ក្រុមអ្នកស៊ើបអង្កេត បាន​ជី​ក​រកឃើញ​បំណែកឆ្អឹងចំនួន ៣ ៧៨៧ បំណែក​​របស់​ជន​រងគ្រោះ​សរុប ១៧ នាក់​ នៅ​ក្រោម​ផ្ទះឃាតករស៊េរី​ម្នាក់​ នៅជាយក្រុងនៃទីក្រុងប្រទេស​ម៉ិក​ស៊ិក​។

រដ្ឋអាជ្ញានៅរដ្ឋម៉ិកស៊ីកូបាន​លើក​ឡើងថា​ ការរ​កឃើញគួរឱ្យ​ញញើត​នេះ​ អាច​នឹង​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​​។​នៅ​ក្នុង​ដំណើរ​ជីក​រ​ក ដែល​ត្រូ​វបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែឧស​ភា អាជ្ញាធ​រ​នៅ​ក្នុង​រដ្ឋ​ម៉ិក​​ស៊ី​កូ​ ​បាន​ជីក​កម្រាល​ឥដ្ឋផ្ទះ​ ដែលជនសង្ស័យកំពុង​រស់នៅ និង​គ្រោង​នឹ​ង​ពង្រីកការស្វែង​បន្ថែម​ទៀត​ នៅ​ក្រោម​ប​ន្ទ​ប់​ជា​ច្រើន​ទៀត​ ​ដែល​​គា​ត់បានជួលនៅលើដីតែ ១។

បន្ថែមពីនេះ ក្រុម​ការងារ​ក៏​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណនិង​ទ្រព្យសម្បត្តិផ្សេងទៀតរបស់​ជន​រង​គ្រោះ​ ដែល​បាន​​បាត់ខ្លួនជា​ច្រើន​ឆ្នាំ ជា​ការ​បញ្ជាក់​ថា​ ឃាត​ករ​បាន​សម្លាប់​មនុស្ស​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​មក​ហើយ​។

ចំនួនបំណែកឆ្អឹងដែលត្រូវបានរកឃើញនៅខាងក្រោមកម្រាល​បេតុងនៅផ្ទះរបស់ជនសង្ស័យអាច​បញ្ជាក់​ថា ​សាក​សពអាចត្រូវបានគេកាប់ជា​បំណែ​ក​តូ​ច​ៗ​។

សេចក្តីថ្លែងការណ៍​ជា​ផ្លូវ​ការ​មួយ​បាន​ឱ្យ​ដឹងថា៖ «បំណែកឆ្អឹងទាំង​នេះ កំពុង​ត្រូវ​បាន​គេ​យក​ទៅ​សិក្សា​ដោយ​រួមមានការសម្អាតផ្នែកនីមួយៗដោយប្រុងប្រយ័ត្ន​ និង​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ផ្នែក​ណាមួយ​នៃរា​ង​កាយ​​ និង​ដាក់វានៅក្នុងទីតាំង​កាយវិភាគសាស្ត្រដែល​ជា​កន្លែង​គេ​ផ្តល់នូវវិធីសាស្ត្រ​សម្រាប់​កំណត់​អត្តសញ្ញាណ និង​ចំនួន​​​ប្រហាក់​​ប្រហែលរបស់​​ជនរងគ្រោះផងដែរ»។

ប្រភពដដែល​បាន​បន្ត​ថា៖ «ការវិភាគនេះបង្ហាញថា រហូតមកដល់ពេលនេះ​ បំណែក​ឆ្អឹង ដែ​ល​រកឃើញ​នេះ​ អាច​ជា​របស់​ជន​រងគ្រោះ​ ១៧ នាក់»។

អាជ្ញាធរមិនបានបញ្ចេញឈ្មោះពេញរបស់ជនសង្ស័យអាយុ​ ៧២ ឆ្នាំ ស្ថិត​នៅ​ក្រោមច្បាប់ម៉ិកស៊ិក​ក្នុង​ការ​ការពារ​អត្តស​​ញ្ញាណ​របស់ជនសង្ស័យ​។ លោក​ធ្លាប់​បាន​​តុលាការបញ្ជាឱ្យ​ ចូលជំនុំជម្រះ​ក្នុង​ករណី​​សម្លាប់​ជន​រង​គ្រោះចុងក្រោយស្ត្រីអាយុ ៣៤ ឆ្នាំ​ ដែល​សាកសព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ត្រូវ​បាន​អារ និង​កាប់​ដោយ​ន​រណា និង​កាំ​បិត​​របស់ឃាតករកាលពីថ្ងៃទី ១៤ ខែឧសភា​កន្លង​មក​។

