អាជីវកម្ម​នៅ​ប្រទេសឥណ្ឌា​ ចាប់ផ្តើម​ចូលរួម​យុទ្ធនាការ​​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដោយចែក​ផលិតផល​ ​មិនគិតថ្លៃ​ទៅ​ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​រួចរាល់។​

ការចូលរួម​ពីសំណាក់​អាជីវកម្ម​ក្នុងស្រុកនេះ​ ជា​ការមើលឃើញ​ពី​ប្រសិទ្ធភាព​យុទ្ធសាស្រ្ត​អាជីវកម្ម​នៅ​សហរដ្ឋ​អាមេរិក ​ដែល​ប្រគល់​ជូនផលិតផល​មិនគិត​ថ្លៃទៅ​អ្នកចាក់​វ៉ាក់សាំង​រួចរាល់ ​ដែលធ្វើឱ្យ​ ប្រទេសនេះ​មាន​ចំនួន​អ្នក​ចាក់វ៉ាក់សាំង​កើនឡើង​លឿនជាង​ការ​កំណត់។

បណ្តាអាជីវកម្ម​មួយចំនួន​បាន​ចែក​នូវវត្ថុ​ជាផលិតផល​ និង​ការបញ្ចុះ​តម្លៃមួយ​ចំនួនទៅ​ដល់​អតិថិជន​ដែលបាន​ចាក់វ៉ាក់សាំង​រួចរាល់​ ដើម្បី​ជំរុញ​ប្រជាជន​ចូលរួម​ចាក់វ៉ាក់សាំង​ការពារកូវីដ ១៩ ក្រោយពី​ប្រទេសនេះ​មាន​ចំនួនឆ្លង​ក្នុង​សហគមន៍ច្រើន។​ រលកទី៣ នៃការឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេសឥណ្ឌា​ គឺ​បណ្តាល​មកពី​ការចូលរួម​ក្នុង​កម្មវិធី​សាសនា ​និង​ការ​ចូលរួម​ យុទ្ធនាការ​បោះឆ្នោត​របស់​ប្រទេស​ខ្លួនកាល​ពីពេល​ថ្មីៗនេះ​។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌា ​ប្រជាជន​ប្រហែល ​២២ ​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌា សរុប​ប្រមាណ ​១,៣៨ ​ពាន់​លាន​នាក់​ បាន​ចាក់វ៉ាក់​សាំង​ការពារកូវីដ ១៩ ​គិតត្រឹម​ថ្ងៃទី ​១០​ ខែ​មិថុនា។

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មាន​ការភ័យខ្លាច​ចំពោះ​ការ​បិទខ្ទប់​ប្រទេស​ដូចកាល​ពីរ​លកទី​១ នៃ​ការ​រីករាលដាល​ក្នុង​សហគមន៍​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់ពួក​គេទាំង​ស្រុងនោះ សហ​គ្រិន​កំពុង​ស្វែង​រក​គ្រប់លទ្ធភាព​ ដើម្បីទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​នៅក្នុង​ប្រទេសឥណ្ឌា​ ទទួល​ការ​ចាក់វ៉ាក់សាំង​។

យោងតាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន ​South China Morning Post​ លោក Amit Bagga​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Daryaganj​ ដែលជា​ភោជនីយដ្ឋាន​មាន​សាខាជា​ច្រើននៅ​ទូទាំងក្រុង​ដេលីនិង​ហ្គូហ្គូម​បាន​និយាយ​ថា ​ការចាក់វ៉ាក់សាំង​អាចដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​សាធារណៈ​ដោយកាត់​បន្ថយការ​គំរាមកំហែង​ដោយ​សារវីរុស​កូរ៉ូណា​។

សារព័ត៌មាន​ដដែល​បាន​ដក​ស្រង់​សម្តី​លោកថា៖ ​«សង្ឃឹមថា​ ការផ្តល់ជូន​និង​ការ​បញ្ចុះត​ម្លៃរបស់​ឧស្សាហកម្ម​បដិ​សណ្ឋារ​កិច្ច​នឹងលើក​ទឹកចិត្ត​ដល់​អាជីវកម្ម​ផ្សេងទៀត​ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ទទួល​ការ​ចាក់វ៉ាក់​សាំង​ផងដែរ​។ គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាពទេ ​ទាល់តែ​មនុស្ស​គ្រប់​គ្នា​មាន​សុវត្ថិភាព។ ការរីក​រាលដាល​នៃ​ជំងឺនេះ​កាន់តែ​ឆាប់​អន់ថយ ​មនុស្សទាំងអស់​អាចត្រឡប់​មករក​ស៊ីវិញ​ឆាប់ៗនេះ​»។

គួរបញ្ជាក់​ផង​ដែរថា អាជីវកម្ម​នៅ​សហរ​ដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ចូល​រួមគាំ​ទ្រ​យុទ្ធនា​ ការ​ចាក់វ៉ាក់សាំងនេះ​តាំងពី​ខែមករា​ ឆ្នាំ ២០២១ ដែល​បណ្តាលឱ្យមានចំនួន​អ្នកចាក់​វ៉ាក់សាំងច្រើ​ន​លើសការ​កំណត់។​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​បាន​កំណត់ថា ​នៅថ្ងៃទី ៤ កុម្ភៈ ត្រូវមាន​មនុស្ស​ ពេញវ័យយ៉ាង​តិចណាស់​ ៧០ ​ភាគរយ​ នៃ​មនុស្ស​ពេញវ័យសរុប​ទទួលការ​ចាក់វ៉ាក់​សាំងការពារ​កូវីដ ១៩​ ១ ដូស។

បន្ថែមពី​អាជីវកម្ម​ក្នុងស្រុក​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​ក៏​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ដើម្បី​លើកទឹកចិត្ត​ដល់​សាធារណ​ជនឱ្យទទួល​ការ​ចាក់វ៉ាក់​សាំងកូវីដ ១៩ ផងដែរ។​ រដ្ឋាភិបាលឥណ្ឌា​ ​បានផ្តល់​ការកាត់​បន្ថយថ្លៃ​ពន្ធ​អចលនទ្រព្យដល់​ក្រុមគ្រួសារ​ដែល​ទទួលការ​ចាក់វ៉ាក់សាំង​រួចរាល់​ហើយ។ នៅ​ភាគឥ្ឍសាន​នៃរដ្ឋ​ Arunachal Pradesh ចែកជូន​អង្ករ​ដោយឥតគិត​ថ្លៃទៅ​ដល់ប្រជាជន​ដែលចាក់វ៉ាក់​សាំង​រួចរាល់​៕ ​