប៉ាឡេស្ទីន នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ២ ​ឆ្នាំ ហើយ​លោក Lapid ដែល​ជា​​អតីត​ពិធីករ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​​នឹង​ចូល​កាន់​តំណែង​បន្ត​។

រដ្ឋាភិបាល​ចម្រុះ​ដែល​ពួក​គេ​នឹង​ដឹកនាំ​ គឺ​បង្កើត​ពី​គណបក្ស​ដែល​គ្មាន​និន្នាការ​នយោបាយ​ដូច​គ្នា​ ប៉ុន្តែ​ស្រប​គ្នា​ក្នុង​ការ​ទម្លាក់​លោក​ Netanyahu​ ចេញ​ពី​តំណែង​។ រដ្ឋាភិបាល​ចម្រុះ​នេះ​នឹង​​រួម​មាន​គណបក្ស​ជនជាតិ​ប៉ាឡេស្ទីន​មួយ​ហើយ​បាន​យល់​ព្រម​ចៀសវាង​ការ​ឈាន​ទៅ​រក​បញ្ហា​អន្តរជាតិ​ដូចជា​គោល​នយោបាយ​ឆ្ពោះ​ទៅ​ប៉ាឡេស្ទីន ខណៈ​ពួក​គេ​ផ្ដោត​លើ​កំណែ​ទម្រង់​ក្នុង​ស្រុក​វិញ។

មេ​ដឹកនាំ​បក្ស​នេះ​ លោក Monsour Abbas បាន​និយាយ​ថា ​លោក​បាន​ទទួល​ការ​ធានា​ពី​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះ​ថា​ នឹង​បន្ថែម​សិទ្ធិ​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល​ដើម​កំណើត​ប៉ាឡេស្ទីន​ និង​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​តំបន់​ជនជាតិ​អារ៉ាប់​។

កិច្ច​ព្រមព្រៀង​សម្ព័ន្ធភាព​មួយ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​ថ្មី​នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដូច​ជា ​ការ​ចំណាយ​ថវិកា​រដ្ឋ និង​ការ​កសាង​មន្ទីរពេទ្យ​ថ្មី​ៗ ជា​ជាង​ប្រថុយ​នឹង​ការ​ប្រយុទ្ធ​ផ្ទៃ​ក្នុង​ដោយ​ព្យាយាម​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក Bennett នឹង​មាន​អំណាច​​ប្រតិបត្តិ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ ដើម្បី​ពង្រឹង​ការ​កាន់​កាប់​ដែនដី​ប៉ាឡេស្ទីន​បន្ថែម​ទៀត​។

អ្វី​ដែល​សំខាន់ គឺ​កិច្ច​ព្រមព្រៀង​នេះ​បាន​លើក​ឡើង​ថា​ រដ្ឋា​ភិបាល​ថ្មី​អាច​ជំរុញ​ច្បាប់​ដែល​​នឹង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មិន​ឱ្យ​លើស ៨ ឆ្នាំ​ ដែល​អាច​រារាំង​ដល់​ផែនការ​របស់​លោក​ Nethayahu ក្នុង​ការ​ឈរ​ឈ្មោះ​ម្ដង​ទៀត​នៅ​ពេល​អនាគត​។

ក្នុង​អំណាច​រយៈពេល ១៥ ឆ្នាំ ​គិត​ចាប់​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ១៩៩៩ ហើយ​ម្ដង​ទៀត​ចាប់​តាំង​​ពី​ឆ្នាំ ២០០៩ លោក​ Netanyahu​ នៅ​បន្ត​ព្យាយាម​បំបែក​បំបាក់​រដ្ឋាភិបាល​ចម្រុះ​បង្កើត​ដោយ​គូ​ប្រជែង​របស់​លោក ដែល​អាច​គំរាម​កំហែង​មិន​ត្រឹម​តែ​ជីវិត​នយោបាយ​របស់​លោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​សេរីភាព​របស់​លោក​ផង​ដែរ​។

លោក Netanyahu គឺ​ប្រឈម​នឹង​សំណុំ​រឿង​ពុករលួយ​ចំនួន ៣ ដែល​រួម​មាន​ការ​ចោទ​ពី​បទ​បោក​ប្រាស់​ការ​សូក​សំណូក និង​ការ​រំលោភ​ការ​ទុកចិត្ត​។ បើ​សិន​លោក​​ធ្លាក់​ពី​អំណាច​ សភា​អាច​បដិសេធ​សំណើ​អភ័យឯក​សិទ្ធិ​ពី​ការ​កាត់​ទោស​របស់​លោក​។

កាល​ពី​សប្ដាហ៍​មុន ​លោក​ Netanyahu ចោទ​ប្រកាន់​លោក​ Bennett ថា​ បាន​ធ្វើ​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត​ ដោយ​បាន​ក្បត់​ការ​សន្យា​ទៅ​អ្នក​បោះ​ឆ្នោត​ខាង​ស្តាំ​ថា ​មិន​ចូលរួម​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ឆ្វេង​និយម​ និង​គណបក្ស​ជនជាតិ​អារ៉ាប់​។ អ្នក​វិភាគ​បាន​គិត​ថា ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ គឺ​ជា​ការ​ព្យាយាម​របស់​លោក​ Netanyahu ក្នុង​ការ​បំបែក​​សម្ព័ន្ធភាព​ដ៏​ផុយ​ស្រួយ​នេះ​។

ការ​ព្យាយាម​បំបែក​របស់​លោក​ Netanyahu ត្រូវ​បាន​ការ​គិត​ថា​ នឹង​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​អំណាច​ ហើយ​អាច​គំរាម​កំហែង​ដល់​ស្ថិរភាព​រដ្ឋាភិបាល​ និង​អាច​បង្ក​ឱ្យ​មាន​ការ​បោះឆ្នោត​ម្ដង​ទៀត​។

អ្នក​គាំទ្រ​របស់​លោក​ Netanyahu បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​សមាជិកសភា​ដែល​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ថ្មី ហើយ​អង្គរក្ស​បន្ថែម​ទៀត ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ការពារ​សមាជិក​រដ្ឋបាល​ថ្មី​ជា​ច្រើន​។

ជនជាតិ​អ៊ីស្រាអែល​ខ្លះ​ បាន​ប្រៀបធៀប​ការ​បាតុកម្ម​ទាំង​នេះ​ ទៅ​នឹង​កំហឹង​ដែល​នាំ​ឱ្យ​មាន​កុបកម្ម​នៅ​វិមាន​កាពីតូល​អាមេរិក​កាល​ពី​ខែ​មករា ឬ​ការ​ញុះញង់​ឱ្យ​មាន​ហិង្សា​ដែល​ឈាន​ដល់​ការ​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Yitzhak Rabin​ ដោយ​បុគ្គល​ជ្រុល​និយម​កាល​ពី​ឆ្នាំ ១៩៩៥​៕