ទោះជាយ៉ាងណា ការ​ចាប់​ខ្លួន​នេះ ​ដំបូង​ឡើយ​មិន​មែន​ធ្វើ​ឡើង​ដោយសារ​លទ្ធផលនៃការស៊ើបអង្កេត​ទាក់​ទិន​នឹង​ការ​សម្លាប់​ជា​ស៊េរីនេះទេ ប៉ុន្តែ​ចាប់​ខ្លួន​ដោយសារតែ​ការចោទប្រកាន់ថ្មីៗនេះ​ ដែល​ជន​រង​គ្រោះ​ គឺ​ជាប្រពន្ធរបស់មេបញ្ជាការប៉ូលិ​​សដែលលោក​ស្គាល់​ផ្ទាល់​។ លោក​បាន​ជូន​ស្ដ្រី​រងគ្រោះ​ទៅ​ទិញ​អី​វ៉ាន់​នៅ​ថ្ងៃ​ ដែល​ស្ដ្រីនោះ​បាត់ខ្លួន។

មន្ត្រីប៉ូលិ​សបានពិនិត្យ​កាមេរ៉ាសុវត្ថិភាព​របស់ប៉ូលិ​សដែលប​ង្ហាញថា ប្រពន្ធរបស់គាត់បានដើរ​នៅតាម​ផ្លូវ​​ចូល​ផ្ទះ​របស់​ជន​សង្ស័យ​រស់​នៅ​ ប៉ុន្តែ​មិន​ឃើញ​សញ្ញាណនៃ​ការត្រឡប់​មក​វិញឡើយ​។ ​ក្រុម​ប៉ូលិស​ក៏​បា​នទៅ​ផ្ទះរបស់​​ជនសង្ស័យហើយ​ក៏​បានរកឃើញ​សាកស​ពរប​ស់ប្រព​ន្ធលោក​​នៅខាងក្នុង។

បន្ថែម​ពីនេះ ក្រុម​ប៉ូលិ​ស​ក៏បាន​រកឃើញ​សម្លៀកបំពាក់ស្រ្តីអត្តសញ្ញាណប័ណ្ណនិង​ខ្សែអាត់សំឡេង ក៏ដូចជា វីដេអូ​ ដែលប​ង្ហាញ​ថា ជន​សង្ស័យ​ប្រហែល​ជាបាន​ថត​វីដេអូរបស់​ជនរងគ្រោះមុន​នឹង​សម្លាប់​ពួកគេ​​។

ទម្រង់នៃខ្សែអាត់វីដេអូដែលគេរកឃើញនៅឯផ្ទះរបស់​ជន​សង្ស័យ អាចបង្ហាញថាការសម្លាប់នេះ​ បាន​ចាប់​ផ្ដើម​តាំង​ពីពេល​ណា​មក​។ អាជ្ញាធ​រ​ បាន​រក​ឃើញខ្សែអាត់វីដេអូប្រភេទ​ 288 mm ជាប្រភេទ​ ដែល​គេ​ឈប់​ប្រើ​តាំង​ពី​ឆ្នាំ​ ២០០៧ និងកាសែតប្រភេទ​ VHS២៥ ប្រភេទដែល​ភាគ​ច្រើន​ គេ​ឈប់​ប្រើ​តាំង​ពី​​ឆ្នាំ ២០១៦ មក​ម្ល៉េះ​។

ទោះជាយ៉ាងណា គេ​តែ​ងឃើញ​បច្ចេកវិទ្យា​ហួស​សម័យ​ជាច្រើន​ នៅតែ​ត្រូវបាន​គេប្រើប្រាស់​នៅ​ប្រទេសម៉ិក​ស៊ិក​ ទោះបីជា​គេ​ឈប់​ប្រើប្រាស់​នៅ​​ប្រទេសដទៃ​ទៀតក៏​ដោយ​។

សរុបទៅ រដ្ឋ​អាជ្ញាបាន​និយាយថា​ ពួកគេបានរកឃើ​ញរូបថតចំនួន ៩១ សន្លឹកទូរស័ព្ទ​ដៃចំ​នួន ៨ គ្រឿង និងគ្រឿងអលង្ការនិ​ងគ្រឿងតុបតែងខ្លួនរបស់ស្ត្រី​ជាច្រើន​។ ដោយឡែក ចំពោះ​បំណែកឆ្អឹង​ដែល​រក​ឃើញ អ្នក​ជំនាញ​នឹង​ត្រូ​វ​បន្ត​សិក្សា​បន្ថែម​ទៀត​ដើម្បីកំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ៕